ដំបូងបំផុតនៅក្នុងអារម្មណ៍របស់យើងពេលឮឈ្មោះថា "ទន្លេសិប្បនិមិ្មត" យើង​នឹងស្រមៃដល់ដងទន្លេដ៏វែងអន្លាយ​បត់បែនទៅតាម​ស្ថានភាពនៃ​ភូមិ​សាស្រ្ត និងប្របទៅដោយភោគផលកសិកម្មមានពណ៌ខៀវស្រងាត់គ្រប់រដូវ ។ ប៉ុន្តែទន្លេសិប្បនិម្មិតនៅទីនេះមិនដូចយើង​នឹកស្រមៃនោះឡើយ។ តែវា​គឺជាអាង ឬកូនបឹងតូចច្រឡឹងមួយស្ថិតនៅក្នុងតំបន់បុរីប្រជុំជននៃខេត្តត្បូងឃ្មុំ ។

លោក គង់ ឈុនលី នាយករងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំបានឱ្យដឹងថា "ទន្លេសិប្បនិមិ្មត" មានឈ្មោះដើមថា “អាងតាវ៉ាន់” ជា​កន្លែង​មានប្រភពទឹកចេញដោយធម្មជាតិ។ ប៉ុន្តែបន្ទាប់ពីអាងតាវ៉ាន់ ត្រូវបានរដ្ឋបាលខេត្តអភិវឌ្ឍន៍ ទីនេះ​បានផ្លាស់ប្តូរ​រូបរាងថ្មី​ហើយក៏ត្រូវបានប្រជាពលរដ្ឋមួយចំនួនដាក់ឈ្មោះថ្មីថា "ទន្លេសិប្បនិម្មិត"។ មូលហេតុដោយសារតែអាងតាវ៉ាន់ ដែលមានរាងដូចជាកូនបឹងមួយ បានក្លាយទៅជាមានរាងទ្រវែងបត់បែនប្រវែងជិតពីរគីឡូម៉ែត្រ។​ ដោយហេតុនេះ ទើបអាងតាវ៉ាន់មាន​ឈ្មោះរហូតដល់ទៅពីរ គឺមួយអាងតាវ៉ាន់ ដែលភាគច្រើនជាមនុស្សចាស់ដែលរស់នៅតំបន់នេះយូរមកហើយ និងទីពីរ ទន្លេ​សិប្បនិម្មិត ដែលក្មេងៗបច្ចុប្បន្ន ស្គាល់។​ ទន្លេសិប្បនិមិ្ម​តមានទីតាំងស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ទីរួមខេត្តត្បូងឃ្មុំ មានផ្ទៃក្រឡា ៤៥.៤ ហិកតា ប្រវែង ១៨០០ម៉ែត្រ និងទទឹងជាមធ្យម ៤០០ម៉ែត្រ, អាចផ្ទុកទឹកបាន ៣លានម៉ែត្រគូប ។បច្ចុប្បន្នជាប្រភពទឹកដ៏​សំខាន់សម្រាប់ផ្គត់ផ្គង់ដល់​ប្រជាពលរដ្ឋ​ជាងប្រាំម៉ឺននាក់ទៀតផង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ឈុនលី បានពន្យល់អំពីការអភិវឌ្ឍអាងតាវ៉ាន់ថា ​ក្នុងគោលបំណងប្រែក្លាយប្រភពធនធាននៅទីនេះឱ្យកាន់តែមាន​សារៈប្រយោជន៍​​សម្រាប់​សេដ្ឋកិច្ច ទេសចរណ៍ និងការរស់នៅ ទីស្ថាននេះត្រូវបានកាយពង្រីកនៅឆ្នាំ២០១៤ ហើយបាន​បញ្ចប់​ការដ្ឋាន​នៅចុង​ឆ្នាំ​២០១៦ ។​ ថវិកាសាងសង់ទន្លេសិប្បនិមិ្មត​នេះដែរ គឺជាថវិការបស់រដ្ឋទាំងស្រុងដែលចំណាយសរុបចំនួន ២០លាន​ដុល្លារ​អាមេរិក។

​ក្រោយការអភិវឌ្ឍទន្លេសិប្បនិមិ្មតឬអាងតាវ៉ាន់ មិនត្រឹមតែជាប្រភពផ្គត់ផ្គង់ទឹក ជាជម្រកនៃមច្ឆជាតិ វារីជាតិប៉ុណ្ណោះទេ ​តែទីនេះ​កំពុង​ទទួលបាន​ការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់ នៅក្នុងខេត្ត​ផ្ទាល់​និងអ្នកធ្វើដំណើរកម្សាន្តមកពីទីកន្លែងដទៃ​លើសម្រស់ដ៏ស្រស់ត្រកាលនៃទន្លេសិប្បនិម្មិត។​ អាងតាវ៉ាន់បានក្លាយរមណីយដ្ឋាន​ទេសចរណ៍មួយក្នុងមូលដ្ឋាន ហើយនឹងក្លាយទៅ​រមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញរបស់ខេត្តត្បូងឃ្មុំនាថ្ងៃអនាគត។

នាយករងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំបានបន្ថែមថា ក្រៅតែពីបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បច្ចុប្បន្នទន្លេ​សិប្ប​និមិ្មត​បានក្លាយជាផលិតផលទេសចរណ៍ដ៏សំខាន់មួយនៅក្នុងទីរួមខេត្ត ។​ រដ្ឋបាលខេត្តបានរៀប​ចំលម្អដោយសួនច្បារ រុក្ខជាតិ​ធំតូច ភ្លើងបំភ្លឺផ្លូវសាធារណៈនៅជុំវិញទន្លេ។​ ក៏មានការ​សាងសង់ស្តង់សម្រាប់សម្រួលដល់អាជីវករលក់ដូរ​ចំនួនជាង២០ស្តង់​ទៀតផង ។ ការរៀបចំនៅទីនេះដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងជាទីកន្លែងហាត់ប្រាណសម្រាប់សាធារណជន។

លោក គង់ ឈុនលី បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល​ខេត្តត្បូងឃ្មុំ លោកមានចក្ខុវិស័យទៅថ្ងៃអនាគត នឹងប្រែក្លាយតំបន់ទន្លេសិប្បនិមិ្មតនេះ ឱ្យក្លាយទៅជាតំបន់ វៃឆ្លាត(Smart area)។ មាន​ន័យថា ជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់គ្រាន់ សន្តិសុខសណ្ដាប់ធ្នាប់រឹងមាំ ព្រមទាំងមានបំពាក់សេវា​អ៊ិនធឺណិត​​​សាធារណៈ សម្រាប់ភ្ញៀវទេសចរ ក៏ដូចជាសិស្សនិស្សិតអាចទៅអង្គុយលេងលម្ហែកាយផង និងអាចស្រាវជ្រាវធ្វើកិច្ចការ​សាលា​បានផង ៕

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ
លោក គង់ ឈុនលី នាយករងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖: ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]