ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីជនសង្ស័យចំនួន​ ២នាក់​ ជនជាតិចិនតៃវ៉ាន់ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ​ នៅខេត្តព្រះសីហនុ ។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វេីការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន​ ២នាក់​ នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយ រហូតដល់ជាង៥លាននាក់ ។ វីដេអូដែលពួកគេផលិតនោះ មានដូចជា ការរត់គេចពីការតាមចាប់ខ្លួន​ ធ្វេីទារុណកម្ម, វីដេអូខ្មោចលង​ និងវីដេអូផ្សេងៗទៀត​ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ។ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដ​ ក៏ដូចជាមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ ។ ដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងទេ​ ដោយជនសង្ស័យធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង​ ២នាក់​ខាងលេី​ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខខ្មោច,​ កាំភ្លើងជ័រ,​ សំលៀកបំពាក់ទាហានប៉ារ៉ា, ទូរស័ព្ទដៃ​,​ សម្ភារឧបករណ៍ផលិតVideo Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួទៀត ។ បច្ចុប្បន្នជនសង្ស័យទាំង​២នាក់​ខាងលេី​ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន​ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ​ ចាត់ការតាមនីតិវិធីច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]