នៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបពិភាក្សាការងារជាមួយលោក Marcos Bianchi នាយកគ្រប់គ្រងកម្មវិធីប្រគំតន្រ្តីរបស់លោក Andrea Bocelli ដើម្បីស្នើសុំការគំាទ្រលើការរៀបចំប្រគំតន្រ្តី STARS ASIA TOUR 2025-2026 នៅព្រះរាជាណាចក្រកម្ពុជា។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្ដីសោមនស្សរីករាយ និងស្វាគមន៍លោក Marcos Bianchi នាយកគ្រប់គ្រងកម្មវិធីប្រគំតន្រ្តីរបស់លោក Andrea Bocelli និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារ និងជម្រាបពីគម្រោងរៀបចំកម្មវិធីប្រគំ STARS ASIA TOUR 2025-2026 របស់សិល្បករអ៊ីតាលីដ៏ល្បីល្បាញលោក Andrea Bocelli នៅប្រទេសកម្ពុជា។​​

រូបភាព
រូបភាព

លោក Marcos Bianchi នាយកគ្រប់គ្រងកម្មវិធីប្រគំតន្រ្តីរបស់លោក Andrea Bocelli បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបពិភាក្សាការងារ ព្រមទាំងជម្រាបពីការស្នើសុំកិច្ចគាំទ្រ និងសហការដែលក្រុមហ៊ុនត្រូវការពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំកម្មវិធីប្រគំតន្រ្តី STARS ASIA TOUR 2025-2026 របស់លោក Andrea Bocelli ក្រោមប្រធានបទសន្តិភាព វប្បធម៌ និងការអប់រំ នៅព្រះរាជាណាចក្រកម្ពុជា។ លើសពីការប្រគំតន្ត្រី លោកនាយកគ្រប់គ្រងកម្មវិធី ក៏បានជម្រាបថាក្នុងគម្រោងនេះនឹងមានវីដេអូផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ និងទីកន្លែងទេសចរណ៍របស់កម្ពុជាទៅដល់ពិភពលោកផងដែរ។

រូបភាព

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក Andrea Bocelli និងក្រុមការងារ ដែលបានជ្រើសរើសព្រះរាជាណាចក្រកម្ពុជាជាទីកន្លែងមួយនៃកម្មវិធីប្រគំតន្រ្តី STARS ASIA TOUR 2025-2026 ដែលជាការជ្រើសរើសដ៏ត្រឹមត្រូវជាមួយនឹងលោក Andrea Bocelli សិល្បករកម្រិតពិភពលោកសំដែងនៅមុខប្រាសាទ អង្គរវត្តដែលជាបេតិកភណ្ឌពិភពលោក ពិតជាព្រឹត្តការណ៍ដ៏អស្ចារ្យ និងអាចបញ្ជាក់យ៉ាងច្បាស់ពីស្ថានភាពប្រទេសកម្ពុជាមានសុខសន្តិភាព សេ្ថរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការគាំទ្រពេញទំហឹង និងស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្តល់កិច្ចសហការល្អ និងសម្របសម្រួល ដើម្បីឱ្យគម្រោង ប្រគំតន្រ្តី STARS ASIA TOUR 2025-2026 បានដំណើរការដោយរលូន និងជោគជ័យ។​

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរ លោក Marcos Bianchi នាយកគ្រប់គ្រងកម្មវិធីប្រគំតន្រ្តីរបស់លោក Andrea Bocelli និងសហការី មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការងារនៅព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]