កម្សាន្ត៖ លោក គង់ ចំរើន តារាចម្រៀង បែបក្រមិចក្រមើម សម្ដីចាក់ទឹកមិនលិច បានលេចមុខសារជាថ្មីម្ដងទៀត ក្នុងកម្មវិធី Killer Karaoke Cambodia រដូវកាលទី៧ មកបង្កបរិយាកាសយ៉ាងសប្បាយរីករាយ ធ្វើឱ្យទស្សនិកជន សើចចុកពោះ។ ម្ចាស់បទ «ក្រមុំដេកយំមេម៉ាយដើរសើច» មកលើកនេះកាន់តែធ្ងន់ធ្ងរជាមួយវិញ្ញាសា «កៅអីឆ្លងភព» ធ្វើឱ្យរូបគេស្រែកច្រៀងលែងចេញ ហើយគិតតែពីស្រែករកម៉ែឱ្យជួយ។

លោក គង់ ចំរើន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដៃគូចម្រៀងដ៏ស័ក្ដិសមរបស់កញ្ញា ឈីន រតនៈ បានប្រាប់ថា មូលហេតុដែលខ្លួនសម្រេចចិត្តមកចូលរួមប្រកួតលើកនេះ ព្រោះចង់ដឹងថារដូវកាលទី ៧ នៃកម្មវិធីកម្សាន្តដ៏ល្បីលំដាប់ពិភពលោកនេះ មានអ្វីដែលកាន់តែព្រឺព្រួច ហើយថែមទាំងអះអាងថាមិនរាងចាលនឹងវិញ្ញាសាក្នុងកម្មវិធីនោះទេ។ មុនពេលចាប់ផ្ដើមប្រកួត គង់ ចំរើន សម្ដីចាក់ទឹកមិនលិច មិនព្រឺ មិនខ្លាចទេ តែមានឯណាគ្រាន់តែឡើងទៅលើកៅអីឆ្លងភពភ្លាមទឹកមុខចាប់ផ្ដើមប្រែប្រួលទៅហើយ។

លោក គង់ ចំរើន

ទស្សនិកជនហួសចិត្តមិននឹកស្មានថា បុរសមានសាច់ទ្រលុកទ្រលន់ គង់ ចំរើន ខ្លាចគ្រប់សព្វ ដល់ថ្នាក់រើបម្រះ ចំណងចងដៃឡើងរបូតតែម្ដង។ កាន់តែហួសចិត្តនោះគឺ គង់ ចំរើន បានតដៃជាមួយអ្នកគ្រប់គ្នាក្នុងកម្មវិធី ចាប់ពស់ ចាប់ក្រពើ គ្រវែងចេញតែម្ដង ហើយស្រែកច្រៀងស្ទើរមិនចេញ ស្លន់ស្លោស្រែករកម៉ែឱ្យជួយ។ ពេលចប់វិញ្ញាសាពិធីករសួថា រាងចាលហើយឬនៅប៉ុណ្ណឹង? គង់ ចំរើន ឆ្លើយទាំងញ័រមាត់ថា រាងហើយៗ។

លោក គង់ ចំរើន

ទាំងនេះជាអ្វីដែលកើតឡើងក្នុងកម្មវិធីកម្សាន្តបែបព្រឺព្រួច បើមិនភ័យ មិនញ័រ មិនស្លុត មិនមែន Killer Karaoke ទេ បើចូលមកដល់វេទិកានេះហើយដឹងតែបះសក់។ ជាពិសេស Killer Karaoke Cambodia​ រដូវកាលទី៧នេះ កាន់តែសាហាវជាមួយវិញ្ញាសាដ៏សំបូរបែប ធ្វើឱ្យទស្សនិកជនមើលហើយព្រឺសម្បុរខ្ញាកៗ។ Killer Karaoke Cambodia ​រដូវកាលទី ៧ មានផ្សាយទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាស និងលើទំព័រហ្វេសប៊ុកផេក Killer Karaoke Cambodia រៀងរាល់ថ្ងៃ ព្រហ.  ចាប់ពីម៉ោង ៨ យប់តទៅ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]