បន្ទាប់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសបើកជាផ្លូវការយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅលើទឹកដីក្រុងអង្គរនៃខេត្តសៀមរាប, សប្បុរសជនពីគ្រប់ទិសទីបាន និងកំពុងបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ដើម្បីគាំទ្រយុទ្ធនាការកៀរគរការបរិច្ចាគប្រចាំឆ្នាំដ៏សំខាន់មួយនេះ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

លោក ឃាន តួក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ិនធឺណិតក្រសួងព័ត៌មាន ថា គិតត្រឹមរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះ, មានសប្បុរសជនសរុបចំនួនប្រមាណ ១៥ម៉ឺន ៣ពាន់នាក់ បានចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ ដោយទទួលបានថិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ១ លាន ៦២ម៉ឺនដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីចូលរួមបរិច្ចាគ, សប្បុរសជនមួយចំនួនក៏បានចូលរួមផ្សព្វផ្សាយបន្ត ទាំងក្នុងលក្ខណៈជាបុគ្គលផ្ទាល់ និងតំណាងអង្គភាពនីមួយៗ។ ការផ្សព្វផ្សាយពីយុទ្ធនាការនេះ ក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គភាពសារព័ត៌មានានា, ក្រុមហ៊ុន-សហគ្រាស, ធនាគារដៃគូរបស់មូលនិធិ, បុគ្គលមានប្រជាប្រិយ និងតារាសម្ដែងផងដែរ។

ស្របពេលជាមួយគ្នានេះ, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ ក៏បាន និងកំពុងបំផុសចលនាកៀរគរការបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ ដែលផ្ដួចផ្ដើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ។

សូមរំលឹកជូនថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ មានគោលបំណង២ សំខាន់ៗ គឺ ១. ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា និង ២. ដើម្បីរំលឹក និងបំផុសចលនាកៀរគរការបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ក្នុងន័យរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប។ យុទ្ធនាការនេះ មានរយៈពេលពេញ ១ខែ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា ដែលមានន័យថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ នៅមានរយៈពេល ១៥ថ្ងៃទៀត មុននឹងដល់ថ្ងៃបិទបញ្ចប់។ ក្នុងន័យនេះ, សប្បុរសជនដែលមានបំណងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា, សូមមេត្តាចូលរួមផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះ តាមមធ្យោបាយរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬតាមរយៈលេខគណនី ដូចមានក្នុងរូប។ 

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]