ភ្នំពេញ - ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជថ្មីមួយនៅកម្ពុជា ប្រសូតឡើងពីការរួមបញ្ចូលគ្នារវាងធនាគារ គូកមីន កម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2024 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការធ្វើជាដៃគូហិរញ្ញវត្ថុពេញមួយជីវិតរបស់គ្រប់អតិថិជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត ជា សិរី បានអបអរសាទរចំពោះការរួមបញ្ចូលគ្នារវាងគ្រឹះស្ថានទាំងពីរ បង្កើតជាធនាគារពាណិជ្ជថ្មីមួយដ៏ធំ ដោយមានប្រសាសន៍សង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមបញ្ចូលគ្នា ដែលនឹងជួយពង្រឹងស្ថិរភាពនិងភាពធន់របស់គ្រឹះស្ថាន តាមរយៈការកើនឡើងនូវទ្រព្យសកម្មនិងប្រាក់បញ្ញើ ការបង្កើនលទ្ធភាពទទួលបានប្រភពហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងចម្រុះជាងមុន ការកាត់បន្ថយចំណាយ ការពង្រីកទីផ្សារ និងពិពិធកម្មផលិតផលនិងសេវាកាន់តែសម្បូរបែបសម្រាប់អតិថិជន ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលការណ៍នេះនឹងគាំទ្រដល់កំណើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។
លោកជំទាវ បណ្ឌិត ក៏បានលើកទឹកចិត្តដល់ ធនាគារ ខេប៊ីប្រាសាក់ 1).បន្តនូវស្មារតីរួមចំណែកគាំទ្រ និងអភិវឌ្ឍសហគមន៍ ព្រមទាំងបន្តជំរុញបរិយាបន្នហិរញ្ញវត្ថុបន្ថែមទៀត ជាពិសេសការធ្វើនវានុវត្ដន៍សេវាហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យម 2).បន្តយកចិត្តទុកដាក់លើកិច្ចការពារអតិថិជន និងតម្លាភាពក្នុងការផ្ដល់សេវាហិរញ្ញវត្ថុ ក៏ដូចជាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងសង្គម 3).ផ្ដល់ជូនអតិថិជននូវកម្ចីជាមួយអត្រាសមរម្យ និង 4).ជំរុញការទទួលបានហិរញ្ញប្បទានរបស់ស្ត្រី និងឥណទានបៃតង ស្របតាមតម្រូវការរបស់អតិថិជន។
ថ្លែងក្នុងពិធីនេះ លោក Yang Jong Hee ប្រធាននាយកប្រតិបត្តិ KB Financial Group Inc. បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រទេសកូរ៉េ និងកម្ពុជា ក្នុងភាពជាដៃគូសេដ្ឋកិច្ច ក្នុងរយៈកាលជាង 25 ឆ្នាំមកនេះ ដែលសម្រេចបានផ្លែផ្កាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅឆ្នាំ 2022 ការកើនឡើងនៃការវិនិយោគ ឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងការពង្រឹងធនធានមនុស្សតាមរយៈការទទួលនិស្សិតឱ្យទៅធ្វើការ និងសិក្សានៅប្រទេសកូរ៉េ។
លោកបានបន្ថែមថា ស្របតាមយុទ្ធសាស្ត្រពង្រីកទីផ្សារនៅក្រៅប្រទេស និងដោយមើលឃើញពីសក្ដានុពលនៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា, KB Financial Group បានឈានជើងចូលទីផ្សារកម្ពុជាដោយបានបង្កើត ធនាគារ គូកមីន កម្ពុជា (Kookmin Bank Cambodia) ក្នុងឆ្នាំ 2009 និងធនាគារឯកទេស ខេប៊ី ដេហាន (KDSB) នៅឆ្នាំ 2018 បន្ទាប់មកនៅឆ្នាំ 2021 KB Financial Group ក៏បានទទួល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាសមាជិកថ្មីរបស់ខ្លួន។ ហើយនៅក្នុងខែសីហា ឆ្នាំ 2023 ធនាគារ គូកមីន កម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានរួមបញ្ចូលគ្នាជាធនាគារពាណិជ្ជក្រោមឈ្មោះថ្មីថា «ធនាគារ ខេប៊ីប្រាសាក់ ម.ក» ដែលនាំឱ្យមានពិធីសម្ពោធជាផ្លូវការនៅថ្ងៃនេះ។
លោក Yang បានបន្តទៀតថា KB Financial Group, ជាបណ្តុំក្រុមហ៊ុនហិរញ្ញវត្ថុលំដាប់លេខមួយនៅប្រទេសកូរ៉េ ចំណែកឯ ធនាគារ គូកមីន ក៏ជាធនាគារពាណិជ្ជធំជាងគេនៅកូរ៉េដែរ, គឺជាក្រុមហ៊ុនមេរបស់ ធនាគារ ខេប៊ីប្រាសាក់ ដែលនឹងនាំយកនូវបទពិសោធន៍ធនាគារ បច្ចេកវិទ្យាព័ត៌មាន សមត្ថភាពផ្នែកឌីជីថល និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា តាមរយៈធនាគាររួមបញ្ចូលគ្នានេះ។
ធនាគារ ខេប៊ីប្រាសាក់ មិនត្រឹមតែផ្តល់សេវាធនាគារប៉ុណ្ណោះទេ តែក៏ជួយដល់រាល់ការផ្តល់ការប្រឹក្សា និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជនផងដែរ។ លោក Yang បានបន្ថែមថា៖ «អតិថិជនរបស់យើង គឺតែងតែជាអាទិភាពទីមួយ ហើយ ធនាគារ ខេប៊ីប្រាសាក់ នឹងផ្តល់ជូនសេវាហិញ្ញវត្ថុដ៏ប្រសើរដែលសមស្រប និងត្រូវតាមដំណើរជីវិតរបស់អតិថិជន និងប្រាថ្នាក្លាយជាដៃគូហិរញ្ញវត្ថុដែលជាទីទុកចិត្តពេញមួយជីវិតរបស់អតិថិជន»។
ជាមួយគ្នានេះដែរ លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះដំណើរឆ្ពោះទៅមុខនេះ ដោយមានប្រសាសន៍ថា៖ «យើងខ្ញុំមានសេចក្តីរំភើបយ៉ាងក្រៃលែង ដោយបានរួមបញ្ចូលគ្នាតែមួយ ជា ធនាគារ ខេប៊ីប្រាសាក់ ដែលជួយឱ្យយើងនឹងកាន់តែរឹងមាំដើម្បីបន្តបំពេញនូវបេសកកម្មពោរពេញដោយអត្ថន័យក្នុងការជំរុញលើកកម្ពស់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ យើងនឹងមានលទ្ធភាពកាន់តែច្រើនជាងមុនក្នុងការផ្ដល់ជូនសេវាប្រកបដោយភាពច្នៃប្រឌិត ជូនអតិថិជនគ្រប់ជំនាន់ តាមរយៈការរួមបញ្ចូលនូវបទពិសោធន៍ ជំនាញបច្ចេកទេស និងប្រភពធនធាននានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនជាឯកត្តជន ជាក្រុមហ៊ុន និងជាសហគ្រាសធុនតូចនិងមធ្យម»។
លោកបន្តថា ធនាគារ ខេប៊ីប្រាសាក់ បានប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តយុទ្ធសាស្ត្រស្នូលរបស់ខ្លួន ដោយផ្ដោតជាសំខាន់លើអតិថិជន ដើម្បីប្រាកដថារាល់ការសម្រេចចិត្តរបស់យើង គឺត្រូវតែចាត់ទុកផលប្រយោជន៍អតិថិជនជាធំ។ ធនាគារ ខេប៊ីប្រាសាក់ នឹងក្លាយទៅជាធនាគារសម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ដោយរាប់ចាប់ពីអាជីវកម្មខ្នាតតូចនៅតាមតំបន់ជនបទ រហូតដល់សហគ្រាសធំៗលំដាប់អន្តរជាតិ។ យើងក៏តាំងចិត្តយ៉ាងមុតមាំក្នុងផ្ដល់ជូននូវសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយសម្រាប់អតិថិជនគ្រប់ជំនាន់។
ជាចុងក្រោយ លោក អ៊ុំ សមអឿន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ធនាគារជាតិនៃកម្ពុជា ក្រសួងពាណិជ្ជកម្ម និយ័តករពាក់ព័ន្ធ អាជ្ញាធរដែនដី ចំពោះការផ្តល់ឱវាទ និងជាពិសេសអរគុណដល់អតិថិជនដែលតែងតែគាំទ្រ និងជ្រើសរើសយក ធនាគារ ខេប៊ីប្រាសាក់ ជាដៃគូហិរញ្ញវត្ថុពេញមួយជីវិត។
អំពីធនាគារ ខេប៊ីប្រាសាក់
ធនាគារ ខេប៊ីប្រាសាក់ ម.ក មានអាជ្ញាបណ្ណពី ធនាគារជាតិនៃកម្ពុជា និងទទួលបានការអនុម័តពី ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការធនាគារជាផ្លូវការនៅខែសីហា ឆ្នាំ 2023 និងជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ។ ការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងបទពិសោធជិត 30 ឆ្នាំរបស់ប្រាសាក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងនវានុវត្តន៍ហិរញ្ញវត្ថុលំដាប់ពិភពលោករបស់ធនាគារ Kookmin Bank ក្នុងវិស័យធនាគារ ធ្វើឱ្យ ខេប៊ីប្រាសាក់ អាចផ្តល់នូវសេវានិងផលិតផលធនាគារប្រកបដោយនវានុវត្តន៍កាន់តែទូលំទូលាយជូនដល់អតិថិជននៅក្នុងទីផ្សារធនាគារកម្ពុជា។
ធនាគារ ខេប៊ីប្រាសាក់ មានទ្រព្យសកម្មសរុបចំនួន 5.7 ប៊ីលានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំចំនួន 3.1 ប៊ីលានដុល្លារអាមេរិក សម្ពៀតឥណទានសរុបចំនួន 5.0 ប៊ីលានដុល្លារអាមរិក ការិយាល័យសាខាចំនួន 192 និងបុគ្គលិកជាង 10,000 នាក់ គិតត្រឹមដំណាច់ឆ្នាំ 2023 ។ ធនាគារ បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញកំណើនសេដ្ឋកិច្ច និងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ជូនដល់គ្រប់អតិថិជន។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]