ថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០២៤ រាជធានីភ្នំពេញ៖  ធនាគារ ព្រីនស៍ បានដាក់ដំណើរការជាផ្លូវការនូវផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតគឺ គណនីសន្សំឆ្លាត។ ពិធីសម្ភោជនូវផលិតផលថ្មីនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមយ៉ាងអធិកអធមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ​ ព្រីនស៍ ដៃគូអាជីវកម្ម និងអតិថិជនជាភ្ញៀវកិត្តិយសរបស់ធនាគារ ព្រីនស៍។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារ ព្រីនស៍ ដែលមានឈ្មោះថា គណនីសន្សំឆ្លាត នឹងជួយប្រជាជនកម្ពុជាក្នុងការសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេតាមរយៈផែនការសន្សំ ខណៈដែលផ្តល់ជូនឱ្យពួកគេនូវការធានារ៉ាប់រង និងការថែទាំសុខភាពដោយឥតគិតថ្លៃ។ ធនាគារយល់ច្បាស់ពីបញ្ហាផ្នែកហិរញ្ញវត្ថុដែលប្រជាជនកម្ពុជាភាគច្រើនកំពុងប្រឈម និងបានបង្កើតគណនីសន្សំប្រកបដោយភាពច្នៃប្រឌិតនេះឡើង ដើម្បីជួយឱ្យពួកគេបង្កើតទម្លាប់សន្សំល្អ និងការធានាលើថ្លៃចំណាយព្យាបាលក្នុងករណីបន្ទាន់ ឬបញ្ហាសុខភាពផ្សេងៗ។ គណនីសន្សំឆ្លាត នេះគឺជាផលិតផលមានលក្ខណៈពិសេសមួយខុសប្លែកពីគណនីសន្សំផ្សេងទៀត ដែលអាចជួយបុគ្គលម្នាក់ៗក្នុងការសន្សំប្រាក់ ទទួលបានការប្រាក់ ព្រមទាំងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃទៀតផង។ ផលិតផលមួយនេះមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលថ្លៃថែទាំសុខភាពកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយសារសម្ពាធអតិផរណា។

រូបភាព

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា “គណនីសន្សំឆ្លាត គឺជាការផ្តល់ជូនពិសេសពីធនាគារ ព្រីនស៍ ហើយផលិតផលនេះនឹងផ្លាស់ប្តូរនូវរបៀបសន្សំប្រាក់របស់អតិថិជនរបស់យើង។ វាគឺជាគណនីសន្សំដែលបង្កើតឡើងដើម្បីជួយអតិថិជនរបស់យើងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ ហើយនឹងមានឥទ្ធិពលវិជ្ជមានដល់ជីវិតរបស់ពួកគេផងដែរ។ នៅធនាគារ ព្រីនស៍ ភាពជោគជ័យរបស់យើង គឺផ្សាភ្ជាប់ដោយផ្ទាល់ទៅនឹងភាពជោគជ័យរបស់អតិថិជនយើង។ យើងប្តេជ្ញាផ្តល់ជូនអតិថិជនគ្រប់រូបនូវផលិតផល និងសេវាកម្មល្អបំផុត ហើយគណនីសន្សំឆ្លាតនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តនេះ។”

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ 

ក្នុងអំឡុងពេលធ្វើបទបង្ហាញអំពីផលិតផលនេះ លោកស្រី ប៉េង លីយ៉ា នាយិកានាយកដ្ឋានសេវាធនាគារអាជីវកម្ម និងសេវាធនាគារអាទិភាព បានគូសបញ្ជាក់ថា “ប្រជាជនកម្ពុជាភាគច្រើន បានប្រឈមនឹងការលំបាកលើការចំណាយសម្រាប់ថែទាំសុខភាព។ ព្រឹត្ដិការណ៍មួយចំនួនដែលមិនអាចនឹកស្មានដល់បាន ដូចជាគ្រោះថ្នាក់ដោយចៃដន្យ ឬជំងឺ ដែលជាមូលហេតុធ្វើឱ្យពួកគេបរាជ័យក្នុងការសម្រេចបាននូវគោលដៅសន្សំ ដែលពួកគេបានគ្រោងទុក។ ធនាគារ ព្រីនស៍ បានស្វែងយល់ពីបញ្ហាប្រឈមទាំងនេះ ហើយបានណែនាំនូវផែនការសន្សំឆ្លាតមួយនេះ។ ផែនការនេះផ្តល់ជូននូវដំណើរសន្សំប្រាក់ជាក់លាក់ ជាមួយនឹងអត្ថប្រយោជន៍នៃការប្រាក់ខ្ពស់ ព្រមទាំងការធានារ៉ាប់រងផ្នែកសុខភាព ដោយឥតគិតថ្លៃ។ វាផ្តល់នូវការធានាដល់អតិថិជន ទាំងប្រាក់ចំណូល និងការការពារសុខភាព។ ហើយនេះក៏ជាតួនាទីដ៏សំខាន់មួយសម្រាប់ធនាគារ ព្រីនស៍ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីការគ្រប់គ្រងហិរញ្ញវត្ថុនេះដល់ប្រជាជនកម្ពុជា។​”

រូបភាព

ទន្ទឹមនឹងកម្មវិធីសម្ពោធជាផ្លូវការនៃគណនីសន្សំឆ្លាត ធនាគារ ព្រីនស៍ ក៏បានចែករំលែកព័ត៌មានពីការឧបត្ថម្ភគាំទ្រដល់អត្តពលិកជាតិកម្ពុជា កញ្ញា បូ សំណាង ដែលបានឈ្នះបេះដូងអ្នកទស្សនាក្រោយការបញ្ចប់វិញ្ញាសា 5,000 ម៉ែត្រផ្នែករត់ប្រណាំងនារី ចំពេលមានភ្លៀងធ្លាក់ខ្លាំងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍2023។ ​ធនាគារ ព្រីនស៍ បាន និងកំពុងផ្តល់ជំនួយប្រចាំខែដល់ សំណាង​ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ មកម្ល៉េះ សម្រាប់ការហ្វឹកហាត់ អាហារូបត្ថម្ភ និងការចំណាយលើការរស់នៅ។ ការឧបត្ថម្ភនេះ គឺជាផ្នែកមួយនៃគម្រោងទំនួលខុសត្រូវសង្គមរបស់ធនាគារ ព្រីនស៍ ដែលមានឈ្មោះថា “មួយពាន់លានរៀលសម្រាប់មូលនិធិកីឡា” ដែលមានគោលបំណងជួយដល់អត្តពលិកដែលមានទេពកោសល្យ និងការគាំទ្រដល់វិស័យកីឡា។

រូបភាព

កីឡាការិនី បូ​​ សំណាង ក៏បានចែករំលែកនូវរឿងរ៉ាវជីវិតពិតរបស់នាង អំពីការលំបាក និងឧបសគ្គដែលគ្រួសារនាងជួបប្រទះ ដោយសារកង្វះផែនការសន្សំច្បាស់លាស់ និងការមិនយកចិត្តទុកដាក់ពីសារៈសំខាន់នៃការធានារ៉ាប់រង។ រឿងរ៉ាវរបស់សំណាង គឺជាមេរៀនដ៏មានតម្លៃមួយសម្រាប់មនុស្សគ្រប់គ្នា ក្នុងការយល់ដឹងអំពីសារៈសំខាន់នៃការសន្សំ និងការការពារពីហេតុការណ៍ដែលអាចកើតមានឡើង ដោយមិនអាចព្យាករទុកជាមុន។

គណនីសន្សំឆ្លាត គឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នកដែលចង់ទទួលបានការការពារក្នុងពេលមានអាសន្ន។ សម្រាប់លោកអ្នកដែលមានគណនីសន្សំឆ្លាត លោកអ្នកអាចមានសន្តិភាពផ្លូវចិត្ត និងរំសាយការព្រួយបារម្ភ ដោយដឹងថា អ្នកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ហេតុការណ៍ចៃដន្យ។​ បើកគណនីសន្សំឆ្លាត របស់អ្នកនៅថ្ងៃនេះ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ និងកញ្ចប់ធានារ៉ាប់រងសុខភាពឥតគិតថ្លៃ! សូមទៅកាន់សាខាដែលនៅជិតលោកអ្នកបំផុត ឬទូរសព្ទទៅលេខ 1800 20 8888 (ឥតគិតថ្លៃ) ឥឡូវនេះ ដើម្បីប្រឹក្សា និងចុះឈ្មោះបើកគណនីសន្សំឆ្លាត ជាមួយបុគ្គលិកជំនាញរបស់ធនាគារ        ព្រីនស៍។

វីដេអូ

អំពីធនាគារ ព្រីនស៍

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខ ធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងធ្វើការយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម ដែលជាវិស័យគន្លឹះនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្នធនាគារ ព្រីនស៍ ម.ក មានសាខាចំនួន 36 និងម៉ាស៊ីនដកប្រាក់ស័្វយប្រវត្តិចំនួន 83ទីតាំង នៅទូទាំងប្រទេស៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]