ក្រចេះ៖ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា ក្រុម​ការងារ​ស្រាវ​ជ្រាវ​នៃ​រដ្ឋបាលជលផល និង​អង្គការ WWF បាន​ប្រទះ​ឃើញ​កូនផ្សោតកើតថ្មី​ចំនួន​២​ក្បាល ដែល​១​ក្បាល ប្រទះ​ឃើញ​នៅ​ខេត្ត​ស្ទឹងត្រែង និង​១​ក្បាល​ទៀត​នៅ​ខេត្ត​ក្រចេះ​។

នៅ​ខេត្ត​ស្ទឹងត្រែង ផ្សោត​ទើបនឹងកើតថ្មីមួយក្បាល​ ត្រូវ​ប្រទះ​ឃើញ​នាវេលាម៉ោង១៣:៤៥នាទី នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅអន្លង់កាំងកូនសត្វ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោតចំនួន៦ក្បាលផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​ថ្ងៃ​តែ​មួយ​នេះ នៅ​ខេត្ត​ក្រចេះ ក្រុម​ការងារ​បានប្រទះ​ឃើញ​ផ្សោត​កើត​ថ្មី​មួយ​ក្បាល​ដែរ ប៉ុន្តែ​កូន​ផ្សោត​នេះ ប្រទះ​ឃើញ​​ពេលវា​ស្លាប់រួច​ទៅ​ហើយ នៅត្រង់​ចំណុចព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោមអន្លង់កាំពីប្រមាណ១០គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ កូនផ្សោតដែល​ស្លាប់​នេះ មានប្រវែង១,០៦ម៉ែត្រ និងទម្ងន់១១គីឡូក្រាម ដែល​ទំនង​ជា​ទើប​នឹង​កើត​បាន​អំឡុង​ពេល​ពី​១​ទៅ​២​ថ្ងៃ​ប៉ុណ្ណោះ​។

តាម​ការ​សន្និដ្ឋាន​បឋម ការ​ស្លាប់​របស់​កូន​ផ្សោត​នៅ​អន្លង់​កាំពី ខេត្ត​ក្រចេះ​នេះ អាចបណ្តាលមកការបំពានរបស់ពពួកផ្សោតធំៗ ប៉ុន្តែក្រុមការងារស្រាវជ្រាវនឹងធ្វើការវិភាគជាបន្ត ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២៤​នេះ កម្ពុជា​បាន​ទទួល​កូន​ផ្សោតកើត​​ថ្មី​ចំនួន​៥​ក្បាល និង​មាន​ផ្សោត​ស្លាប់​ចំនួន​២​ក្បាល​។

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ និងស្នើជៀសវាងប្រើឧបករណ៍ឆក់និងឧបករណ៍មងក្រឡាធំនៅតាមអន្លង់ផ្សោត រស់នៅ។

ទន្ទឹមគ្នា​នេះ ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣, ០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២៕

ប្រភព៖ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]