ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនីនៅចុងរដូវប្រាំង ដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង ដោយអាកាសធាតុក្នុងរដូវប្រាំង ឆ្នាំ២០២៤នេះ ស្ថិតក្នុងបាតុភូត អែលនីញ៉ូ (El Nino) ដែលចាប់ពីដើមខែមេសានេះ សីតុណ្ហភាពកើន កំដៅជាខ្លាំង បណ្តាលឱ្យការប្រើប្រាស់អគ្គិសនី ចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជា កើនឡើងប្រមាណជា ៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។ ដើម្បីដោះស្រាយបំពេញបង្គ្រប់តម្រូវការ ប្រើប្រាស់ថាមពលអគ្គិសនី ដែលកើនឡើងយ៉ាងគំហុកនេះ អគ្គិសនីកម្ពុជា ចាំបាច់ត្រូវផលិតអគ្គិសនី ចេញពីរោងចក្រប្រើប្រេងឥន្ធនៈ ដែលចំណាយថ្លៃដើមខ្ពស់ខ្លាំង។ ដូច្នេះ ដើម្បីជួយចូលរួមសន្សំសំចៃ កាត់បន្ថយការចំណាយ លើការប្រើប្រាស់ថាមពលអគ្គិសនី ដែលមានថ្លៃខ្ពស់ក្នុងរយៈពេលខ្លីនេះ ទុកថវិកានេះសម្រាប់បម្រើអ្វី ដែលមានប្រយោជន៍វិញ នោះអគ្គិសនីកម្ពុជាស្នើសុំអ្នកប្រើប្រាស់អគ្គិសនី ទាំងអស់ជួយចូលរួមដូចខាងក្រោម៖
១.ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ ឱ្យបានត្រូវតាមលក្ខណបច្ចេកទេស ក្នុងនោះចំពោះបរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាដើម
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២.បិទ/ផ្តាច់សម្ភារបរិក្ខារអគ្គិសនី ជាពិសេសបន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ឱ្យអស់លទ្ធភាព ក្នុងករណីមិនចាំបាច់
៣.បន្ថយការបើកទ្វារចំហជាញឹកញាប់ រយៈពេលយូរចំពោះបន្ទប់ ឬទូរទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ
៤៖ ជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ណា ដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពលអគ្គិសនីតិច។
ការជួយសន្សំសំចៃថាមពលអគ្គិសនី របស់បងប្អូនតាមវិធីខាងលើ មិនត្រឹមតែបានកាត់បន្ថយចំណាយក្នុងការ ទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផ្ទាល់ប៉ុណ្ណោះទេ គឺបានចូលរួមចំណែកជួយកាត់បន្ថយការចំណាយរបស់អគ្គិសនី កម្ពុជាក្នុងការផលិតថាមពលដែលមានថ្លៃដើមខ្ពស់ ជាពិសេសជៀសវាងបញ្ហាខ្វះប្រភពផ្គត់ផ្គង់ ក្នុងករណីម៉ាស៊ីនផលិត អគ្គិសនីខ្នាតធំណាមួយខូច ដែលអាចកើតមានឡើងជាយថា ហេតុក្នុងស្ថានភាពអាកាសធាតុក្តៅហួតហែងបែបនេះ។
អគ្គិសនីកម្ពុជា សង្ឃឹមលើស្មារតីសហការរបស់អតិថិជន និងសាធារណជនទាំងអស់ ក្នុងការចូលរួមអនុវត្ត ការសន្សំសំចៃថាមពលអគ្គិសនី និងកាត់បន្ថយកាប្រើប្រាស់អគ្គិសនី ឱ្យអស់លទ្ធភាពនៅក្នុងចុងរដូវប្រាំងនេះ។ ក្នុងករណី មានចម្ងល់ផ្សេងៗ សូមមេត្តាប្រើប្រាស់ EDC App ឬលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំនាក់ទំនងដោយផ្ទាល់នៅតាម បណ្តាសាខារបស់អគ្គិសនីកម្ពុជា ដែលស្ថិតនៅជិតទីតាំងប្រើប្រាស់៕
ប្រភព៖ អគ្គិសនីកម្ពុជា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]