ចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូគិតត្រឹមក្នុងត្រីមាសទី១ក្នុងឆ្នាំ២០២៤នេះមានទឹកប្រាក់សរុបជាង១០០ ៨៣៧ ៦៨៩ដុល្លារដែលក្នុងនោះប្រាក់ចំណូលពីការនាំចេញជ័រកៅស៊ូគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន១០០ ៤៨១ ៩៩៥ដុល្លារ និងប្រាក់ចំណូលពីការនាំចេញឈើកៅស៊ូគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន៣៥៥ ៦៩៤ដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារនៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងទិសដៅ អនុវត្តបន្ត។

ប្រភពដដែលបានបញ្ជាក់ឱ្យដឹងដែរថា សម្រាប់ចំណូលការនាំចេញជ័រកៅស៊ូ និង ឈើកៅស៊ូប្រចាំខែមីនា ឆ្នាំ២០២៤កន្លងមកនេះដែរ មានចំនួនសរុប១៧ ០៧២ ២៨៦ដុល្លារដោយក្នុងនេះចំណូលពីការនាំចេញជ័រកៅស៊ូក្នុងខែមីនា ឆ្នាំ២០២៤ មានចំនួន១៦ ៩២៦ ៣០៥ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូក្នុងខែមីនា ឆ្នាំ២០២៤មានចំនួន១៤៥ ៩៨១ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ផលិតកម្មជ័រកៅស៊ូ និងឈើកៅស៊ូក្នុងនេះផលិតផលជ័រកៅស៊ូក្នុងខែមីនា ឆ្នាំ២០២៤ មានចំនួន១០ ១៣៩តោន បានថយចុះចំនួន៦ ១០៧តោនស្មើនឹង៣៨ភាគរយធៀបនឹងខែមុន និងបានថយចុះចំនួន១ ១៨៩តោន ស្មើនឹង១០ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ សម្រាប់ផលិតផលជ័រកៅស៊ូវិញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន៦៧ ៩៧៨តោន បានកើនឡើងចំនួន៣១២១តោន ស្មើនឹង៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ចំពោះ ផលិតផលឈើកៅស៊ូក្នុងខែមីនា ឆ្នាំ២០២៤ មានចំនួន៦ ១០៣មួយម៉ែត្រគូប។ ក្នុងនេះផលិតផលឈើកៅស៊ូគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ សម្រេចបានចំនួន៨ ៨៨១មួយម៉ែត្រគូប។

ប្រភពដដែលបានឱ្យដឹងបន្ថែមថាសម្រាប់តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមក្នុងខែមីនា ឆ្នាំ២០២៤ ថ្លៃ១ ៥៣០ដុល្លារ/តោន បានកើនឡើងចំនួន ៦៨ដុល្លារ/តោន ស្មើនឹង៤,៦៣ភាគរយ ធៀបនឹងខែមុន និងបានកើនឡើងចំនួន១២៤ដុល្លារ/តោន ស្មើនឹង៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ជាមួយគ្នានេះសម្រាប់តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ថ្លៃ១ ៤៥០ដុល្លារ/តោន បានកើនឡើងចំនួន៤១ដុល្លារ/តោន ស្មើនឹង៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថានឹងបន្តសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុនចម្ការកៅស៊ូអវិនិយោគរបស់រដ្ឋ ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចលើដំណាំកៅស៊ូ ចម្ការកៅស៊ូគ្រួសារ រោងចក្រកែច្នៃ និងស្នាក់ការប្រមូលទិញ ក្នុងការផ្សព្វផ្សាយបច្ចេកទេសកៅស៊ូ និងក៏ដូចជាប្រមូលទិន្នន័យកៅស៊ូផងដែរ។

សូមបញ្ជាក់ថា ផ្ទៃដីកៅស៊ូសរុបនៅកម្ពុជានាពេលបច្ចុប្បន្នមានចំនួន៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន៣២០ ១៨៤ហិកតា ស្មើនឹង៧៩ភាគរយ និងផ្ទៃដីថែទាំមានចំនួន៨៦ ៩៨៨ហិកតា ស្មើនឹង២១ភាគរយ។ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួន ២២៦ ៨៤០ហិកតា ស្មើនឹង៥៦ភាគរយនិងផ្ទៃដីកៅស៊ូគ្រួសារមានចំនួន១៨០ ៣៣២ហិកតា ស្មើនឹង៤៤ភាគរយ៕ 

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]