កូរ៉េខាងត្បូង៖ ភាពយន្តឯកសារថ្មីរបស់ BBC ដែលលាតត្រដាងវីដេអូថ្មី និងព័ត៌មានលម្អិតទាក់ទងនឹងរឿងអាស្រូវផ្លូវភេទដ៏ធំដែលទាក់ទងនឹងក្លឹប "Burning Sun" បាននាំមកនូវសក្ខីកម្មដ៏ញាក់សាច់។ ជនរងគ្រោះម្នាក់ក្នុងចំណោមនារីវ័យក្មេង ដែលជាភ្ញៀវប្រចាំនៅក្លឹប បានផុងខ្លួន ជួបប្រទះនូវទង្វើដ៏ឃោរឃៅរបស់ឧក្រិដ្ខជនម្នាក់។

ជនរងគ្រោះ ដែលមិនបញ្ចេញឈ្មោះ បានរៀបរាប់ពីរាត្រីមួយដែលបានចាប់ផ្តើម នាង និងមិត្តភ័ក្តិរបស់នាងបានកក់តុមួយនៅក្លឹបដ៏ល្បី "Burning Sun" ដែលជាគោលដៅដ៏ពេញនិយមនៅពេលនោះសម្រាប់យុវវ័យ យ៉ាងណាមិញ បន្ទាប់ពីបានផឹកអស់ពីរបីកែវ នាងចាប់ផ្ដើមមានអារម្មណ៍ស្រវឹងខុសធម្មតា។

“ថ្ងៃនេះខ្ញុំមានអារម្មណ៍ចម្លែក។ ខ្ញុំពិតជាស្រវឹងយ៉ាងលឿន។ ខ្ញុំគិតថាខ្ញុំមិនគួរផឹកទៀតទេ» នាងប្រាប់មិត្តភក្តិរបស់នាងមុនពេលត្រឡប់មកតុរបស់គេវិញ។ ក្រោយមក អ្វីដែលនាងចាំតែម៉្យាងគឺ ភ្ញាក់ឡើងនៅក្នុងបន្ទប់សណ្ឋាគារមួយជាមួយនឹងជនដៃដល់។
នាងបានរៀបរាប់ប្រាប់ថា "ភ្លាមៗនោះគាត់បានស្ទុះរត់មករកខ្ញុំ ហើយបង្ខំឱ្យដោះខោអាវចេញ។ ខ្ញុំខំស្រែក ប៉ុន្តែគេខ្ទប់មាត់ខ្ញុំជាប់ ហើយខ្ញុំក៏ព្យាយាមមិនរើបម្រាស់ដែរ ទើបខ្ញុំខំប្រឹងក្រោកឡើង ហើយគេបានអង្គុយលើខ្ញុំហើយសង្កត់ខ្ញុំចុះ។"

បើទោះបីជានាងខំប្រឹងរើម្រាស់យ៉ាងណាក៏ដោយ ខាងជនដៃដល់នៅតែមានប្រើកម្លាំងខ្លាំងទៅៗសង្កត់ពីលើនាង រហូតធ្វើឲ្យនាងឈឺពេញដងខ្លួន។ "ដោយសារខ្ញុំកំពុងតែស្រែក គាត់ខ្ទប់មាត់ខ្ញុំប្រើដៃទាំងពីរតែម្ដង គាត់បន្តរុញខ្ញុំចុះដូចជាគាត់ធ្វើ CPR ឲ្យខ្ញុំ ខ្ញុំមិនអាចដកដង្ហើមបានទេ។ មាត់ខ្ញុំឈឺខ្លាំងណាស់ ប៉ុន្តែដោយសារគាត់អង្គុយលើខ្ញុំ ឆ្អឹងជំនីររបស់ខ្ញុំក៏ឈឺដែរ។ ទោះបីជាខ្ញុំតស៊ូប៉ុណ្ណាក៏មិនបានផល។ ដូច្នេះខ្ញុំក៏សម្រេចចិត្តលះបង់។

ខ្ញុំមានអារម្មណ៍ថាដូចជាគាត់ប្រុងនឹងសម្លាប់ខ្ញុំ។ ខ្ញុំឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែគាត់មិនព្រមឈប់ ហើយគាត់បន្តព្យាយាមធ្វើសកម្មភាពរំលោភលើខ្ញុំ។ ដូច្នេះហើយខ្ញុំបានបោះបង់ចោល ហើយដេកនៅទីនោះ។"
បន្ទាប់មក នាងក៏បានរៀបរាប់ពីការចាប់ផ្តើមអង្វរជនល្មើស ឱ្យដោះលែងនាងទៅ ហើយមានអារម្មណ៍ឈឺខ្លាំង បុរសនោះបាននិយាយថា គាត់នឹងអនុញ្ញាតឱ្យនាងទៅប្រសិនបើគាត់ថតរូបនាងញញឹម។ នាងបានបន្ដទៀតថា " ខ្ញុំមានអារម្មណ៍ថាឈឺណាស់។ ខ្ញុំចាប់ធុងសម្រាមហើយក្អួត។ ខ្ញុំក្អួត ហើយ... ខ្ញុំលុតជង្គង់លើឥដ្ឋ ហើយអង្វរ។ ខ្ញុំបានអង្វរគាត់ឱ្យបញ្ជូនខ្ញុំទៅផ្ទះ។ ខ្ញុំថាខ្ញុំនឹកម៉ាក់ខ្ញុំខ្លាំងណាស់។ ខ្ញុំយំហើយអង្វរ។

គាត់ថាគាត់នឹងឲ្យខ្ញុំទៅបើខ្ញុំថតរូប។ គាត់ប្រាប់ខ្ញុំឱ្យញញឹម ប៉ុន្តែខ្ញុំមិនអាច។ ខ្ញុំចង់បិទមុខរបស់ខ្ញុំ។ ដោយសារគាត់មិនអនុញ្ញាតខ្ញុំ ខ្ញុំគ្រាន់តែធ្វើសញ្ញាសន្តិភាព។ បន្ទាប់មកខ្ញុំក៏ប្រញាប់ចេញទៅ។ ប៉ុន្តែការចងចាំរបស់ខ្ញុំអំពីរឿងនោះគឺ មានភាពស្រពិចស្រពិលណាស់។"

នៅពេលដែលនាងខំប្រឹងអស់ពីកម្លាំងចិត្តក្នុងការរាយការណ៍ពីការរំលោភទៅប៉ូលីស បុរសនោះបានបង្ហាញរូបថតដែលគាត់បានយកនាងទុកជាភស្តុតាង ដោយសំអាងថាការឆ្លើយឆ្លងរបស់ពួកគេគឺជាការព្រមព្រៀងគ្នា។ គួរឱ្យភ្ញាក់ផ្អើល រូបថតនេះគឺគ្រប់គ្រាន់ដើម្បីបង្ខូចការអះអាងរបស់នាង ហើយគាត់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសកូរ៉េដោយមិនប្រឈមមុខនឹងការចោទប្រកាន់ណាមួយឡើយ៕
ប្រភព៖ koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]