ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលទិវង្គតនៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧៖៤០នាទី។ ព្រះរាជពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជ មហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព ប្រារព្ធធ្វើឡើងនៅវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយក៏នឹងមានការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធពីគណៈសង្ឃ ព្រះថេរានុត្ថេរៈ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ ទៅតាមប្រពៃណី ពុទ្ធសាសនាខ្មែរ។

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសបាននូវការ កកស្ទះចរាចរក្នុងព្រះរាជពិធីបុណ្យខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន នូវយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងទីតាំងប្រារព្ធព្រះរាជពិធីបុណ្យ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ តាមតម្រាយផ្លូវដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

– បង្វែរទិសចរាចរកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០) កែងតីរវិថី ព្រះស៊ីសុវត្ថិ រហូតដល់វិថីឧកញ៉ាឈុន (ផ្លូវលេខ២៤០) កែងតីរវិថីព្រះស៊ីសុវត្ថិ

– បង្វែរទិសចរាចរកំណាត់មហាវិថីសម្តេចសុធារស ចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងមហាវិថីសម្តេចសុធារស រហូតដល់ផ្លូវលេខ១៧៨ កែងមហាវិថីសម្តេចសុធារស

– បង្វែរទិសចរាចរកំណាត់វិថីតេជោដំឌិន (ផ្លូវលេខ១៥៤) ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ កែងវិថីតេជោដំឌិន រហូតដល់ផ្លូវលេខ១៣ កែងវិថីតេជោដំឌិន

– បង្វែរទិសចរាចរកំណាត់ផ្លូវលេខ១៣ ចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងផ្លូវលេខ១៣ រហូតដល់ផ្លូវលេខ១៧៨ កែងផ្លូវលេខ១៣។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និង់បញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីបុណ្យខាងលើ ដោយក្ដីអនុគ្រោះ។ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ ៕

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]