ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជូនដំណឹងដល់សាធារណជន អំពី សេវាបន្ថែមលើការផ្តល់លិខិតឆ្លងដែនដូចខាងក្រោម៖

១. ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋនៅទីតាំងផ្តល់លិខិតឆ្លងដែន អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយបងប្អូនប្រជាពលរដ្ឋអាចចូលទៅកាន់គេហទំព័រ សេវាអត្តសញ្ញាណកម្ម ឬស្កេន QR Code ខាងក្រោមដើម្បីបំពេញបែបបទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយបំពេញបែបបទតាមប្រព័ន្ធអនឡាញរួច សាមីខ្លួនត្រូវអញ្ជើញទៅកាន់ទីស្នាក់ការ ឬ សាខាលិខិតឆ្លងដែនណាមួយតាមការកំណត់ ដើម្បីសម្ភាស ថតរូប ផ្តិតខ្មៅដៃ និងបង់សេវារដ្ឋបាល ដោយភ្ជាប់ជាមួយនូវពាក្យស្នើសុំ (តាមប្រព័ន្ធខាងលើ) និងឯកសារយោង។

២. ចំពោះប្រជាពលរដ្ឋមានជំងឺធ្ងន់ ឬចាស់ជរា ឬពិការភាព ដែលពុំអាចធ្វើដំណើរទៅកាន់ទីតាំងផ្តល់ សេវាដោយផ្ទាល់បាន សមាជិកគ្រួសារ ឬតំណាងអាចដាក់ពាក្យស្នើសុំទៅកាន់ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយនូវសំបុត្របញ្ជាក់ពីពេទ្យ ឬរូបថតអំពីស្ថានភាពនៃអ្នកជំងឺ ឬ ស្ថានភាពអ្នកស្នើសុំ។ គំរូពាក្យស្នើសុំផ្តល់សេវាលិខិតឆ្លងដែនក្រៅទីតាំងផ្លូវការ មានភ្ជាប់ជូនក្នុង ឧបសម្ព័ន្ធ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងពិនិត្យចាត់ក្រុមការងារ ចុះផ្តល់សេវាដល់ទីតាំង របស់សាមីខ្លួនដោយពុំគិតកម្រៃសេវាបន្ថែម សម្រាប់ទីតាំងនៅក្នុងរាជធានីភ្នំពេញ។

៣. សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានការងារមមាញឹកខ្លាំងនៅថ្ងៃធ្វើការ អាចអញ្ជើញទៅកាន់ ទីស្នាក់ការផ្តល់លិខិតឆ្លងដែននៅ ផ្សារទំនើបអ៊ីអន២ សែនសុខ នៅថ្ងៃចុងសប្តាហ៍ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ដើម្បីទទួលសេវា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទប្រចាំការសេវាអត្តសញ្ញាណកម្ម “១២៧១” រៀងរាល់ម៉ោងធ្វើការ (លើកលែងថ្ងៃឈប់សម្រាក )។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ប្រភព៖ ក្រសួងព័ត៌មាន

សេចក្តីជូនដំណឹង
ពាក្យស្នើសុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]