ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ (RRC) នាថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ បានដាក់ឲ្យរថភ្លើង ដែលទិញពីជប៉ុន រត់សាកល្បងលើផ្លូវដែកភាគខាងត្បូង ព្រះសីហនុ-ភ្នំពេញ ដើម្បីពិនិត្យដំណើរការកង់ ប្រព័ន្ធហ្វ្រាំង និងការងារផ្សេងៗទៀតបណ្តើរៗតាមដំណាក់កាល នៃការរត់លើផ្លូវដែក ដើម្បីប្រាកដថាមានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ក្នុងដំណើរការសាកល្បងខាងលើ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ តាមដានការធ្វើតេស្តសាកល្បងរថភ្លើងប្រភេទ Kiha-183 ដែលត្រូវបានកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧ មិល្លីម៉ែត្រ មក១០០០ មិល្លីម៉ែត្រ រួចរាល់ចំនួន ៤គ្រឿង នៅខេត្តព្រះសីហនុ។

រូបភាព

គួរបញ្ជាក់ថា ក្រោយដឹកពីជប៉ុនតាមកប៉ាល់មកដល់កម្ពុជា រថភ្លើងនេះ ត្រូវបានត្រួតពិនិត្យ លើការងារកែតម្រូវកង់ និងប្រព័ន្ធហ្វ្រាំង ឱ្យស្របតាមស្តង់ដារផ្លូវដែកកម្ពុជាដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។

រូបភាព

ចំពោះការដាក់ឱ្យដំណើរការជាផ្លូវការ ក្រុមហ៊ុន RRC នឹងជម្រាបជូននាពេលបន្ទាប់ ដោយត្រូវបែងចែកការបើកបរសម្រាប់អ្នកដំណើរជាពីរ ក្នុងនោះផ្លូវរថភ្លើងភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h និងសម្រាប់ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ចន្លោះពី ៣០-៥០ km/h៕ 

រូបភាព

  ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]