រាជធានីភ្នំពេញ: នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ និង ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចុះកិច្ចសហប្រតិបត្តិការជាផ្លូវការ «សម្រាប់យុទ្ធសាស្ត្ររយៈពេលវែង លើអាជីវកម្មប៊េងកាសួរេន ដើម្បីពង្រឹងការការពារសុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជន» នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនហ្វតតេ ក្នុងអគារពាណិជ្ជកម្មវឌ្ឍនៈ កាពីតាល់។ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិក នៃស្ថាប័នទាំងពីរ បានចូលរួមតាមការអញ្ជើញ ពីសំណាក់លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃ ហ្វតតេ គ្រុប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមការលើកឡើងរបស់ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃ ហ្វតតេ គ្រុប បានមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងប្តេជ្ញាបន្តការសហការ កសាងទំនាក់ទំនងដ៏រឹងមាំ និងជិតសិ្នតជាមួយ ធនាគារ ស៊ីអាយអិមប៊ី ហើយយើងមានភាពជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់លទ្ធផលគួរជាទីគាប់ចិត្តសម្រាប់ស្ថាប័នទាំងពីរ និងសហគមន៍ដែលយើងកំពុងតែប្រតិបត្តិការអាជីវកម្ម»។
ធានារ៉ាប់រងពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រោះវាជាសំណាញ់សុវត្ថិភាព មានស្ថិរភាពហិរញ្ញវត្ថុ សម្រាប់គ្រួសារ និងអាជីវកម្ម ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការផ្តល់នូវស្ថិរភាព ក៏ដូចជាការគ្រប់គ្រងហានិភ័យ។ ក្រៅពីនេះធានារ៉ាប់រងក៏បានពង្រីកនូវការវិនិយោគ នវានុវត្តន៍ និងជម្រុញឱ្យសេដ្ឋកិច្ចមានការរីកចម្រើនផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក យក់ ចំរើនឫទ្ធិ។
ថ្លែងក្នុងឱកាសនោះ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ ស៊ីអាយអិមប៊ិ បានមានប្រសាសន៍ថា៖ «ខ្ញុំមានក្តីរីករាយ ដែលធនាគារ ស៊ីអាយអិមប៊ី បានចាប់ដៃគូសហការ ជាមួយនឹងក្រុមហ៊ុន ហ្វតតេ ជាក្រុមហ៊ុនធានារ៉ាប់រង ក្នុងស្រុកឈានមុខគេមួយ ដែលបានចាក់គ្រឹះយ៉ាងរឹងមាំ ក្នុងវិស័យធានារ៉ាប់រងរបស់ប្រទេសកម្ពុជា។ ធនាគារ ស៊ីអាយអិមប៊ិ បានទទួលការអនុញ្ញាត ឲ្យអនុវត្តលើសេចក្តីប្រកាស ពីធនាគារជាតិ នៃកម្ពុជា ស្តីពីការធ្វើអាជីវកម្មប៊េងកាសូរេន តាមម៉ូឌែលណែនាំអតិថិជន ចុះថ្ងែទី៣០ ខែមីនា ឆ្នាំ២០២១ និងសេចក្តីប្រកាស ពីនិយ័តករធានារ៉ាប់រងកម្ពុជា តម្រូវឲ្យធនាគារ ស៊ីអាយអិមប៊ី ធ្វើការស្នើសុំអាជ្ញាបណ្ណអាជីវកម្មអន្តរការីធានារ៉ាប់រង ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ថ្វិដ្បិតតែ ថ្មីៗនេះ ធនាគារ ស៊ីអាយអិមប៊ី បានទទួលអាជ្ញាប័ណ្ឌ លើអាជីវកម្មប៊េងកាសួរេន ដោយសហការជាមួយនឹងក្រុមហ៊ុន ហ្វតតេ តែកិច្ចសហប្រតិបត្តិការជាដៃគូធានារ៉ាប់រង រវាងស្ថាប័នទាំងពីរនេះ បានចាប់ផ្តើមតាំងពីធនាគារ ស៊ីអាយអិមប៊ី បើកដំណើរការដំបូង ក្នុងឆ្នាំ២០១០មកម្ល៉េះ ដែលគិតមកទល់បច្ចុប្បន្ននេះ មានរយៈពេល ១៣ឆ្នាំហើយ។ ដូច្នេះការចុះកិច្ចសហប្រតិបត្តិការជាផ្លូវការនេះ គឺជាការអបអរ ព្រមទាំងលើកកម្ពស់ ដល់ភាពជាដៃគូ រវាងស្ថាប័នទាំងពីរទៅកម្រិតខ្ពស់មួយទៀត ចាប់ពីពេលនេះ រហូតដល់អនាគតទៅ»។
ជាមួយគ្នានេះ លោក ប៊ុន យីន បានបញ្ជាក់បន្ថែមផងដែរថា៖ វិស័យធនាគារ និងវិស័យធានារ៉ាប់រង មានភាពរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្កាល់ ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ។ ហើយវិស័យទាំងពីរនេះ គឺពិតជាមានសារសំខាន់ណាស់ ក្នុងសង្គមជឿនលឿន និងអភិវឌ្ឍន៍ ដូចបច្ចុប្បន្ន ដែលបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិទាំងមូល។ ដូច្នេះការចាប់ដៃគ្នាជាផ្លូវការ នាពេលនេះ នឹងជួយជំរុញភាពរីកចម្រើនបន្ថែមទៀតរបស់ស្ថាប័នទាំងពីរ និងជាពិសេសអាចផ្តល់នូវគុណប្រយោជន៍ ដល់អតិថិជនទាំងសងខាង តាមរយៈចំណុចពិសេសរបស់ស្ថាប័នទាំងពីរផងដែរ។
ទន្ទឹមនេះ លោក ប៊ុន យីន បានកោតសរសើរ ដល់ក្រុមហ៊ុន ហ្វតតេ ដែលបានចូលរួមកសាងសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា តាមរយៈវិស័យធានារ៉ាប់រង និងធ្វើឱ្យទីផ្សារធានារ៉ាប់រងបានរីកចម្រើនដល់ថ្ងៃនេះ ហើយថែមទាំងការបណ្តុះបណ្តាលនូវធនធានមនុស្ស ក្នុងវិស័យធានារ៉ាប់រង ដែលយើងបានកត់សម្គាល់បរិមាណ នៃបុគ្គលិកស្ទើរតែទាំងអស់ជាជនជាតិខ្មែរ។
តាមរយៈកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនេះ ធនាគារ ស៊ីអាយអិមប៊ី នឹងជំរុញការផ្សព្វផ្សាយ និងណែនាំផលិតផលធានារ៉ាប់រងទូទៅរបស់ក្រុមហ៊ុន ហ្វតតេ ទៅដល់អតិថិជន ដើម្បីផ្តល់នូវជម្រើសផលិតផលកាន់តែទូលំទូលាយ និងការការពារផ្នែកហិរញ្ញវត្ថុកាន់តែរឹងមាំ ស្របទៅនឹងតម្រូវការរបស់អតិថិជន។ មិនតែប៉ុណ្ណោះ កិច្ចសហការនេះក៏បានផ្តល់ឱកាស ដល់អតិថិជនរបស់ក្រុមហ៊ុន ហ្វតតេ ក្នុងការស្វែងយល់ពីសេវាកម្មធនាគារកម្រិតអាស៊ានរបស់ធនាគារ ស៊ីអាយអិមប៊ីផងដែរ។
អំពី ហ្វតតេ
ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងទូទៅ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយចក្ខុវិស័យផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង បុគ្គលម្នាក់-អាជីវកម្មមួយ ក្នុងពេលតែមួយ។
បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ1999 ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិត និងរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ ដែលផ្តល់ជូនទាំងសេវាធានារ៉ាប់រងទូទៅ និងសេវាធានារ៉ាប់រងអាយុជីិវិតនៅក្នុងប្រទេសកម្ពុជា និងធានារ៉ាប់រងទូទៅ ក្នុងប្រទេសឡាវ។ ហ្វតតេ គឺជាដៃគូ គួរជាទីពេញចិត្តមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗទៀត។
ហ្វតតេ ក៏ជាជម្រើសដ៏ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត និងជូនរង្វាន់បុគ្គលិកដែលមានស្នាដៃ និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់ៗរូបក្នុងការអភិវឌ្ឍន៍អាជីពការងារតាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅស្ថាប័ន។
ថ្មីៗនេះ ហ្វតតេ ត្រូវបានដំឡើងចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុ AA+ ពី Global Credit Rating (GCR) និងពានរង្វាន់ក្រុមហ៊ុនបរិយាប័ន្នល្អជាងគេបំផុតក្នុងប្រទេសកម្ពុជា ដោយអាស៊ាន ដែលនេះបង្ហាញឱ្យឃើញពីភាពរឹងមាំនៃហិរញ្ញវត្ថុ និងកិត្តិនាមដ៏ល្បីល្បាញនៅក្នុងតំបន់។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.forteinsurance.com
អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៣៦.០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុ បុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុ សាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។
ស៊ីអាយអិមប៊ី គ្រុប គឺជាធនាគារឈានមុខគេមួយ ដែលផ្តោតលើតំបន់អាស៊ាន និងជាដៃគូប្រឹក្សាសាជីវកម្មធំបំផុតមួយ ក្នុងតំបន់។ ស៊ីអាយអិមប៊ី គ្រុប ក៏នាំមុខគេ ក្នុងពិភពលោក លើផ្នែកហិរញ្ញវត្ថុឥស្លាមផងដែរ។
ស៊ីអាយអិមប៊ី គ្រុប មានទីស្នាក់ការកណ្តាល នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយមានផ្តល់សេវាកម្មធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម សេវាកម្មគ្រប់គ្រងទ្រព្យធន និងផលិតផល ព្រមទាំងសេវាកម្មទូទាត់ឌីជីថលផងដែរ។ ស៊ីអាយអិមប៊ី គ្រុប គឺស្ថិតក្នុងលំដាប់លេខ ៥ នៅអាស៊ីអាគ្នេយ៍ បើគិតលើទ្រព្យសកម្ម នៅចុងឆ្នាំ ២០២១ ដែលមានបុគ្គលិកជាង ៣៣.០០០នាក់ និងអតិថិជនប្រហែល ២០លាននាក់។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់
លោក ស្រេង ភារុណ
ប្រធាន ទីផ្សារ និងទំនាក់ទំនង
ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
ទូរសព្ទ៖ (+៨៥៥)៩២ ៩៥៧ ៤៥៥
អ៊ីមែល៖ [email protected]
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]