ព្រះសីហនុ៖ នាវាទេសចរណ៍បរទេសខ្នាតយក្យមួយគ្រឿង មានឈ្មោះ Wester dam បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២ ០០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ បន្ទាប់ពីអាក់ខានចូលចតក្រោយពីវបត្តិកូវីដ-១៩រួចមក ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចូលចតជាលើកទី២ ក្រោយពីវបត្តិកូវីដ-១៩ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤នេះ នាវាទេសចរណ៍បរទេសមួយគ្រឿង មានឈ្មោះ Wester dam មានសញ្ជាតិ Netherland មានបណ្តោយ ២៨៥,២២ម៉ែត្រ ទទឹង ៣២,២៥ម៉ែត្រ ជម្រៅទឹក ៨.ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ២១យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។

រូបភាព

ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវា Westerdam មានចំនួន ១ ៨៧៣នាក់ ស្រីចំនួន ៩៨៦នាក់ មាន៤៣សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៧៦នាក់ ស្រី ១២៨នាក់ មាន៣៧សញ្ជាតិ ។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍ Wester dam ភាគច្រើនជាមនុស្សដែលមានវ័យចំណាស់ ។ ក្នុងចំណោមភ្ញៀវទេសចរ ដែលមានសញ្ជាតិច្រើនជាងគេ មានដូចជា អាម៉េរិកចំនួន ៨៧០នាក់, កាណាដាចំនួន ២៨៨នាក់, អង់គ្លេស ១៩១នាក់ ក្រៅពីនោះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ផ្សេងទៀត ។ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា Westerdam មានភ្ញៀវទេសចរចូលក្នុងប្រទេសកម្ពុជា ចេញទៅខេត្តសៀមរាប មានចំនួន ៥៩នាក់ ស្រី ២៨នាក់ ស្មើនឹង ៤សញ្ជាតិ ។

រូបភាព

ភ្ញៀវទេសចរបានធ្វើដំណើរទស្សនកិច្ច នៅតាមទីប្រជុំជននានាក្នុងក្រុងព្រះសីហនុ មានដូចជា ទីប្រជុំជនផ្សារលើ, តំបន់រមណីយដ្ឋានវប្បធម៌ក្នុងខេត្ត មានដូចជា វត្តឥន្ទញ្ញាណ, វត្តជោតញ្ញាណ, តំបន់នេសាទទំនប់រលក (ភូមិ៣), និងតាមតំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ដោយមានការការពារសន្តិសុខ សុវត្ថិភាព និងមានការសម្របសម្រួលពីអាជ្ញាធរក្រុង ខេត្ត និងកងកម្លាំងប្រដាប់អាវុធប្រកប ដោយសុវត្ថិភាព ។

រូបភាព

សូមរម្លឹកថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣កន្លងមក នាវាទេសចរណ៍ Wester dam បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្តងរួមមកហើយ ដែលមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២ ០០០នាក់ ៕

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]