ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤– «រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់ ជាពិសេសនៅតាមតំបន់ការដ្ឋានដែលត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗ ដូចក្នុងករណីការដាំដើមឈើបន្ថែមនៅចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងលិច និងគម្រោងស្ពានអាកាសមរតកតេជោ ជាដើម»។ នេះជាការស្នើរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “បើកការដ្ឋានស្ថាបនា ស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនិងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល” នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំក្រសួង-ស្ថាប័នជំនាញ និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តអនុវត្តដោយឈរ លើគោលការណ៍ជាអាទិភាព ចំនួន២ រួមមាន ៖

ទី១- បង្កើនល្បឿនការអភិវឌ្ឍទីក្រុង ដោយត្រូវដើរឱ្យបានមុនសេចក្តីត្រូវការរបស់ប្រជាជន និងបង្កើនការវិនិយោគស្របតាមប្លង់គោល ប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញឆ្នាំ២០៣៥

ទី២-ផ្តើមគិតពីកិច្ចការសាងសង់ ដោយសំណង់នីមួយៗឱ្យស្របតាមការវិវត្ត នៃតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

រូបភាព

សម្តេចធិបតី ក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈ ទំនើប, វ័យឆ្លាត និងសន្សំសំចៃខ្ពស់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានាក្នុងរាជធានីភ្នំពេញ, ដូចជា ការបំពាក់ កាមេរ៉ាសុវត្ថិភាព, អំពូលសូឡា និង ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាមសួនច្បារ សាធារណៈ ដើម្បីឱ្យទីក្រុងកាន់ តែមានភាពទាក់ទាញ ប្រណីត និងស័ក្តិសមជាទីក្រុងឆ្លាតអាស៊ាន៕

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]