(ភ្នំពេញ) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤៖  ក្រុម​​​ហ៊ុនលក់​​​គ្រឿងសំណង់ និងសម្ភារៈតុបតែងគេហដ្ឋាន​អន្តរជាតិ​ឈាន​មុខគេ​​ ​គ្លូប៊ល ហៅស៍ ខេមបូឌា (Global House Cambodia) ​​ដែល​​មាន​ទំនិញ​​ដ៏សម្បូរ​បែប​រហូត​ដល់​ទៅ​រាប់​លាន​មុខបាន​​សម្ពោធ​សាខាទី២ របស់​ខ្លួន​នៅ​ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង ​ដែលជា​​ខេត្ត​ជង្រុក​ស្រូវ​​​​ដ៏ធំ​បំផុត​​មួយ​របស់​កម្ពុជា កាលពី​ថ្ងៃសៅរ៍ ទី១៧ ខែ​កុម្ភៈ ​កន្លង​​ទៅ​​ក្នុងគោលបំណងផ្តល់នូវជម្រើសផលិតផលកាន់តែច្រើន ភាពងាយស្រួល និងបទ​ពិសោធន៍​ដ៏អស្ចារ្យទៅកាន់អតិថិជន​ បន្ទាប់ពី​ទទួល​បានសន្ទុះនៃការ​គាំទ្រ​​យ៉ាង​ខ្លាំង​ក្លា និង​​ឈរ​ជើង​យ៉ាង​រឹង​មាំ​នៅ​ទីផ្សា​រកម្ពុជា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​សាខាទី២ នៃ​ក្រុម​ហ៊ុន ​គ្លូប៊ល ហៅស៍ ខេមបូឌា ​​នេះ​​មាន​ការ​​អញ្ជើញ​ចូលរួមពី ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តមអ្នកឧកញ៉ា លីយ៉ុង ផាត់ ដែលជាម្ចាស់​ភាគហ៊ុនដ៏សំខាន់​​នៃក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា លោក អភិសិដ្ឋ រុជិកៀតកាំចន (Apisit Rujikeatkamjorn) ប្រធាន​អគ្គនាយកក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា ​និង​​សមាជិក​ក្រុមប្រឹក្សា​ភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុម​ហ៊ុន​នេះ ដៃគូសហការ និង​ភ្ញៀវកិត្តិយសជាច្រើនទៀត​ផង​ដែរ។ 

នៅ​ក្នុង​កម្ម​វិធី​សម្ពោធសាខា​ទី២ ​នេះ​ក៏​មាន​​​ការសម្តែង​របាំជូនពរ ​និង​ការចាក់​បញ្ចាំងវីដេអូខ្លីស្ដីអំពី គ្លូប៊ល ហៅស៍ ខេមបូឌា ផង​ដែរ។ 

រូបភាព

ឯកឧត្តមអ្នកឧកញ៉ា លីយ៉ុង ផាត់ បាន​ថ្លែង​ក្នុងពិធី​​នេះ​​​​​ថា “ដើម្បីរក្សាអតិថិជនរបស់ខ្លួន ក្រុមហ៊ុន គ្លូប៊ល ហៅស៍  ខេមបូឌា  មាន​គោលការណ៍ប្រកាន់ខ្ជាប់នូវប្រតិបត្តិការ​អាជីវកម្មប្រកបដោយនិរន្តរភាពដើម្បី​បម្រើផលប្រយោជន៍ប្រជាជនកម្ពុជា។ គោលការណ៍នេះបានធ្វើឱ្យអតិថិជន​មានទំនុកចិត្តខ្ពស់លើ​គុណភាពទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុនដែលជាកត្តាកំណត់ជោគជ័យនៃអាជីវកម្ម។ ជោគជ័យរបស់​ក្រុមហ៊ុនគឺជាជោគជ័យរបស់អតិថិជន ក៏ដូចជាជោគជ័យ​របស់រាជរដ្ឋាភិបាលនៅក្នុងវិស័យ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជោគជ័យនេះក៏មិនអាចកាត់ផ្តាច់បានឡើយពីការគាំទ្រយ៉ាងពេញទំហឹង​ពីរាជរដ្ឋាភិបាល​ និងកត្តាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះ និង​ជាអំណោយផលយ៉ាងល្អបំផុត​ដល់ការវិនិយោគ។ ក្នុងន័យនេះ ក្រុមហ៊ុន LYP Group  ​តែង​ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល​ក្នុងការ​បោះទុនវិនិយោគ​ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ​ ក៏ដូចជាការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។ វត្តមានរបស់ គ្លូប៊ល ហៅស៍  ខេមបូឌា  សាខាទី២ក្នុងខេត្តបាត់ដំបង នេះគឺជាឧទាហរណ៍ស្រាប់”។

ទន្ទឹម​នឹង​នេះ​ដែរ លោក អភិសិដ្ឋ រុជិកៀតកាំចន (Apisit Rujikeatkamjorn) ប្រធាន​អគ្គនាយកក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា ក៏​បាន​ថ្លែង​ក្នុងពិធី​នេះ​ដែរ​​​ថា “គ្លូប៊ល ហៅស៍ (Global House) គឺជាក្រុ​មហ៊ុនថៃ ដំបូង​គេបង្អស់ដែលនាំយកគំនិតច្នៃប្រឌិតប្រព័ន្ធពាណិជ្ជកម្មទំនើបបែប (Modern Trade) មក​ប្រើប្រាស់ជាមួយហាងផ្គត់ផ្គង់គ្រឿងសំណង់បែបពីមុន ដោយផ្លាស់ប្តូរមកជាឃ្លាំងលក់ទំនិញ ឬ ហៅ​បានថា​​ Warehouse Store ដែលមានផ្គត់ផ្គង់ទំនិញគ្រឿងសំណង់ ស៊ីម៉ងត៍ ក្បឿងដំបូល ដែកសរសៃ ដែកទីប សម្ភារៈបន្ទប់ទឹក ការ៉ូ អំពូលភ្លើង ឧបករណ៍អគ្គិសនី សម្ភារៈអគ្គិសនី ទុយោ ម៉ាស៊ីនបូមទឹក ទ្វារបង្អួច និង ឧបករណ៍ជាង ​រួមទាំងផលិតផលតុបតែងគេហដ្ឋានដែលមានទំនិញ​រាប់​លានមុខ​នៅក្នុងកន្លែងតែមួយ ដើម្បីសម្រួលដល់ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសទំនិញ”។ 

រូបភាព

លោក​​បាន​បន្ថែម​​ទៀត​ថា “លើសពីនេះ ក្រុមហ៊ុន គ្លូប៊ល ហៅស៍  ខេមបូឌាសាខាខេត្តបាត់ដំបង បាននាំយក​ប្រព័ន្ធ Automated Storage and Retrieval System ឬ អាចហៅបានថាជាប្រព័ន្ធ ASRS មកប្រើប្រាស់ ដែលជាប្រព័ន្ធ​​រៀបចំឃ្លាំងស្តុកទំនិញដោយស្វ័យប្រវត្តិ ដោយគ្រប់គ្រងដោយ​ប្រព័ន្ធ Computer គ្រប់បែបយ៉ាង ដែលឧបករណ៍នេះចាត់ចែងរៀបចំទំនិញបានយ៉ាងលឿន ឆាប់រហ័ស ច្បាស់លាស់។ ចំណុចពិសេសនៃប្រព័ន្ធ ASRS គឺការផ្ទុកទំនិញបែបជាជួរបញ្ឈរ ជួយក្នុងការចាត់ចែងទីធ្លាសម្រាប់ស្តុក​ទុកទំនិញក្នុងឃ្លាំង និងកាត់បន្ថយពេលវេលាធ្វើការ ថែមទាំងអាចចែកចាយទំនិញដល់អតិថិជនបានលឿនជាងមុន”។

រូបភាព

លោក​បាន​បញ្ជាក់​​​​ថា ក្រុមហ៊ុន គ្លូប៊ល ហៅស៍  (ខេមបូឌា) ខូ អិលធីឌី (Global House (Cambodia) Co., LTD) បានតម្កល់ប្រាក់​ដើមទុនដើម្បីចុះបញ្ជីចំនួនជាទឹកប្រាក់ 20 លានដុល្លារអាមេរិក ដែលមានក្រុមហ៊ុន សាយ៉ាម  គ្លូប៊ល ហៅស៍  ចំកាត់ (SIAM GLOBAL HOUSE) ភាគីខាងថៃ ជាអ្នកកាន់​កាប់​ភាគ​ហ៊ុនចំនួន 55% និងភាគីកម្ពុជា ដែល​មានក្រុម​ហ៊ុន​របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកកាន់​កាប់​ភាគហ៊ុនចំនួន 45%។

គ្លូប៊ល ហៅស៍  (Global House) បានទទួលការជឿទុកចិត្តពីអតិថិជនទូទាំងប្រទេសថៃ អស់រយៈពេលជាង 26 ឆ្នាំ និងបើកបានដំណើរការជាង 84 សាខា។ 

សូមបញ្ជាក់​​ថា ​ក្រុម​​​ហ៊ុន ​គ្លូប៊ល ហៅស៍ ខេមបូឌា បាន​​ឈាន​​ជើង​ចូល​ទីផ្សារ​កម្ពុជា ដំបូង​​​តាមរយៈ​ការ​បើក​សម្ពោធ​​​សាខា​ទី១ ​របស់​​ខ្លួន​​នៅ​រាជធានី​ភ្នំពេញ អំឡុង​ឆ្នាំ​២០១៨ ពោល​គឺ​៦ឆ្នាំមុន​នេះ​៕ 

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]