ទីភ្នាក់ងារជំនួយអាមេរិក USAID បានបង្ហាញពីភាពជោគជ័យនៃជំរំសត្វទោច ចាហ៊ូ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការពង្រីកជម្រកដ៏សំខាន់ដល់សត្វទោចថ្ពាល់លឿងដែលជិតផុតពូជនៅកែវសីមា។ តំបន់ជំរំសត្វទោច ចាហ៊ូ ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។
នាឱកាសអបអរសាទរទិវាអន្តរជាតិសម្រាប់ជីវៈចម្រុះ ក្រោមប្រធានបទ «ក្លាយជាផ្នែកនៃផែនការ» នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ USAID មរតកបៃតង បានបញ្ជាក់ពីការជួយគាំទ្រដល់ក្រុមអ្នកស្រាវជ្រាវនៅជំរំសត្វទោច ចាហ៊ូ របស់អង្គការសេចក្ដីសង្ឃឹមពិភពលោកអន្តរជាតិ ឱ្យសម្រេចបាននូវការពង្រីកការគ្រប់គ្រង ដែនជម្រករបស់សត្វទោចទំហំចំនួន ៤៤៥,៥ ហិកតាបន្ថែមទៀត ក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលធ្វើឱ្យការពង្រីកតំបន់រស់នៅរបស់សត្វទោចសរុបបានរហូតដល់ ៦៩១,៣ ហិកតា រហូតមកដល់បច្ចុប្បន្ន។ USAID មរតកបៃតង និងភាគីពាក់ព័ន្ធនានា មានកិច្ចការពារទីជម្រករបស់សត្វទោចតាមរយៈអេកូទេសចរណ៍ និងគម្រោងរេដបូកនៅក្នុងតំបន់គោលដៅមួយនេះ។ គម្រោងនេះក៏មានគោលបំណងបន្តពង្រីកទីជម្រករបស់សត្វទោចឱ្យឈានដល់គោលដៅចំនួន ១០០០ ហិកតានៅចុងឆ្នាំនេះ។
ប្រភពខាងលើនេះបានបញ្ជាក់ថា ការពង្រីកនេះបានផ្តល់កន្លែងសម្រាប់បង្កើនសកម្មភាពស្រាវជ្រាវ និងការផ្សាំងសត្វទោច ក៏ដូចជាការពង្រីកវិសាលភាពនៃការឃ្លាំមើលព្រៃរបស់ចាហ៊ូផងដែរ។ សម្រាប់សកម្មភាពទាំងនេះរួមទាំងការការពារជម្រកដ៏សំខាន់របស់សត្វទោច ទល់នឹងការកាប់ឈើខុសច្បាប់ ការបរបាញ់សត្វ និងការកាប់រានព្រៃដោយផ្ទាល់។ ចំនួនសត្វទោចថ្ពាល់លឿងបានថយចុះយ៉ាងឆាប់រហ័ស ដែលភាគច្រើនបណ្តាលមកពីការបាត់បង់ទីជម្រក និងការចាប់ជួញដូរធ្វើជាសត្វចិញ្ចឹម។ នៅក្នុងតំបន់ទេសភាពវាលទំនាបខាងកើតនៃខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃកែវសីមាគឺកន្លែងដែលមានចំនួនប្រភេទសត្វជិតផុតពូជប្រភេទនេះច្រើនបំផុត។
USAID មរតកបៃតងបានបញ្ជាក់នាកន្លងមកដែរថាការពង្រីកផ្ទៃដីនេះ គឺដើម្បីអនុញ្ញាតឱ្យមានការប្រើប្រាស់ដីដូនតារបស់ជនជាតិដើមភាគតិចពូនង (ព្នង) សម្រាប់វិស័យទេសចរណ៍ និងការស្រាវជ្រាវ។កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ក៏សម្រាប់អេកូទេសចរណ៍ជំរំសត្វទោច ចាហ៊ូ ដែលជាកម្មសិទ្ធិរបស់សហគមន៍ និងការស្រាវជ្រាវអំពីសត្វទោច៕
ប្រភព៖ USAID មរតកបៃតង, ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]