ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ទៅកាន់សធារណជនថា បច្ចុប្បន្ននេះ មានបុគ្គលមួយ ចំនួនគ្មានជំនាញ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលបាននិងកំពុងផលិត និងផ្សព្វផ្សាយលក់ឡេលាយ គ្មានបទដ្ឋានបច្ចេកទេស តាមបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, Tik Tok, Telegram យ៉ាងអនាធិបតេយ្យ។ ក្រសួងសុខាភិបាលសូមជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជាក៏ដូចជាប្រទេសសមាជិកអាស៊ានទាំងអស់មាន កាតព្វកិច្ចអនុវត្តតាមមគ្គុទេសក៍គ្រឿងសម្អាងអាស៊ាន (ASEAN Cosmetic Directive) ក្នុងការចុះប្រវេទន៍ ផលិតផលគ្រឿងសម្អាង ដែលតម្រូវឱ្យផលិតផលគ្រឿងសម្អាងទាំងអស់ផលិតឡើងដោយមានរូបមន្តច្បាស់លាស់ និង ត្រូវធ្វើតេស្តបញ្ជាក់ការប្រើប្រាស់លើស្បែក ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ មុននឹងដាក់ លក់នៅលើទីផ្សារ។

បន្ថែមពីនេះ រូបមន្តផលិតផលគ្រឿងសម្អាងមិនត្រូវដាក់សារធាតុគីមីហាមឃាត់ ដូចជាបារត (Mercury) អ៊ីដ្រូគីណូន (Hydroquinone) ឱសថអង់ទីប៊ីយ៉ូទិក ដូចជា Chloramphenicol, Lincomycin… ឱសថ ប្រឆាំងនឹងមេរោគផ្សិត ដូចជា Ketoconazole, Clotrimazole… ឱសថប្រឆាំងនឹងការរលាក ដូចជា Aspirin, Dexamethasone, Betamethasone… ហើយសារធាតុគីមីមួយចំនួនទៀត ត្រូវប្រើប្រាស់មានកម្រិតកំណត់ ដូចជា Tranexamic Acid, អាល់កុល មេតាណុល…។​ផលប៉ះពាល់នៃការប្រើប្រាស់ឡេលាយគ្មានបទដ្ឋានបច្ចេកទេសមានជាអាទិ៍ មហារីកស្បែក ជំងឺសើស្បែក ឡើងស្នាមប្រេះលើស្បែក អាឡែស៊ីស្បែក ភាពស៊ាំនឹងឱសថអង់ទីប៊ីយ៉ូទិក និងមេរោគផ្សិត។ល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់ អ្នកប្រើប្រាស់ទៀតនោះ សូមសាធារណជនទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ឡេលាយគ្មានបទដ្ឋានបច្ចេកទេស ព្រោះផលិតផលទាំងនោះពុំអាចធានាបាននូវគុណភាព សុវត្ថិភាព និងអនាម័យ ស្របតាមបទដ្ឋានបច្ចេកទេសឡើយ។

ក្រសួងសុខាភិបាលនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលណាដែលផលិត ចែកចាយ លក់ ឬផ្សព្វផ្សាយ ឡេលាយគ្មានបទដ្ឋានបច្ចេកទេស ដែលបណ្តាលឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ក្នុងរយៈពេលចំពោះមុខ និងអនាគត ៕

ប្រភព៖ ក្រសួងសុខាភិបាល

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]