ស្នេហា៖ មុននឹងសម្រេចចិត្តរៀបការ ទាំងមនុស្សប្រុស និងមនុស្សស្រីជាគូស្នេហ៍ ឬអនាគតគូស្វាមីភរិយា ត្រូវតែចាប់ផ្ដើមស្វែងយល់ពីគ្នានឹងគ្នា ដើម្បីប្រាកដចិត្តថាអនាគតទៅគឺអាចរស់នៅយ៉ាងចុះសម្រុងជាមួយគ្នា។

យ៉ាងណាមិញ ការរៀបអាពាហ៍ពិពាហ៍គឺមានន័យថា អ្នកត្រូវប្រើប្រាស់ជីវិតគូរហូតដល់ចាស់ ដូច្នេះហើយមុននឹងឈានដល់ការរស់នៅចុះសម្រុងគ្នា ឬអាចចាត់ចែងដំណើរជីវិតបាន គឺទាំងអ្នកនិងស្វាមីត្រូវតែចេះជំនាញអស់ទាំងនេះ៖
១. អាចនៅម្នាក់ឯងបាន
ការអាចនៅម្នាក់ឯងបាន ចាត់ទុកជាជំនាញមួយដែរដែលអ្នកត្រូវហ្វឹកហាត់និងដុសខាត់ខ្លួនឯង ព្រោះអ្នកត្រូវដឹងថា ស្វាមីឬភរិយារបស់អ្នក មិនអាចនៅជាមួយអ្នករហូតទេ គឺគេមានការងារត្រូវចាត់ចែង។ វាល្អណាស់ដែលអ្នកអាចធ្វើឲ្យខ្លួនឯងសប្បាយចិត្ត ដោយការនៅជាមួយខ្លួនឯង មិនចាំបាច់ពឹងពាក់អ្នកដទៃ។
២. ស្វែងយល់ថាការប្រច័ណ្ឌច្រើនអាចនាំឲ្យបែកបាក់ជីវិតគូ
គ្មានស្រីណាឬប្រុសណានៅលើលោក ដែលមិនចេះប្រច័ណ្ឌហួងហែងមនុស្សដែលខ្លួនស្រលាញ់នោះទេ ប៉ុន្តែការប្រច័ណ្ឌត្រូវតែសមស្រប មានពេលវេលា មានកាលៈទេសៈ មានហេតុផល មិនមែនប្រច័ណ្ឌទាំងងងឹតងងុលទេ ដូច្នេះអ្នកត្រូវដុសខាត់ចិត្តខ្លួនឯងឲ្យធ្ងន់ កុំព្យាយាមគ្រប់គ្រងជីវិតគេ ព្រោះបើអ្នកធ្វើបែបនោះគឺអ្នកនៅជាមួយគេមិនបានយូរទេ។

៣. រៀនគ្រប់គ្រងហិរញ្ញវត្ថុ
មិនមែនត្រឹមតែពេលមុនរៀបការទេ ការពិតទៅអ្នកគួរតែចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក តាំងពីអ្នកឈានចូលយុវវ័យម៉្លេះ។ ការចេះគ្រប់គ្រងហិរញ្ញវត្ថុ ដូចជាការចេះសន្សំប្រាក់ ចេះបែងចែកប្រាក់ ចេះគ្រប់គ្រងប្រាក់គឺពិតជាសំខាន់ខ្លាំង ដើម្បីកសាងអនាគតជាមួយដៃគូអ្នក។
៤. គ្រប់គ្រងភាពតប់ប្រមល់
ការរស់នៅជាមួយគ្នាគឺតែងតែមានបញ្ហាមិនចេះចប់មិនចេះហើយ ឬភាពរកាំរកូស ដូច្នេះអ្នកនឹងត្រូវប្រឈមជាមួយភាពតប់ប្រមល់ញឹកញាប់ អ៊ីចឹងហើយត្រូវរៀនយកចិត្តទុកដាក់ពីសុខភាពផ្លូវចិត្តរបស់ខ្លួនឯង ត្រូវចេះគ្រប់គ្រងនិងបំបាត់ភាពតប់ប្រមល់ មិនឲ្យវាប៉ះពាល់ដល់ទំនាក់ទំនង។
៥. ចេះគ្រប់គ្រងពេលវេលា
គ្មានអ្នកណាអាចបង្វិលពេលវេលាថយក្រោយបានទេ អ៊ីចឹងហើយពេលវេលាពិតជាមានតម្លៃណាស់ ក្នុងមួយថ្ងៃមានតែ២៤ម៉ោងទេ ដែលអ្នកត្រូវចេះបែងចែកថាត្រូវធ្វើអ្វីខ្លះ សម្រាប់គូស្នេហ៍ និងសម្រាប់ខ្លួនឯង។ អ្នកក៏ត្រូវចេះរំលែកពេលវេលា ដើម្បីទៅណាមកណាជាមួយគ្នាឲ្យបានញឹកញាប់ដើម្បីពង្រឹងទំនាក់ទំនង។

៦. កុំភ្លេចគោលដៅរបស់ខ្លួន
មុននឹងរៀបការ ត្រូវសួរខ្លួនឯងសិនថា អ្នកនៅតែមានគោលដៅច្បាស់លាស់មែនទេ? គោលដៅឬសុបិនរបស់អ្នកពិតជាសំខាន់ណាស់ អ៊ីចឹងហើយអ្នកមិនអាចបោះបង់ឬភ្លេចពីវាបានទេ។ អ្នកត្រូវតែបន្តដើរតាមក្ដីស្រមៃរបស់អ្នក ទោះបីជាអ្នករៀបការក៏ដោយ។
៧. ស្គាល់ពីខ្លួនឯងឲ្យច្បាស់
អ្នកត្រូវស្គាល់ពីខ្លួនឯងឲ្យបានច្បាស់ មុននឹងរៀបការជាមួយដៃគូ ដឹងថាខ្លួនឯងត្រូវការអ្វី មានគោលដៅបែបណា ចង់បានបុរសឬនារីរបៀបណាជាគូជីវិត។
៨. ដោះលែងអតីតកាល
មនុស្សម្នាក់ៗសុទ្ធតែមានអតីតកាលរៀងខ្លួន មិនថាការចងចាំឈឺចាប់ ប្រវត្តិខកស្នេហ៍ ឬប្រវត្តិធ្លាប់បរាជ័យលើរឿងអ្វីមួយ ដូច្នេះអ្នកមិនត្រូវឲ្យការចងចាំឬអតីតកាលអស់ទាំងនេះ មកប៉ះពាល់ទំនាក់ទំនងបច្ចុប្បន្នរបស់អ្នកនោះទេ គឺសូមបោះវាចោលឲ្យអស់មុននឹងចាប់ដៃគូស្នេហ៍ដើរលើវិថីអាពាហ៍ពិពាហ៍។

៩. ពង្រឹងផ្នែកទំនាក់ទំនង
មិនមែនអ្នកនិងគូស្នេហ៍ សុទ្ធតែយល់ពីគ្នារហូតទេ ពេលខ្លះគឺត្រូវការការបើកចិត្តនិយាយគ្នា ដូច្នេះអ្នកត្រូវពង្រឹងទំនាក់ទំនង ចំណាយពេលស្គាល់គ្នា ជជែកគ្នាឲ្យបានច្រើន ដើម្បីស្វែងយល់ថាអ្នកនិងដៃគូចង់បានអ្វីនៅពេលរៀបការរួច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]