ភ្នំពេញ៖ តម្លៃអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ បន្តហក់ឡើងគួរឱ្យកត់សម្គាល់ គិតត្រឹមសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២៤នេះ ដែលតម្លៃកើនឡើងជាមធ្យមចន្លោះពី៥ ទៅ១០ដុល្លារអាម៉េរិកក្នុង១តោន អាស្រ័យទៅតាមប្រភេទអង្ករ ខណៈឆ្នាំ២០២៣ តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិបានកើនដល់ ២១ភាគរយ ដោយសារមានការព្រួយបារម្ភអំពីអាកាសធាតុ និងការកាត់បន្ថយការនាំចេញអង្ករ ស របស់ឥណ្ឌា ។

យោងតាមតារាងតម្លៃអង្ករ ដែលកត់ត្រាដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ មករា ឆ្នាំ២០២៤នេះថា តម្លៃអង្ករកម្ពុជានាំចេញនៅត្រឹមកំពង់ផែ គិតត្រឹមថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ គឺអង្ករម្លិះអង្ករ ឬអង្ករផ្កាម្លិះJasmine (Malys Angkor) មានតម្លៃហក់ឡើងដល់ ៩៣៥ដុល្លារអាម៉េរិកក្នុង១តោន និង អង្ករសែនក្រអូប Fragrant Rice (SKO) មានតម្លៃ ៨៤៥ដុល្លារអាម៉េរិក ក្នុង១តោន ។ អង្ករទាំងពីរប្រភេទនេះ មានតម្លៃកើនឡើងចំនួន ៥ដុល្លារអាម៉េរិក ក្នុង១តោន បើធៀបនឹងតម្លៃអង្ករលក់នៅលើទីផ្សារអន្តរជាតិ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សហព័ន្ធស្រូវអង្ករកម្ពុជាឱ្យដឹងទៀតថា អង្ករចំហុយ ឬហៅថា Parboiled Rice មានតម្លៃ ៧៩០ ដុល្លារអាម៉េរិក ក្នុង១តោន និង អង្ករ ស បាយរឹង ឬហៅថា White Rice (Hard Texture) មានតម្លៃ ៧៩០ដុល្លារអាម៉េរិក ក្នុង១តោន ដែលអង្ករទាំងពីរប្រភេទនេះ មានតម្លៃហក់ឡើងចំនួន ១០ដុល្លារអាម៉េរិក ក្នុង១តោន បើធៀបនឹងតម្លៃអង្ករលក់នៅលើទីផ្សារអន្តរជាតិ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។ ដោយឡែក អង្ករសែនក្រអូប Fragrant Rice (SRO) មានតម្លៃ ៧៩០ដុល្លារអាម៉េរិក ក្នុង១តោន និងអង្ករ ស បាយទន់ (Soft Texture) មានតម្លៃ ៧៨០ដុល្លារអាម៉េរិក ក្នុង១តោន ។ ដោយអង្ករទាំងពីរប្រភេទនេះមានតម្លៃធ្លាក់ចំនួន ១០ដុល្លារអាម៉េរិក ក្នុង១តោន បើធៀបនឹងតម្លៃអង្ករលក់នៅលើទីផ្សារអន្តរជាតិនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។

បើទោះជា តម្លៃអង្ករទាំងពីរប្រភេទនេះធ្លាក់ចុះបន្តិចនៅក្នុងខែមករា ឆ្នាំ២០២៤នេះ ប៉ុន្តែតម្លៃនេះនៅតែខ្ពស់ បើធៀបនឹងខែសីហា ឆ្នាំ២០២៣ ដែលមានតម្លៃជាមធ្យម ៧០០ដុល្លារអាម៉េរិក ក្នុង១តោនប៉ុណ្ណោះ ។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះថា ដោយសារតម្លៃអង្ករបន្តកើនឡើងជាវិជ្ជមាន បាននាំឱ្យប្រាក់ចំណូលពីការនាំចេញអង្ករនៅក្នុងឆ្នាំ២០២៣ កើនរហូតដល់ ១៣ភាគរយ ខណៈបរិមាណ នៃការនាំចេញអង្ករកើនត្រឹម ៣ភាគរយប៉ុណ្ណោះ ។

លោកមានប្រសាសន៍បន្តថា « កត្តាដែលកើនឡើង ទី១- តម្លៃវារៀងឡើងថ្លៃជាងឆ្នាំមុន បរិមាណវាកើនតិច ក៏ប៉ុន្តែតម្លៃលក់បានថ្លៃជាងឆ្នាំមុន អីចឹងបានធ្វើឱ្យឃើញកំណើនបរិមាណតិចល្មម ក៏ប៉ុន្តែកំណើនជាទឹកប្រាក់ វាច្រើនជាងមុន » ។

អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានឱ្យដឹងថា តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ បានកើនឡើងដល់ ២១ភាគរយ ក្នុងឆ្នាំ២០២៣ ពីព្រោះការព្រួយបារម្ភអំពីផលប៉ះពាល់នៃឥទ្ធិពលបាតុភូទធម្មជាតិ El Niño លើផលិតកម្មស្រូវ និងការរឹតបន្តឹងការនាំចេញអង្កររបស់ប្រទេសឥណ្ឌា ។

នៅក្នុងខែធ្នូ ឆ្នាំ២០២៣ សន្ទស្សន៍តម្លៃអង្កររបស់អង្គការ FAO បង្ហាញថា កើនឡើង ១,៦ភាគរយ លើសពីខែវិច្ឆិកា ដោយការកើនឡើងនេះបណ្តាលមកពីការសម្រុកទិញរបស់អាជីវករមួយចំនួនធំនៅតំបន់អាស៊ី ព្រមទាំងការធ្លាក់ចុះ នៃការប្រកួតប្រជែងក្នុងចំណោមអ្នកនាំចេញ ក៏ដូចជាការរឹតបន្តឹងការនាំចេញរបស់ឥណ្ឌា និងការធ្លាក់ចុះ នៃបរិមាណអង្ករនៅក្នុងប្រទេសវៀតណាម ។

កម្ពុជាបាននាំចេញអង្ករ ក្នុងបរិមាណសរុប ៦៥៦ ៣២៣តោន ដែលគិតជាទឹកប្រាក់ចំនួនជាង ៤៦៦លានដុល្លារអាម៉េរិក ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៣។ ការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៣នេះ មានកំណើនលើបរិមាណ ៣ភាគរយ និងទឹកប្រាក់មានកំណើន ១៣ភាគរយ បើធៀបនឹងឆ្នាំ២០២២ ។ នេះបើយោងតាមទិន្នន័យ ពីសហព័ន្ធស្រូវអង្ករកម្ពុជា ៕ 

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]