កូរ៉េខាងត្បូង៖ នាថ្ងៃទី១២ខែមិថុនាមុននេះបន្តិច Jin ដែលជាសមាជិករបស់ក្រុមចម្រៀងបុរស BTS ដ៏ល្បីល្បាញ បានបញ្ចប់កាតព្វកិច្ចបម្រើយោធាជាផ្លូវការ និងបានវិលត្រឡប់មកវិញហើយ។
Jin បានបំពេញកាតព្វកិច្ចយោធាអស់រយៈពេល១៨ខែ ដោយអ្នកគាំទ្របានប្រទះឃើញរូបគេបានដើរចេញមកក្នុងឯកសណ្ឋានយោធា ជាមួយនឹងទឹកមុខពោរពេញដោយស្នាមញញិម ហើយអ្វីដែលកាន់តែពិសេសនោះ សមាជិក BTS ផ្សេងទៀតដូចជា J-Hope , RM, Jimin , V និង Jungkook ក៏សុទ្ធតែបង្ហាញវត្តមានមកអបអរសមាជិកបងធំរូបនេះដែរ។
ក្នុងនោះ J-Hope បានប្រគល់ផ្កាមួយបាច់ទៅឲ្យ Jin ហើយ RM ក៏បានលេងសាក់សូហ្វូន (Saxophone) ដើម្បីបង្ហាញពីជំនាញផ្នែកតន្ត្រីទៀតផង ស្របពេលសមាជិកទាំងអស់ដែលនៅជាប់បំពេញកាតព្វកិច្ចយោធានោះបានសុំច្បាប់សម្រាក១ថ្ងៃ ដើម្បីអបអរដល់ Jin។ ក្នុងនោះដែរ សកម្មភាពដំបូងរបស់ Jin បន្ទាប់ពីចាកចេញពីកាតព្វកិច្ចយោធាគឺនឹងមានកម្មវិធីចួបជុំអ្នកគាំទ្រ និងអាល់ប៊ុមទោលពិសេសទៀតផង។
យ៉ាងណាមិញ នាខែតុលាខាងមុខនេះ សមាជិក J-Hope ក៏នឹងបញ្ចប់ការបំពេញកាតព្វកិច្ចយោធាតាមពីក្រោយ Jin ផងដែរ ហើយនាឆ្នាំ២០២៥ គឺសមាជិកទាំងអស់របស់ BTS អាចនឹងបានចួបជុំគ្នាវិញហើយ៕
ប្រភព៖: korean-vibe
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]