មន្រ្តីនៃមន្ទីកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្នទូទាំងខេត្តបាត់ដំបង មានម៉ាស៊ីនកិនស្រូវចំនួន ៦៥៨គ្រឿង ក្នុងនោះខ្នាតធំតាមស្តង់ដារសម្រាប់ផលិតជាអង្ករ នាំចេញទៅក្រៅប្រទេសមានចំនួន ១១៤គ្រឿង ខ្នាតមធ្យមមានចំនួន ២៦១គ្រឿង និងខ្នាតតូចមាន ២៨៣គ្រឿង ហើយក្នុងនោះមានឡសម្ងួតស្រូវមានចំនួន ៩៦ គ្រឿងផងដែរ។

លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបងបានដឹងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ថា រយៈពេលប៉ុន្មានឆ្នាំមុន ម្ចាស់រោងម៉ាស៊ីនកិនស្រូវខ្នាតធំទូទាំងខេត្តបាត់ដំបងជួបបញ្ហាប្រឈមដោយខ្វះដើមទុនប្រមូលទិញស្រូវស្តុកទុក ខណៈគ្រានោះឡសម្ងួតស្រូវ ក៏នៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យសង្វាក់ផលិតកម្មដើរយឺត រហូតដល់ចុងឆ្នាំ២០២៣ រោងម៉ាស៊ីនខ្នាតធំក្នុងខេត្តទាំង១១៤គ្រឿង បានដំណើរការបានល្អប្រសើរឡើងវិញចន្លោះពី ៧០-៩០ ភាគរយនៃសង្វាក់ផលិតកម្ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលមានទីតាំងនៅស្រុកថ្មគោលខេត្តបាត់ដំបង លោក ហេង ផេង បានប្រាប់ឱ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុន មានការខ្វះខាតឃ្លាំងស្តុកនិងឡសម្ងួតស្រូវ ស្របពេលដែលកសិករសម្រុកច្រូតព្រមគ្នាធ្វើឱ្យតម្លៃស្រូវចុះថោកខ្លាំង។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាត្រូវបានដោះស្រាយដោយសារការផ្តល់ឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ ជួយគាំទ្រឱ្យបានដំណើរការល្អឡើងវិញ។

លោកបន្តថា ឃ្លាំងស្តុក និងឡសម្ងួតស្រូវលែងជាបញ្ហាទៀតហើយ ប៉ុន្តែកសិករ និងឈ្មួញកំពុងប្រឈមនាពេលបច្ចុប្បន្នគឺថ្លៃដើមផលិតកើនឡើងទៅតាមប្រេងឥន្ធនៈ និងជីកសិកម្មឡើងថ្លៃជាដើម។ ម្ចាស់រោងម៉ាស៊ី នខ្នាតស្តងដារក៏ត្រូវការទុនបន្ថែមនៅរដូវប្រមូលផលដែរ ដើម្បីប្រមូលទិញស្រូវពីកសិករមកស្តុកទុកសម្រាប់ផលិតជាអង្ករនាំចេញ។

ម្ចាស់រោងម៉ាស៊ីនកិនស្រូវរូបនេះ ក៏បង្ហាញនូវការសប្បាយចិត្ត ទៅនឹងការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការទម្លាក់កញ្ចប់ថវិកា ១០០ លានដុល្លារ សម្រាប់ត្រៀមក្នុងការជួយប្រមូលទិញកសិផលជាពិសេសស្រូវពីកសិករកន្លងមក ហើយតាមរយៈគោលនយោបាយនេះម្ចាស់រោងម៉ាស៊ីនកិនស្រូវ អាចនឹងទទួលបានទុនបន្ថែមសម្រាប់ ប្រើប្រាស់ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករសម្រាប់ស្តុក ដើម្បីកុំឱ្យស្រូវដែលបានផលិតហូរចេញទៅក្រៅប្រទេសច្រើនពេក ជាពិសេសប្រទេសជិតខាង នាំឱ្យកម្ពុជាបាត់ លទ្ធភាពនាំចេញ។

បើតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីឆ្នាំ២០២៣ ប្រទេសកម្ពុជា បាននាំចេញអង្ករជាង ៦៥ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៤៦៦ លានដុល្លារ។ កម្ពុជាក៏ បាននាំចេញស្រូវជាង ៤ លានតោនសរុបជាទឹកប្រាក់ជាង ១,៣ ពាន់លានដុល្លារ ខណៈដែលចិន និងសហភាពអឺរ៉ុប ជាទីផ្សារធំជាងគេនៃអង្ករកម្ពុជា។

ដោយឡែក ក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៤ កម្ពុជារកចំណូល ពីការនាំចេញ ស្រូវនិងអង្ករសរុបជាង ៨៧០ លានដុល្លារអាម៉េរិក ក្នុងនោះការនាំ ចេញអង្ករគ្រប់ប្រភេទបានចំនួន ២៤ ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលរកចំណូលបាន ១៧០ លានដុល្លារអាម៉េរិក និងនាំចេញស្រូវសរុបបានចំនួនជាង ២ លាន ៤ សែនតោន ដែលគិតជាទឹកប្រាក់មានចំនួនជិត ៧០០ លានដុល្លារអាម៉េរិក៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]