ជប៉ុន៖ ឯកឧត្តម គីមទី កោមលី អគ្គនាយកប្រតិបត្តិការធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកាត់ខ្សែបូរសម្ភោធដាក់បញ្ចូលប្រាក់រៀលនៅក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅព្រលានយន្តហោះអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជានិងក្រុមហ៊ុន Travelex នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។

ការដាក់ឱ្យមានការជួញដូរប្រាក់រៀលជាលើកដំបូងនៅប្រទេសជប៉ុននេះ នឹងសម្រួលទេសចរជប៉ុនដែលទៅទស្សនកិច្ចនៅប្រទេសកម្ពុជា អាចប្ដូរយកប្រាក់រៀលដោយងាយស្រួល ព្រមទាំងជួយជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាកាន់តែច្រេីនជាងមុន។ សំខាន់ជាងនេះទៀត ការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដូចជានៅទីក្រុងតូក្យូ ជាសក្ខីភាពបញ្ជាក់ថាប្រាក់រៀលអាចជួញដូរជាលក្ខណៈអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្តនិងការទទួលស្គាល់ប្រាក់រៀលកាន់តែទូលំទូលាយ ដែលនេះជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សាស្ថិរភាពប្រាក់រៀលក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលក្រុមហ៊ុន Travelex បានសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីបានដាក់បញ្ចូលនៅព្រលានយន្តហោះអន្តរជាតិ Changi ប្រទេសសិង្ហបុរី កាលពីឆ្នាំ២០២៣។ នៅពេលខាងមុខ ធនាគារជាតិនៃកម្ពុជានឹងបន្តសហការជាមួយក្រុមហ៊ុន Travelex ដើម្បីដាក់ប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាច្រើនទៀតនៅលើពិភពលោក។

ប្រភព៖ ធនាគារជាតិ នៃកម្ពុជា

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]