ABA បានចូលរួមវិភាគទានសប្បុរសធម៌ ១០០.០០០ ដុល្លារអាមេរិក ជូន កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៤។ ថវិកាសប្បុរសធម៌ពី ABA នេះ នឹងយកទៅប្រើប្រាស់ ដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ទូទាំង ប្រទេស។
ពិធីប្រគល់ថវិកាសប្បុរសធម៌នេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា និងជាអគ្គហិរញ្ញឹក កាកបាទក្រហមកម្ពុជា, លោក Zhiger Atchabarov នាយកប្រតិបត្តិការ ធនាគារ ABA អ្នកស្រី ធាម រមណីយ នាយិកាទំនាក់ទំនងគូភាគី - ប្រធានគ្រប់គ្រងតំបន់ និងគណៈគ្រប់គ្រងជាន់ខ្ពស់ជាច្រើនរូបទៀត នៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។
លោក Zhiger Atchabarov នាយកប្រតិបត្តិការធនាគារ ABA មានប្រសាសន៍ថា “យើងខ្ញុំមានកិត្តិយសដែលបានចូលរួមគាំទ្រកិច្ចការដ៏មានសារៈសំខាន់របស់ កាកបាទក្រហមកម្ពុជា ហើយយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការយកចិត្ដទុកដាក់របស់អង្គការមនុស្សធម៌នេះ ក្នុងការបំពេញការងារសង្គ្រោះបន្ទាន់, ទំហែទាំសុខភាពសហគមន៍ និងកម្មវិធីសុខុមាលភាពសង្គមជាច្រើនទៀត សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់”។
លោកបានបន្ថែមថា “កាកបាទក្រហមកម្ពុជា គឺជាសសរស្ដម្ភដ៏សំខាន់មួយ ក្នុងការពង្រឹងភាពធន់សហគមន៍ តាមរយៈការឆ្លើយតបទៅនឹងគ្រោះមហន្ដរាយ និងកម្មវិធីជាច្រើនទៀត ដើម្បីអប់រំសុខភាពក្នុងសហគមន៍ និងសុខុមាលភាពសង្គម សំដៅជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា។ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាពសហគមន៍ ស្របគ្នាយ៉ាងល្អឥតខ្ចោះ ជាមួយនឹងគុណតម្លៃនៃកិច្ចការទំនួលខុសត្រូវសង្គមរបស់ ABA”។
គួររំលឹកផងដែរថា កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៥ និងបានក្លាយជាអង្គការមនុស្សធម៌ដ៏ធំបំផុតនៅ កម្ពុជា។ ការប្ដេជ្ញាចិត្តរបស់ធនាគារ ABA ចំពោះកិច្ចការមនុស្សធម៌ មិនមែនទើបតែកើតឡើងថ្មីៗនេះទេ។ ជាក់ស្ដែង ធនាគារបានបន្ដគាំទ្រកាកបាទក្រហមកម្ពុជា ដោយបរិច្ចាគថវិកាជាប្រចាំចាប់តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ដើម្បីគាំទ្រកិច្ចការសង្គ្រោះពេលមានគ្រោះមហន្តរាយ ការងារសុខាភិបាល និងសេវាសុខុមាលភាពសង្គមជាដើម។
ការគាំទ្រនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ ABA ក្នុងការរួមចំណែកជាវិជ្ជមានត្រលប់ទៅកាន់សហគមន៍ ដែលខ្លួនធ្វើប្រតិបត្តិការធុរកិច្ច និងរួមចំណែកដល់ភាពធន់ និងវឌ្ឍនភាពរបស់កម្ពុជា។
អំពីធនាគារ ABA
ធនាគារ ABA ជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា គិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២១, ២០២២ និង ២០២៣ របស់ធនាគារជាតិនៃកម្ពុជា។
គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់ធនាគារ មានចំនួន ១២,១ ពាន់លានដុល្លារ ប្រាក់បញ្ញើកើនដល់ ៩,៧ ពាន់លានដុល្លារ និងកម្ចីដុលចំនួន ៨,២ ពាន់លានដុល្លារ។ ធនាគារ ABA មាន ៩៥ សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន ៤៥កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង ១.៦០០ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង ៣,៧ លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។
ដោយអនុវត្តនូវយុទ្ធសាស្រ្តអាជីវកម្មដ៏ល្អរបស់ខ្លួន និងសមត្ថភាពខ្ពស់ក្នុងការទទួលប្រាក់បញ្ញើ និងផ្តល់ប្រាក់កម្ចីជូនអតិថិជន ជាមួយនិងផលិតផលហិរញ្ញវត្ថុឌីជីថល ABA បានក្លាយជាធនាគារឈានមុខគេ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដ៏ទំនើប និងសុវត្ថិភាពបំផុត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]