ក្រុមអាជីវករដែលលក់ដូរនៅតំបន់ត្រីសេះសមុទ្របាញ់ទឹក មុខសាលាខេត្តចាស់បានលើកឡើងថា ក្រោយពេលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ការលក់ដូររបស់ពួកគាត់ដាច់ជាងមុខឆ្ងាយ ហើយបានធ្វើឱ្យជីវភាពមានភាពល្អប្រសើ។ អាជីវករទាំងនោះបានថ្លែងអំណរគុណដល់អភិបាលខេត្តកំពត ដែលបានសាងសង់រូបសំណាកត្រីសេះសមុទ្រនេះឡើង ធ្វើឱ្យកំណើនភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ហើយជួយដល់ជីវភាពរបស់ពួកគាត់។

រូបសំណាកត្រីសេះសមុទ្របាញ់ទឹក បានធ្វើឱ្យកំណើនភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តកំពតមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ អន្តរជាតិ។ ទន្ទឹមនឹងនោះ រូមសំណាកត្រីសេះសមុទ្របាញ់ទឹកនេះ ក៏បានជួយលើកកម្ពសសេដ្ឋកិច្ចខេត្ត ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលលក់ដូរ និងផ្តល់សេវកម្មផ្នែកទេសចរណ៍ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ក្រុមអាជីវករដែលប្រកបរបរលក់ដូរនំចំណី និងអាហារផ្សេងៗនៅតំបន់រូបសំណាកត្រីសេះសមុទ្របាញ់ទឹកបានលើកឡើងថា ពីមុនការលក់ដូររបស់ពួកគាត់ពុំសូវដាច់ ហើយប្រាក់ចំណូលក៏បានតិចតួច តែក្រោយពេលដែលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ដែលកសាងដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ធ្វើឱ្យមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ហើយការលក់ដូររបស់ពួកគាត់ក៏លក់ដាច់ជាងមុនមួយទ្វេជាពីរ។

ក្រុមអាជីវករបានបន្តថា ក្រោយពេលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹកនេះឡើង ពួកគាត់ក៏រកចំណូលបានច្រើន រីឯម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ រីស៊ត និងកន្លែងកម្សាន្តនានាក្នុងខេត្តក៏ទទួលបានភ្ញៀវទេសចរទៅសម្រាកកម្សាន្តច្រើនផងដែរ។ ក្រុមអាជីវករក៏បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តកំពត ដែលបានធ្វើរូបសំណាកត្រីសេះសមុទ្របាញ់ទឹកនេះឡើង ធ្វើឱ្យពួកគាត់រកចំណូលបានច្រើន ជីវភាពក៏បានល្អប្រសើជាងមុនឆ្ងាយ ហើយរូបសំណាកត្រីសេះសមុទ្រនេះគឺជារូបសំណាកនាំសំណាងដល់ពួកគាត់ និងប្រជាពលរដ្ឋក្នុងខេត្តផងដែរ។

រូបភាព

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត តំបន់ដែលមានសក្តានុពលផ្នែកទេសចរណ៍នៅក្នុងខេត្តត្រូវបានយកចិត្តទុកដាក់ឱ្យមានការកែលម្អ បង្កើតកន្លែងស្នាក់នៅកន្លែងកម្សាន្តបន្ថែម ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្តឱ្យបានកាន់តែច្រើន។

លោកប្រធានមន្ទីរបានបន្តថា ក្រោយពេលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងចាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងផុតទៅក៏ដោយ តែស្ថានភាពភ្ញៀវទេសចរនៅតែមានកំណើនមិនថមថយនោះទេ គឺមានកំណើនគួរឱ្យកត់សម្គាល់ ដោយក្នុងមួយសប្តាហ៍ភ្ញៀវមកលេងកម្សាន្តក្នុងរង្វង់ ៥ម៉ឺននាក់ ហើយភ្ញៀវបានទៅលេងកម្សាន្ត និងថតរូបអនុស្សាវរីយ៍នៅទីតាំងរូបត្រីសេះសមុទ្របាញ់ទឹកប្រមាណជាង ១ម៉ឺននាក់៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]