វៀតណាម៖ បន្ទាប់ពីជនជាតិវៀតណាមម្នាក់ បានថតវីដេអូឃ្លីបខ្លី នៅប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា អមដោយព្រះឆាយលក្ខណ៍ស្ដេចថៃ និងភ្លេងថៃ ហើយបានបង្ហោះនៅលើបណ្ដាញសង្គម បានធ្វើឲ្យមានភាពចម្រូងចម្រាស និងមានមតិរិះគន់យ៉ាងច្រើន កាលពីកន្លងមកនោះ ថ្មីៗនេះ មន្ត្រីនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង នៃទីក្រុងហូជីមិញ បានសហការជាមួយប៉ូលិសនៅនាយកដ្ឋានសន្តិសុខអ៊ីនធើណិត បង្ការ និងប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា នៃទីក្រុងហូជីមិញ បានកោះហៅម្ចាស់គណនី TikTok ជាជនជាតិវៀតណាមម្នាក់ ឈ្មោះ Hua Quoc Anh មកសាកសួរ និងស្រាយបំភ្លឺ ទាក់ទងនឹងឃ្លីបប្រាសាទអង្គរវត្ត ដែលបានបង្ហោះកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។
ក្នុងនោះដែរ យោងតាម ប្រភពពីសារព័ត៌មានវៀតណាម បានចុះផ្សាយថា ក្រោយពីធ្វើការសួរនាំរួច មន្ត្រីនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង នៃទីក្រុងហូជីមិញ បានចេញសេចក្តីសម្រេច ពិន័យលោក Hua Quoc Anh ចំនួន ៧,៥លានដុង (ប្រមាណ ៣០០ដុល្លារ) ពីបទបង្កើតព័ត៌មានមិនពិត បំភ្លៃ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយយោងតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនៅពេលប្រើប្រាស់អ៊ីនធើណិត និងបណ្តាញសង្គម តាមអនុក្រឹត្យលេខ១៥/២០២០ របស់រដ្ឋាភិបាលប្រទេសវៀតណាម ។ ហើយអាជ្ញាធរវៀតណាម ក៏បានអប់រំ ណែនាំលោក Hua Quoc Anh ត្រូវសិក្សាឲ្យបានហ្មត់ចត់ ហើយមិនត្រូវធ្វើឲ្យមានកំហុសស្រដៀងគ្នានេះ នាពេលក្រោយ ទៀតនោះទេ ។
កន្លងមក ម្ចាស់គណនី Tiktok រូបនេះ ត្រូវបានអ្នកនិយមលេងអ៊ីនធើណែតវៀតណាម និងខ្មែរជាច្រើននាក់ បានរិះគន់យ៉ាងខ្លាំង ដែលបានប្រមាថវប្បធម៌ និងបេតិកភណ្ឌរបស់ប្រទេសកម្ពុជា ដែលនៅក្នុងឃ្លីបដែលបានបង្ហោះកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣នោះ លោក Hua Quoc Anh បានបង្ហាញមនុស្សម្នាក់ស្លៀកពាក់ពណ៌ផ្កាឈូក កាន់ដំបង ដើរក្នុងបរិវេណប្រាសាទអង្គរវត្ត ប៉ុន្តែបានបញ្ចូលរូបភាពជាច្រើនសន្លឹក ដូចជា៖ ទង់ជាតិប្រទេសថៃ ព្រះឆាយលក្ខណ៍ព្រះមហាក្សត្រ នៃប្រទេសថៃ និងបញ្ជូលភ្លេងថៃ រួមនឹងពាក្យថា «សួស្តីប្រទេសថៃ» ដាក់ក្នុងឃ្លីបខ្លីពេល ០១ នាទី ២៥ វិនាទី ផងដែរ ។ ហើយភ្លាមៗនោះ បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានបង្ហោះលើបណ្ដាញសង្គម មានមតិជាច្រើនទាំងកម្ពុជា និងវៀតណាម បានចេញមករិះគន់ថា សកម្មភាពនេះ គឺជាទង្វើមិនគោរពវប្បធម៌ និងអធិបតេយ្យភាពជាតិរបស់ប្រទេសជិតខាង បណ្តាលឲ្យមានការបែកបាក់គ្នា រវាងប្រទេសចំនួន០៣ គឺកម្ពុជា វៀតណាម និងថៃ ៕
ប្រភព៖ kohsantepheap
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]