(ត្បូងឃ្មុំ) : រដ្ឋបាលខេត្តត្បូងឃ្មុំ បានសាងសង់រូបសំណាក់ហ្លូងព្រះស្តេចកន គង់លើខ្នងសេះ នៅក្នុងសតវត្ស ទី១៤ និងទី ១៥ អំឡុងឆ្នាំ ១៤៨៣ ដល់ ឆ្នាំ១៥២៥ ធ្វើអំពីស្ពាន់សុទ្ធ មានទម្ងន់ជិត១០តោន។ នឹងសាងសង់រួចរាល់ នៅដើមខែមេសា ឆ្នាំ២០២៤ មុនពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ ។

រូបសំណាកហ្លួងព្រះស្ដេចកននេះ មានកម្ពស់ពីដីដល់កំពូលលើ ១៣,៣៥ម៉ែត្រ និងរូបសំណាកសេះ មានកម្ពស់ ១១ម៉ែត្រ បើគិតពីកម្ពស់សេះផ្នែកជើងក្រោយ ដល់គ្រាប់ព្រួញមានកម្ពស់ជាង ៨ម៉ែត្រ បើគិតប្រវែងសេះពីកន្ទុយរហូតក្បាលមានប្រវែងជិត ១២ម៉ែត្រ ។ ធ្វើពីស្ពាន់ចាក់គ្រឹះបេតុងក្រោម នៅចំកណ្តាលរង្វង់មូលហ្លួងព្រះស្តេចកន ដែលមានអង្កត់ផ្ចិត ៣៦ម៉ែត្រ និងមានផ្ទៃក្រឡា ១,០១៧ម៉ែត្រការ៉េ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បន្ថែមទៀតថា រូបសំណាក់ហ្លួងព្រះស្តេចកន យាងជិះសេះ ប្រដាប់ដោយធ្នូ មានគ្រាប់ចំនួន ៣គ្រាប់ ប្រថាប់លើខ្នងសេះបែរព្រះភ័ក្ត្រទៅទិសខាងលិច ក្នុងយុទ្ធសាស្ត្រស្ទាត់ជំនាញខាងប្រើធ្នូ បញ្ជាគ្រាប់ព្រួញបំផ្លាញសត្រូវ ដើម្បីការពារប្រជានុរាស្ត្រ នៃនគរសុវណ្ណភូមិរបស់ទ្រង់ ។

រូបសំណាក់ស្តេចកន គង់លើខ្នងសេះ គឺស្ថិតលើរង្វង់មូលផ្លូវជាតិលេខ៧ ត្រង់ផ្លូវបត់ចូលទៅកាន់បុរីរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ដែលជាខេត្តកូនពៅ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមជម្រាបជូនថា រូបសំណាកហ្លួងព្រះស្តេចកន ត្រូវបានផ្តួចផ្តើមកសាងឡើងពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីទុកជាប្រវត្តិសាស្ត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងប្រជាពលរដ្ឋទូទាំងប្រទេស បានយល់ដឹងពីប្រវត្តសាស្រ្ត នឹងចូលរួមអភិរក្ស ថែរក្សា បន្តដល់កូនចៅជំនាន់ក្រោយៗផងដែរ ។

រង្វង់មូល(ហ្លួងព្រះស្ដេចកន) នេះ ចំពោះថវិកាសាងសង់ គឺរដ្ឋបាលខេត្តជាអ្នកចំណាយផ្ទាល់ ហើយនេះក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត លើសមិទ្ធផលជាច្រើនទៀត នៅតំបន់រដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំ រួមមាន ដូចជា : បុរីរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ទីរពេទ្យ សាលារៀន សួនច្បារសាធារណៈ ទន្លេសិប្បនិម្មិតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត បង្គោលភ្លើងបំភ្លឺសាធារណៈ ដាំកូនឈើ ដាំផ្កាលម្អសោភ័ណភាព ។ល។ សុទ្ធសឹងត្រូវបានស្ថាបនារួច ក៏ដូចជាកំពុងស្ថាបនាសាងសង់ និងរៀបចំជាបន្តបន្ទាប់ផងដែរ៕

ប្រភព៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]