លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com” ដែលមានវត្តមានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន Alibaba និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
ពិធីនេះប្រារព្ធធ្វើឡើង កាលពីព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ
សិក្ខាសាលានេះ រៀបចំឡើងដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ និងផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទាញយកប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល ឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះនៅក្នុងបញ្ចកោណទី២ ស្តីពី “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង” និង បញ្ចកោណទី៥ ស្តីពី “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល”, និងការដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥”។
សិក្ខាសាលានេះ គឺជាសកម្មភាពឆ្លុះបញ្ចាំងពីភាពជាដៃគូ និងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា និងសំដៅជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ការប្រតិបត្តិការតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ តាមរយៈថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក (eWTP) ក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រុមហ៊ុន Alibaba ក្នុងការបើកពន្លាជាតិកម្ពុជានៅក្នុងផ្សារពាណិជ្ជកម្ម Alibaba.com នៅខែកញ្ញាខាងមុខ នៅក្នុងព្រឹត្តការណ៍អម ពិព័រណ៍ចិន-អាស៊ានលើកទី២១នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងចូលរួមសហការក្នុងការផ្សព្វផ្សាយផលិតផលកម្ពុជាបន្ថែមទៀតនៅក្នុងព្រឹត្តការណ៍ពិព័រណ៍ផ្សេងៗទៀតផងដែរ។
បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម នឹងបន្តសហការជាមួយ Alibaba.com និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការពង្រីកវិសាសភាពចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងពង្រីកបណ្តាញអាជីវកម្មនៅក្រៅប្រទេសប្រកបដោយភាពជឿជាក់។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានស្នើ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចូលរួមដាក់ផលិតផលខ្មែរ និងប្រើប្រាស់ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ដោយឥតគិតថ្លៃ និងសិក្សាអំពីលទ្ធភាពក្នុងការចូលរួមជាមួយផ្សារពាណិជ្ជកម្ម Alibaba.com ដើម្បីដាក់លក់ និងជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ផ្សេងៗទៀត ដើម្បីគាំទ្រនិងជំរុញបន្ថែមនូវការប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងជំរុញកិត្តិនាមផលិតផលកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង និងទទួលស្គាល់ពីគុណភាព ស្តង់ដាររបស់ខ្លួនពីអ្នកប្រើប្រាស់អន្តរជាតិបាន។
ដើម្បីជំរុញការប្រើប្រាស់ថ្នាល Alibaba.com ក៏ដូចជាលើកកម្ពស់កិត្តិនាម និងជំរុញការនាំចេញផលិតផលខ្មែរ លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន រួមមាន៖ (១). ត្រូវរៀបចំគោលការណ៍ណែនាំ និងវីដេអូខ្លីៗ អំពីរបៀបប្រើប្រាស់ថ្លាល Alibaba.com នេះ ដើម្បីឱ្យវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានភាពងាយស្រួលយល់ និងប្រើប្រាស់ (២). ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជួយសម្របសម្រួលបន្ថែម ដើម្បីឱ្យវិស័យឯកជន និងធុរជនដែលមានផលិតផលសក្តានុពល អាចឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវ និងអាចនាំចេញបានតាមរយៈយន្តការនេះ (៣). បន្តសហការជាមួយក្រុមហ៊ុន Alibaba.com ក្នុងការតាមដាន និងវិភាគតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយបន្ថែមដល់វិស័យឯកជន និងធុរជនកម្ពុជា សម្រាប់ជាការត្រៀមខ្លួននិងគិតគូរក្នុងការផ្គត់ផ្គង់ផលិតផលដែលអតិថិជនត្រូវការនាពេលបច្ចុប្បន្ន និងអនាគត (៤). បន្តផ្សព្វផ្សាយ បណ្តុះបណ្តាល និងផ្តល់ការប្រឹក្សាផ្នែកបច្ចេកទេស សំដៅកៀរគរ និងជួយសម្របសម្រួលបន្ថែមដល់ការចូលរួមរបស់ធុរជនកម្ពុជានៅក្នុងយន្តការនេះ និង (៥). ក្រសួង-ស្ថាប័ន និងវិស័យឯកជនក្នុងស្រុក និងអន្តរជាតិ បន្តសហការឱ្យបានជិតស្និទ្ធ ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]