កែប៖ ដោយសារស្ថានភាពអាកាសធាតុក្តៅហែងក្នុងរដូវប្រាំង បានបណ្តាលឱ្យស្រះ, ត្រពាំង, អូរ, ប្រឡាយ, បឹងបួ រីងស្ងួត ហួតហែង ពិសេសទឹកក្នុងអាងមេទំនប់ភ្នំវល្លិ៍ ក្នុងស្រុកដំណាក់ចង្អើរ មានស្ថានភាពស្រកខ្លាំង ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើអំឡុងពេលថ្មីៗនេះ រដ្ឋបាលខេត្តកែប បានចេញសេចក្តីជូនដំណឹងមួយ ដោយតម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត នៅស្រុកដំណាក់ចង្អើរ ត្រូវផ្អាកការទាញយកទឹកពីក្នុងអាងមេទំនប់ភ្នំវល្លិ៍បណ្តោះអាសន្ន ដោយតម្រូវឱ្យក្រុមហ៊ុនទឹកស្អាត ត្រូវស្វែងរកប្រភពទឹកផ្សេងមកជំនួស ចាប់ពីពេលនេះតទៅ ។

តបតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែបនោះ ក្រុមហ៊ុនទឹកស្អាតនៅស្រុកដំណាក់ចង្អើរ បានសម្រេចកាត់ផ្តាច់ការទាញយកប្រភពទឹកពីអាងទំនប់ភ្នំវល្លិ៍ ចាប់ពីពេលនេះផងដែរ ។ ប៉ុន្តែក្រុមហ៊ុនទឹកស្អាត ក៏ពុំទាន់រកបានប្រភពទឹកថ្មីមកជំនួស សម្រាប់ផ្តល់សេវាប្រើប្រាស់ដល់អតិថិជនរបស់ខ្លួនបាននៅឡើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ភាគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប បានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ថា ក្រុមហ៊ុនទឹកស្អាតនេះ បាននិងកំពុងផ្តល់សេវាទឹកស្អាតដល់អតិថិជនចំនួន ៥១២គ្រួសារ ស្មើនឹង១០ភាគរយ នៃគ្រួរសារសរុបក្នុងភូមិចំនួន៩/១១ភូមិ នៃស្រុកដំណាក់ចង្អើរ ។ ចំពោះការមិនទាន់រកបានប្រភពទឹកថ្មីនេះ បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ ដែលប្រើប្រាស់សេវាទឹកស្អាតជាង ៥០០គ្រួសារ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ។

លោកបន្តថា ក្នុងនាមមន្ទីរជំនាញ លោកបានណែនាំដល់ក្រុមហ៊ុនរបស់ លោកស្រី វង្ស សោភ័ណ ធ្វើការសម្របសម្រួលជាមួយនឹងរដ្ឋបាលស្រុកដំណាក់ចង្អើរ និងជូនដំណឹងដល់អតិថិជន អំពីការផ្អាកផ្តល់សេវាទឹកស្អាតនេះ ដោយជីកស្រះ ឬអណ្តូង សម្រាប់ស្តុកទឹកត្រៀមបម្រុង ពិសេសអាចរៀបចំឯកសារថ្មីជាមួយនឹងស្ថាប័នរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ សម្រាប់រកប្រភពទឹកថ្មីដែលគ្រប់គ្រងដោយអ្នកផ្សេងដែលមានស្រាប់ នៅតំបន់នេះ ។

ទាក់ទិននឹងបញ្ហាប្រឈមកង្វះទឹកស្អាតខាងលើ លោក ឃី នាង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប បានបញ្ជាក់ដែរថា ថ្វីត្បិតអាងទំនប់ទឹកទូទាំងខេត្ត មានការស្រកចុះលឿនយ៉ាងណាក៏ដោយ ប៉ុន្តែពុំមានផលប៉ះពាល់ដល់ដំណាំ របស់បងប្អូនកសិករនោះទេ ។ ព្រោះនៅតំបន់ភូមិសាស្ត្រខ្លះក៏មានប្រភពទឹកអាចស្រោចស្រពដល់ដំណាំរបស់ប្រជាពលរដ្ឋ បានគ្រប់គ្រាន់ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]