ចិន៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Seungri (ឈ្មោះពិត Lee Seung Hyun) ដែលជាអតីតសមាជិក Big Bang ធ្លាប់បានជាប់ពន្ធនាគារទាក់ទងនឹងរឿងក្ដីក្លិប Burning Sun ដែលបានដាក់ថ្នាំនិងបំពានទៅលើរាងកាយមនុស្សស្រីដែលជាភ្ញៀវ ដោយពុំមានការអនុញ្ញាត ដែលរឿងក្ដីនេះពិតជាល្បីល្បាញណាស់នៅប្រទេសកូរ៉េខាងត្បូង។
យ៉ាងណាមិញ ថ្វីត្បិតរូបគេបានចេញពីពន្ធនាគារហើយក្ដី ក៏ប៉ុន្តែ Seungri ត្រូវបានប្រជាជនកូរ៉េមានការស្អប់ខ្ពើមគេជាខ្លាំង និងគិតថាគេនាំភាពអាប់យសមកដល់ប្រទេសកូរ៉េ ដូច្នេះហើយទើបរូបគេតែងតែត្រូវបានប្រទះឃើញ ថាបានដើរទេសចរនៅបណ្ណាប្រទេសនៅអាស៊ីផ្សេងទៀត។
ថ្មីៗនេះ ក្រោយការទម្លាយវីដេអូឯកសារពាក់ព័ន្ធនឹងរឿងក្ដីក្លិប Burning Sun នេះគឺ មានម្ចាស់គណនី Weibo ម្នាក់បានចេញមុខមកចោទប្រកាន់ថាអតីតតារាប្រុសរូបនេះ បានជំពាក់លុយគេដល់ទៅជាង ២៥៨, ០០០ ដុល្លារអាមេរិក ដោយមិនព្រមអើពើនឹងសងសោះ ទោះបីជាម្ចាស់បំណុលបានទាក់ទងទៅក៏ដោយ។
ក្នុងនោះ គណនីនោះបានបង្ហោះរូបភាពកិច្ចសន្យាដែលផ្ដិតមេដៃដោយ Seungri ដោយបកប្រែមកថា៖
កិច្ចព្រមព្រៀង
១. ខ្ញុំនឹងសងប្រាក់ទៅកាន់ (ឈ្មោះម្ចាស់បំណុល) ចំនួន ៣៥០លានវ៉ុន (ប្រហែល ២៥៨,០០០ដុល្លារ)។
២. ទាក់ទងនឹងរយៈពេលត្រូវសង នឹងមានការព្រមព្រៀងជាមួយគ្នាបន្ទាប់ពីពិភាក្សាគ្នារួច។
៣. ប៉ុន្តែបើសិនជាកិច្ចព្រមព្រៀងនេះធ្លាយចេញទៅខាងក្រៅ ខ្ញុំនឹងចាត់ទុកកិច្ចសន្យានេះជាមោឃៈ។
ហត្ថលេខដោយ Lee Seung Hyun
កិច្ចសន្យានេះធ្វើឡើងកាលពីខែកញ្ញាឆ្នាំ២១៩ ពេល Seungri មិនទាន់ជាប់ឃុំ។ ក្នុងនោះម្ចាស់បំណុលបានបញ្ជាក់ថា ពួកគេអត់ឱនឲ្យ Seungri អំឡុងពេលគេជាប់ឃុំនិងចូលបំពេញកាតព្វកិច្ចយោធា ដោយសារតែទឹកចិត្ត។ ប៉ុន្តែរយៈពេលមួយឆ្នាំក្រោយចេញពីគុក អតីតតារាប្រុសរូបនេះនៅតែមិនព្រមសង និងមិនតបសាររបស់ពួកគេតាម Wechat ទាល់តែសោះ ដូច្នេះហើយទើបពួកគេសម្រេចចិត្តទម្លាយសារនេះចេញមកតែម្ដង ព្រោះដឹងថា Seungri មុខជាមិនព្រមសងទេ បើយោងតាមចរិតរបស់គេ។ យ៉ាងណាមិញ ម្ចាស់បំណុលសង្ឃឹមថា Seungri នឹងមានទំនួលខុសត្រូវហើយចេញមុខមកសងប្រាក់របស់ពួកគេ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]