យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ឆៃ វ៉ាចារ៉ុនកេ (Chai Wacharonke) បានឱ្យដឹងថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសប្រមាណជិត ១៥លាននាក់ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ដែលកើនឡើង ៣៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្កើតប្រាក់ចំណូលបានជាង ៧០០ប៊ីលានបាត (ជាង ១៩ប៊ីលានដុល្លារអាម៉េរិក)។

អ្នកនាំពាក្យរូបនោះ បាននិយាយកាលពីពេលថ្មីៗនេះថា លោកនាយករដ្ឋមន្ត្រីថៃ ស្រេតថាថាវីស៊ីន កំពុងសម្លឹងមើលការលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ដោយផ្តល់អាទិភាពដល់ការលើកកម្ពស់គុណភាពបុគ្គលិក ដែលជាផ្នែកមួយនៃរបៀបវារៈនៃការអភិវឌ្ឍ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបាននិយាយបន្ថែមថា ក្រសួងទេសចរណ៍ និងកីឡា ក្រសួងការងារ និងក្រុមប្រឹក្សាទេសចរណ៍ថៃ នឹងរៀបចំព្រឹត្តិការណ៍បណ្តុះបណ្តាលនៅថ្ងៃទី១៥-១៦ ខែមិថុនា ដើម្បីបង្កើនជំនាញដល់បុគ្គលិកទេសចរណ៍។

នៅថ្ងៃដដែលនោះ លោកនាយករដ្ឋមន្រ្តី ស្រេតថា បានទៅទស្សនាការិយាល័យក្រុមហ៊ុន Agoda របស់ប្រទេសថៃ ដែលជាវេទិកាកក់សណ្ឋាគារដ៏ធំបំផុតរបស់ពិភពលោក ដែលលោកបានជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិ ដោយបង្ហាញក្តីសង្ឃឹមថា វេទិកានេះនឹងមានសារៈសំខាន់ក្នុងការធ្វើឱ្យឆ្នាំ២០២៥ ជាឆ្នាំដ៏សំខាន់សម្រាប់ឧស្សាហកម្មទេសចរណ៍ក្នុងស្រុក ដែលស្ថិតនៅលើផ្លូវឆ្ពោះទៅរកការស្តារឡើងវិញពេញលេញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

លោកក៏បានពិភាក្សាជាមួយអាកាសយានដ្ឋានថៃ (AoT) ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវេយអន្តរជាតិ និងក្រុមហ៊ុនអាកាសចរណ៍ថៃវៀតជេតអ៊ែរ ដើម្បីស្វែងរកមធ្យោបាយដើម្បីបង្កើនភាពញឹកញាប់នៃជើងហោះហើរទៅកាន់គោលដៅបរទេស និងផ្តល់ការបញ្ចុះតម្លៃថ្លៃសំបុត្រយន្តហោះបន្ថែមទៀតផងដែរ។ ប្រទេស​ថៃ​មាន​បំណង​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេសឱ្យបាន​ចំនួន ៣៥លាន​នាក់​នៅក្នុង​ឆ្នាំ​នេះ។

ប្រទេសចិនបានឈរនៅលំដាប់កំពូលក្នុងបញ្ជីអ្នកទេសចរបរទេសទៅកាន់ប្រទេសថៃ ដោយមានភ្ញៀវទេសចរចំនួន ២,៩១លាននាក់នៅចន្លោះពីខែមករាដល់ខែឧសភា៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]