ABA ដែលជាធនាគារពាណិជ្ជដ៏ធំបំផុតប្រចាំប្រទេស និងជាអ្នកផ្គត់ផ្គង់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេ ត្រូវបានប្រសិទ្ធនាមជា "ធនាគារ​ដ៏​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ប្រចាំឆ្នាំ​ 2024" ដោយទស្សនាវដ្តី Global Finance។ ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ​ ត្រូវ​បាន​ប្រគល់​ជូន​ ABA​ នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ឲ្យ​ធនាគារ​ឆ្នើម​លំដាប់​ពិភពលោក​ ប្រចាំឆ្នាំ​ លើក​ទី​ 31​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ញូ​វ​យ៉​ក​។​

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធនាគារ​ ABA​ ត្រូវ​បាន​ទស្សនាវដ្តី​នេះ​ទទួលស្គាល់​ ចំពោះ​លទ្ធផល​ប្រកបដោយ​ជោគជ័យ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ ​​ដោយបន្ដបំពេញរាល់តម្រូវការ​អតិថិជនរបស់​​ខ្លួន​។​ គណៈវិនិច្ឆ័យ​របស់​ទស្សនាវដ្តី​ Global​ Finance​ បាន​សាទរ​ ABA​ ចំពោះ​លទ្ធផល​ដ៏​ប្រសើរ​បំផុត​ ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​កន្លង​មកនេះ​ ព្រមទាំង​បាន​កត់សម្គាល់​លើ​វឌ្ឍនភាព​ថ្មីៗ​ជា​ច្រើន​។

វឌ្ឍនភាពទាំងនេះ រួមមាន ការដាក់ដំណើរការ​ ABA Mobile ជំនាន់ថ្មី 5.0 ​ដែលអាចឲ្យអតិថិជនកែប្រែអេបឲ្យមានលក្ខណៈផ្ទាល់ខ្លួន សម្រាប់ការប្រើសេវាធនាគារកាន់តែងាយស្រួល និងលេចធ្លោ។

ធនាគារ ក៏បាន​ដាក់​បញ្ចូល​សេវាកម្ម​ និង​មុខងារ​ថ្មីៗ​ជា​ច្រើន​ទៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ផង​ដែរ​ ដូច​ជា​ មុខងារទូទាត់តាមកូដ QR នៅប្រទេសថៃ និងកម្មវិធី ABA ចាយបានលុយ ដែលអតិថិជនអាចស្វែងរកការផ្ដល់ជូនពិសេសៗបានលុយវិញ ពីហាងដែលជាដៃគូជាមួយ ABA KHQR។

លើសពីនេះ ABA បានដាក់ឲ្យចូលប្រើប្រាស់សេវាធនាគារតាម  ABA Mobile ដោយមិនអស់ទិន្នន័យអ៊ីនធឺណិត សម្រាប់អតិថិជនប្រើលេខ Smart និង Metfone ដែលអនុញ្ញាតឲ្យពួកគាត់នៅតែអាចបន្ដប្រើសេវាធនាគារបានធម្មតា ទោះជាគ្មានលុយអ៊ីនធឺណិតក៏ដោយ។

នៅឆ្នាំ 2023 ABA បានពង្រីកអេកូស៊ីស្ទែមឌីជីថលរបស់ខ្លួនគួរឲ្យកត់សម្គាល់។ បច្ចុប្បន្ននេះ អាជីវករជាង 700,000 នាក់ប្រមូលការទូទាត់បែបឌីជីថល ដោយប្រើ KHQR ជើងបញ្ឈរ, ខ្សែកាត, ម៉ាស៊ីនទូទាត់ POS និងកម្មវិធី ABA Merchant ។ កម្មវិធីនេះអនុញ្ញាត​ឲ្យពាណិជ្ជករ និងអ្នកលក់ដូរនានា ប្រមូលប្រាក់ទូទាត់តាម ABA KHQR, គ្រប់គ្រងការបង្វិលសងប្រាក់ត្រលប់ ដោនឡូតរបាយការណ៍ប្រតិបត្តិការ វិភាគការលក់ដូរ ព្រមទាំងមុខងារច្រើនទៀត។

នៅក្នុងផ្នែកសាជីវកម្ម ធនាគារបានណែនាំសេវាកម្មថ្មី និងកែល្អផលិតផល/សេវាកម្មដែលមានស្រាប់។ ផ្លែតហ្វម ABA Business ត្រូវបានបើកដំណើរការឡើងវិញ ដោយផ្ដល់ជូនអ្នកប្រើប្រាស់នូវមុខងារថ្មីៗ និងផ្ទៃអន្ដរកម្មដ៏ទំនើប។ ជាមួយក្រុមហ៊ុន Caltex Cambodia ABA បា​ន​ដាក់ដំណើរការកាតប្រភេទ Fleet Card - ​ជាកាតឥណទានដែលក្រុមហ៊ុនអាចប្រើប្រាស់សម្រាប់ការគ្រប់គ្រងយានយន្ដ និងការ​គ្រប់គ្រងលើការចំណាយថ្លៃប្រេងឥន្ធនៈ។

បន្ថែម​ពី​នេះ​ ធនាគារ​ ABA​ បាន​ពង្រីក​បណ្ដាញរូបវន្ដរបស់ខ្លួននៅទូទាំងប្រទេស ដោយមានសាខាសរុប 95 និង​ទីតាំង​ស្វ័​យ​សេវា​ 24/7 ចំនួន 45 ​គិតត្រឹមដំណាច់ឆ្នាំ​ 2023​។ ម៉ាស៊ីន​ស្វ័​យ​សេវា​សរុប​នៅ​ក្នុង​ប្រព័ន្ធ​អេកូ​របស់​ធនាគារ​ កើន​ដល់​ 1,700គ្រឿង​។

នា​ឱកាស​ទទួល​ពានរង្វាន់​នេះ​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ លោក​ Askhat​ Azhikhanov​ មាន​ប្រសាសន៍​ថា​ “យើងខ្ញុំ​មាន​កិត្តិយសយ៉ាងក្រៃលែង​ ដែល​បាន​ទទួលស្គាល់ជាថ្មីម្ដងទៀតជា ​ធនាគារ​ដ៏​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ពី​ទស្សនាវដ្ដី​ Global​ Finance​​។ពាននេះ គឺជាសក្ខីភាពបញ្ជាក់ចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់យើងខ្ញុំទាំងមូល ហើយយើងប្តេជ្ញាបន្តផ្ដល់នូវសេវាធនាគារដ៏ល្អបំផុតជូនអតិថិជន”។

លោក​បាន​បន្ថែម​ថា​ “យើងខ្ញុំផ្តោតលើការផ្តល់ជូននូវដំណោះស្រាយប្រកបដោយនវានុវត្ត ដើម្បីទទួលបានកំណើនឥតឈប់ឈរ។ យើងខ្ញុំមានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់ដំណោះស្រាយសេវាធនាគារដ៏ងាយស្រួល ប្រកបដោយសុវត្ថិភាព”​។

លោក Joseph D. Giarraputo ជាស្ថាបនិក និងនិពន្ធនាយករបស់ Global Finance មានប្រសាសន៍ថា “នៅក្នុងប​រិបទដែលបន្ដផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ ពានរង្វាន់ធនាគារល្អឆ្នើមបំផុត ទទួលស្គាល់គ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់នូវសេវាកម្មទូលំទូលាយច្រើនប្រភេទ ប្រកបដោយទំនុកចិត្តយៈពេលវែង និងបច្ចេកវិទ្យានវានុវត្តន៍” ។

យោង​តាម​ទស្សនាវដ្ដី​ Global​ Finance​ ម្ចាស់​ជ័យ​លា​ភី​សម្រាប់​ពានរង្វាន់​ឆ្នាំ​នេះ​ គឺ​ប្រគល់​ជូន​ធនាគារ​ទាំងឡាយ​ណា​ ដែល​យកចិត្តទុកដាក់​យ៉ាង​ហ្មត់ចត់​ លើ​តម្រូវការ​របស់​អតិថិជន និងសម្រេច​បាន​លទ្ធផល​ឈានមុខ​គេ​ ហើយ​ថែម​ទាំង​ចាក់​គ្រឹះ​ដ៏​រឹង​មាំ​ សម្រាប់​ភាព​ជោគជ័យ​នា​ពេល​អនាគត​។​ ធនាគារ​ ដែល​ទទួល​បាន​ពានរង្វាន់​នេះ​ បាន​គ្រប់គ្រង​ទ្រព្យសកម្ម​ និង​បំណុល​របស់​ខ្លួន​ ប្រកបដោយ​ភាព​ឆ្លាត​វៃ​ ដោយ​មើលឃើញ​ និង​គិតគូ​ពី​ស្ថានភាព​នៃ​ការ​ផ្លាស់​ប្តូរ​អត្រា​ការ​ប្រាក់​យ៉ាង​ឆាប់រហ័ស​។​ សូមស្វែងរកការចេញផ្សាយសេចក្ដីប្រកាសព័ត៌មានផ្លូវការពី Global Finance ​ដែលប្រកាសអ្នកឈ្នះពាន ធនាគារឆ្នើមនៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ 2024​ទីនេះ។

អំពីធនាគារ ABA

ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម, ប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់អតិថិជន​ និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិកម្ពុជា ឆ្នាំ 2021 ​និង 2022។ ធនាគារ ត្រូវបានទទួលស្គាល់​ចំពោះ​ការ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ទំនើប​ និង​ងាយស្រួល​ ទៅ​តាម​តម្រូវការ​របស់​អតិថិជន​។​ គិត​ត្រឹម​ថ្ងៃ​ទី​ 31​ ខែធ្នូ​ ឆ្នាំ​ 2023​ ធនាគារ​មានទ្រព្យ​សកម្ម​សរុប​ជាង​ 11.5​ ពាន់​លាន​ ដុល្លារ​អា​មេ​រិ​ក​ និង​មាន​អតិថិជន​ជាង​ 3.5​ លាន​ នាក់​។

អំពី​ទស្សនាវដ្ដី​ Global​ Finance ​ ទស្សនាវដ្តី​ Global​ Finance​ បង្កើត​ឡើង​នៅ​ឆ្នាំ​ 1987​ មានការ​ចុះ​ផ្សាយ​ចំនួន​ 50,000​ ច្បាប់​ និង​មាន​អ្នក​អាន​នៅ​ 193​ ប្រទេស​។​ អ្នក​អាន​ទស្សនាវដ្តី​ Global​ Finance​ រួម​មាន​ មន្ត្រីជាន់ខ្ពស់​ផ្នែក​សាជីវកម្ម​ និង​មន្ត្រី​ហិរញ្ញវត្ថុ​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​នានា​ទាក់ទង​នឹង​ការ​វិនិយោគ​ និង​យុទ្ធសាស្ត្រ​នៅ​ក្នុង​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​។​ ទស្សនាវដ្តី​ Global​ Finance​ ជ្រើសរើស​ជា​ទៀងទាត់​នូវ​ធនាគារ​កំពូលៗ​ក្នុង​ចំណោម​ធនាគារ​ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​នានា​។​ ពានរង្វាន់​ទាំង​អស់នេះ​បាន​ក្លាយជា​បទដ្ឋាន​ឧត្តមភាព​ដែល​អាច​ទុកចិត្ត​បាន​សម្រាប់​សហគមន៍​ហិរញ្ញវត្ថុ​សកលលោក​។​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]