នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ក្នុងមួយឆ្នំាៗ បានបណ្តុះ និងដាំកូនឈើពូជប្រណិតៗរាប់ម៉ឺនដើម ដើម្បីដាំដុះឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីឈើប្រណិតៗអាជ្ញាធរជាតិអប្សរាក៏បានគិតគូរចំពោះការដាំដុះនូវប្រភេទដើមឈើលម្អ ឬដើមឈើហូបផ្លែផ្សេងៗ ជាក់ស្តែង ត្នោតជាដើមឈើមួយតំណាងអត្តសញ្ញាណរបស់ខ្មែរ ក៏បានដាំដុះឡើងវិញផងដែរ។

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើមត្នោតក្រៅពីជាឈើបុរាណមានអាយុកាលដ៏យូរលង់ ជាអត្តសញ្ញាណរបស់ខ្មែរ ក៏មានការប្រើប្រាស់ច្រើនសម្បូរបែបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាំងពីដើមរហូតដល់ស្លឹក ដោយបងប្អូនប្រជាពលរដ្ឋអាចយកមកកែច្នៃជារបស់របរប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗលក់ឱ្យទេសចរ ចំណែកផ្លែត្នោត និងទឹកត្នោត សម្រាប់ធ្វើនំលក់ជាដើម។ តម្រូវការប្រើប្រាស់ដើមត្នោត បានកើនឡើងជាប្រចាំ ជាហេតុអាចប្រឈមនឹងការបាត់បង់ដើមឈើ ជាអត្តសញ្ញាណមួយនេះ បើសិនមិនមានការដាំដុះឡើងវិញនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ញ៉ែម រស្មី បញ្ជាក់ថា អនុវត្តតាមទស្សនវិស័យ និងការគិតគូរវែងឆ្ងាយរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មកដល់បច្ចុប្បន្ននេះដើមត្នោតដែលបានដាំដុះរួច និងកំពុងលូតលាស់យ៉ាងល្អប្រសើរលើដីនៃឧទ្យានអង្គរ មានចំនួនប្រមាណ៥ ០០០ដើមរួចមកហើយ។ ខណៈក្រុមការងារក៏កំពុងបណ្តុះនៅតាមស្ថានីយបណ្តុះកូនឈើនានា មានប្រមាណជាង២ ០០០ដើមបន្ថែម ដើម្បីត្រៀមដាំដុះនៅតាមទីតាំងក្បែរមាត់ប្រឡាយ និងទំនប់បុរាណ នារដូវវស្សាខាងមុខនេះ។

នៅពេលដើមត្នោតដែលបានដាំដុះក្នុងពេលកន្លងមក លូតលាស់ហើយអាចអាស្រ័យផលបាន បងប្អូនប្រជាពលរដ្ឋនៅក្បែរៗនោះអាចអាស្រ័យផល តាមរយៈការបេះផ្លែ និងទឹកត្នោត យកទៅទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន ប៉ុន្តែអាជ្ញាធរជាតិអប្សរា សូមសំណូមពរបងប្អូនមិនត្រូវកាប់ដើមត្នោតទាំងនោះជាដាច់ខាត ព្រោះថាដើមឈើទាំងនោះ ទម្រាំដាំដុះឱ្យធំលូតលាស់ផ្តល់ផលមកវិញ ចំណាយពេលមិនតិចជាង២០ឆ្នាំឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]