ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហោះសារលើបណ្ដាញសង្គម របាយការណ៍ ស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ ការកំណត់អត្តអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ដោយការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានឱ្យដឹងថា៖
១. បច្ចុប្បន្ន មានជនជាតិដើមភាគតិចព័រសរុបចំនួន ១៦៥គ្រួសារ ស្មើនឹង ៥៥៦នាក់ ស្រី ៣៤០នាក់ កំពុងរស់នៅក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ដែលមានចាស់ស្រុកឈ្មោះ (តាខ្វាយ) ជាអ្នកគ្រប់គ្រងសហគមន៍តាមបែបប្រពៃណី និងមេភូមិជាអ្នកគ្រប់គ្រងភូមិតាមបែបរដ្ឋបាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
២. វប្បធម៏ប្រពៃណីជនជាតិដើមភាគតិចព័រ
២.១ អំពីភាសា និងអក្សរ - ប្រើប្រាស់ភាសាព័រសម្រាប់ប្រាស្រ័យទាក់ទងក្នុងសហគមន៍ ឧ. ១ = ភាសាព័រគេហៅ (មួយ) ២ = ភាសាព័រគេហៅ ប៉ាល (រ៍), ៣ = ភាសាព័រកេហៅ ផៃ...។ ឧ. កប់សព (ទិប្ថខ្មូច) ព្រៃអារក្ស (ព្រីអារក្ខ) ភ្នំរៃ (នូងរៃ) ដីសែនព្រេន (ព្រីស៊ូចអារក្ស) អូរ (អណ្ឌាង) ស្ទឹងធំ (គ្រូងឃិន) ហូបបាយ (ហូបឡង់) ទៅផ្ទះ (ជូតង់) ទៅចំការ (ជូម៉ាល)......
- ប្រើប្រាស់ភាសា និងអក្សរខ្មែរ សម្រាប់ប្រាស្រ័យទាក់ទងក្រៅសហគមន៍ និងជាផ្លូវការ។
- គ្មានគំនូសអក្សរទេ
* ការសាងសង់រោងប្រជុំភូមិ
- មានរោងប្រជុំភូមិ នៅកណ្តាលភូមិ

* ការធ្វើពិធីសែនព្រេន៖
- មួយឆ្នាំឡើងអ្នកតា៤ដងគឺ៖ ១ ខែកក្តិក រាំលើកដងគោម, ខែមាឃ រាំមាឃ, ខែបុស្ស សែនកាប់ចំការ, និងខែពិសាខ សែនដាំស្រូវ។
- ការសែនភូមិគឺធ្វើឡើងដោយចាស់ទុំភូមិ មេភូមិ និងសមាជិកភូមិ - ចូលឆ្នាំជនជាតិដើមភាគតិចព័រ នៅថ្ងៃ ពេញបូណ៌មី ខែចែត្រ ឡើង រាប់បាតលើខ្នងភ្នំរៃ។
- ការសែនចំការមាន ២ដងក្នុង ១ ឆ្នាំៗ
- នៅពេលមានឧបទ្ទវហេតុកើតឡើងនៅក្នុងសហគមន៍ គឺមេអារក្ស (តាខ្វាយ) បញ្ចូលរូប បូលបាណាក មើលរកមូលហេតុដើម្បីធ្វើពិធីសែន ព្រេនតាមទីកន្លែងដែលមេអារក្សកំណត់។

* អំពីសិល្បៈ
- មានឧបករណ៍ភ្លេង (មានស្គរធំ តូច ស្គរទូងផ្លូយ និង ប៉ីអ)
- មានបទចម្រៀង (បទគ្រឹងទូង សម្រាប់ច្រៀងឲ្យអារក្សចូល គឺអារក្ស ឈ្មោះតាក្រសា យាយម៉ៅ និងយាយរ៉ា)
* ការរៀបអាពាហ៍ពិពាហ៍:
- ខាងកូនកំលោះចូលដណ្តឹងខាងកូនក្រមុំ មុននឹងរៀបអាពាហ៍ពិពាហ៍ ខាងកូនប្រុស និងកូនស្រីត្រូវរកមេអណ្ដើករៀងៗខ្លួន ដើម្បីសួរយោបល់ ឪពុក ម្តាយទាំងសងខាង ។
- នៅពេលរៀបការរួចកូនប្រុសទៅរស់នៅគ្រួសារខាងស្រី២ទៅ៣ឆ្នាំ គេរៀបចំតាមប្រពៃណីជនជាតិដើមភាគតិចព័រ
- រៀបការមានរយៈពេល ២ថ្ងៃ
- បើមានផ្ទៃពោះហើយមិនព្រមរៀបការគឺត្រូវផាក(ពិន័យ) ជា សំពត់ស ៥ហត្ថ លុយ ១២០០រៀល ស្រូវ ១កញ្ជើ មាន់១ ស្រា ១បែន ជម១ ស្លាធម៌១គួរ សុំខមាទោស ពីតាខ្វាយ យាយម៉ៅ យកមកសែនភូមិ ដើម្បីជម្រះឧបទ្រពចង្រៃទាំងឡាយ។

*ការរៀបចំបុណ្យខ្មោច
- ពិធីបុណ្យខ្មោចគឺធ្វើឡើងមានរយៈពេលពី ២-៣ថ្ងៃ
- ការធ្វើបុណ្យសពសមាជិកសហគមន៍ទាំងមូល និងអ្នកភូមិជិតខាងចូលរួម កំដរ និងជួយឧបត្ថម្ភជា មាន់ ជ្រូក អង្គរ លុយ ទៀន ធូប ។
- តាមប្រពៃណីពួកគាត់មិនបូជាសាកសពទេ គឺយកទៅកប់នៅប្រៃកប់សព លើកលែងតែ ម្ចាស់ស្រុក(តាខ្វាយ) ពេលស្លាប់គេធ្វើពិធីបូជា ដូចខ្មែរ ភូមិភាគកណ្តាលដែរ។
*អំពីតំណមៈ
+ ការតម រួមភូមិមានដូចជាៈ
- តមមិនឲ្យយកខ្មោចតៃហោងចូលភូមិដាច់ខាត
- តមហែខ្មោចកាត់ក្នុងភូមិ ត្រូវហែវាងឲ្យឆ្ងាយពីភូមិ
- បើមានផ្ទៃពោះហើយមិនព្រមរៀបការតឺត្រូវផាក(ពិន័យ) ជា សំពត់ស ៥ហត្ថ លុយ ១២០០រៀល ស្រូវ ១កញ្ចើ មាន់១ ស្រា ១បែន ជម១ ស្លាធម៌១គួរ ដើម្បីយកមកសែនភូមិដើម្បីជម្រះ ឧបទ្រពចង្រៃផ្សេងៗ ។
- តមមិនឲ្យធ្វើស្រែ និងចំការលើដីព្រៃអារក្ស និងព្រៃកប់សព- តាខ្វាយតមមិនឲ្យចូលរួមបុណ្យសព អ្នកស្លាប់ក្នុងភូមិ ។ ពេលងូតទឹកគ្រប់ពេល មិនឲ្យគេមើលឃើញ ។ មិនឲ្យរស់នៅផ្ទះល្អ នៅបានផ្ទះខ្ទមដំបូលស្បូវ ឬស្លឹក ។
+ការតមតាមគ្រូមន្តអាគមមានដូចជាៈ
- គ្រូស្តោះពីកំណើត មិនហូបសត្វពស់ អន្សង ខ្លែង និងស្វា- អារក្សតាមផ្ទះ តមមិនហូប ក្តាម សត្វស្វា ពស់ អន្សង និងខ្លែង
• អំពីតាខ្វាយជំនាន់ទី៥លោក លៀង ឆឺត មានអាយុ ៨៣ឆ្នាំ ជាតាខ្វាយជំនាន់ទី៥ (ឆ្នាំ១៩៩០ ដល់បច្ចុប្បន្ន) នៃសហគមន៍ជនជាតិដើមភាគតិច ព័រ នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ លោក ជាបុគ្គលត្រូវបានជ្រើសរើសជា មេកន្រ្ទាញ/ក្រាក់ស្រុក តែសម្រាប់ជនជាតិដើមភាគតិចព័រ គេហៅថា តាខ្វាយ ឪខ្វាយ ឬម្ចាស់ស្រុក។
លោកមានតួនាទីសំខាន់ណាស់នៅក្នុងសហគមន៍ ជាបង្គោលដឹកនាំការសែនព្រេន និងជាបុគ្គលដែលអ្នកភូមិគោរព និងមានទំនាក់ទំនងទៅនឹងព្រលឹង វិញ្ញាណដូនតា ដែលអាចអោយអ្នកភូមិសុំសេចក្តីសុខ ចៀសផុតពីគ្រោះចង្រៃ សុំការណែនាំ និងលាបំណន់ពីការធ្វើខុសប្រពៃណី។
បំរាមចំពោះតាខ្វាយ គឺហាមនិយាយកុហក ហាមផឹកស្រា ហាមសម្លាប់សត្វ ងូតទឹកមិនអោយអ្នកដទៃឃើញ និងមិនអោយចាកចេញពីភូមិលើសពី២ថ្ងៃ និងតមអាហារ ដូចជាសាច់គោ ទឹកដោះគោ ផ្លែទឹកដោះគោ។ តាខ្វាយ តម្រូវអោយទុកសក់វែង និងស្លៀកក្បិនជារៀងរាល់ថ្ងៃ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]