កម្ពុជាបាននាំយករូបប្រាសាទអង្គរវត្តចម្លង រូបចម្លាក់ វត្ថុសិល្បៈ និងផ្កាអ័រគីដេ ដើម្បី ចូលរួមដាក់តាំងពិព័រណ៍ផ្កាអ័រគីដេនៃអង្គរវត្ត(Orchids of Angkor Wat) កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានមាត់សមុទ្រ(The Gardens by the Bay)ក្នុងប្រទេសសិង្ហបុរី។

ពិធីនេះ គេឃើញមានការចូលរួមពីសំណាក់ស្ថានទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និងឯកឧត្តម Eric Chua រដ្ឋលេខាធិការជាន់ខ្ពស់នៃក្រសួងវប្បធម៌ សហគមន៍ និងយុវជន នៃប្រទេសសិង្ហបុរី។

ស្ថានទូកម្ពុជាប្រចាំប្រទេសសិង្ហបុរី បានឱ្យដឹងថាព្រឹត្តិការណ៍នេះត្រូវបានគេ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីប្រទេសកម្ពុជា និងបង្ហាញ ប្រទេសកម្ពុជាឱ្យភ្ញៀវទេសចរអន្តរជាតិកាន់តែស្គាល់ ក៏ដូចជាជំរុញភាពរឹងមាំ នៃទំនាក់ទំនងរវាងប្រទេសប្រទេសកម្ពុជា-សិង្ហបុរី និងទំនាក់ទំនងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ។

ប្រភពដដែលនេះ បានបញ្ជាក់បន្ថែមថា ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា និងសួនកម្សាន្ត The Garden by the Bay របស់សិង្ហបុរី គឺជាកន្លែងពីរ ក្នុងចំណោមកន្លែងដែលមានអ្នកទស្សនាច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។ ប្រាសាទអង្គរវត្ត ជាប់លេខ១ ហើយ Gardens by the Bay ជាប់លេខ២។

ជាមួយគ្នានេះ គេសង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងទាក់ទាញភ្ញៀវទេសចរនៅ The Garden by the Bay ហើយក៏នឹងមានភ្ញៀវទេសចរជាច្រើនទៀត នឹងមកទស្សនា ប្រាសាទអង្គរវត្តពិតរបស់កម្ពុជា។

បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ការតាំងពិព័រណ៍នេះ សហការរៀបចំឡើងដោយស្ថានទូតខ្មែរប្រចាំប្រទេសសិង្ហបុរី និង The Garden by the Bay និងគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈសិល្បៈនៃប្រទេសកម្ពុជា ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់នៃប្រទេសកម្ពុជា ក្រសួងវប្បធម៌ សហគមន៍ និងយុវជន និងក្រសួង អភិវឌ្ឍន៍សង្គម និងគ្រួសារនៃប្រទេសអូស្ត្រាលី។ ការតាំងពិព័រណ៍នេះដែរ នឹងបន្តវត្តមាន នៅទីនេះរយៈពេល៤ខែ គឺរហូតដល់ថ្ងៃទី០៨ ខែកញ្ញា ទើបបញ្ចប់ទៅវិញ៕


ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]