ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តគម្រោងជួសជុលជណ្ដើរ និងកម្រាល ជុំវិញដំបូលទបង្ហូរទឹកខាងកើត ខាងជើង និងខាងលិចរបស់ប្រាសាទនាគព័ន្ធ ដែលមានសភាពរងខូចខាតធ្ងន់ធ្ងរ ឱ្យប្រសើរឡើងវិញ។ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១។
ប្រភពអាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះបានឱ្យដឹងថា ការជួសជុលចាប់ដំណើរការតាំងពីដើមខែឧសភា ឆ្នាំ២០២៤ ដោយផ្ដោតទៅលើការងារសំខាន់ៗមួយចំនួនដូចជា ការជួសជុលពង្រឹងជណ្តើរខាងលិចនៃស្រះខាងកើត និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងកើត ជួសជុលជណ្តើរខាងត្បូងនៃស្រះខាងជើង និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងជើង ជួសជុលជណ្តើរខាងកើតនៃស្រះខាងលិច និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងលិច។
ចំណែកលោក ជា សារិទ្ធ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា បច្ចុប្បន្នជណ្ដើរ មានការបាក់ស្រុត ដោយសារកត្តាអាយុកាល រុក្ខជាតិដុះចាក់ចូលគ្រឹះ ធ្វើឱ្យរចនាសម្ព័ន្ធសំណង់រងការពុកផុយ ។ទឹកដែលហូរនាំដីខ្សាច់ខាងក្នុងសំណង់ចេញទៅក្រៅ ធ្វើឱ្យថ្មរមៀលចេញពីទីតាំងដើម ជាហេតុធ្វើឱ្យជណ្តើរបាត់លំនឹង។ ចំណែកឯ កម្រាលវិញ ក៏មានទឹកហូរលិចពីលើកម្រាលចុះទៅក្រោមថ្ម ធ្វើឱ្យចំណុចមួយនៃជ្រុងអាគ្នេយ៍ បានបាក់ស្រុត ធ្លាក់ចូលទឹកទាំងស្រុងធ្វើឱ្យបាត់លំនឹង។
លោក សារិទ្ធ បញ្ជាក់ទៀតថាវិធីសាស្ត្រនៃការជួសជុល គឺធ្វើទៅតាមផ្នែកណាដែលរងការខូចខាត និងទ្រុឌទ្រោមខ្លាំងតែប៉ុណ្ណោះ។ បន្ទាប់ត្រូវជួសជុលពង្រឹងគ្រឹះដីខ្សាច់ ដីច្រាំងស្រះ ទម្រជណ្តើរ និងទម្រកម្រាល នឹងត្រូវរៀបផ្គុំជណ្តើរ និងកម្រាលឡើងវិញ។
សូមជម្រាបថា ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន និងត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ ៨ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីពេទ្យ ព្រមទាំង មានរូបចម្លាក់ ៤ ទិសសម្រាប់ជាតំណាងឲ្យធាតុទាំង ៤ គឺ ធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង ។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ ៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺតែងបាត់បង់នូវធាតុណានីមួយនៃធាតុទាំង ៤ នៅពេលគេពិនិត្យឃើញថាអ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង ៤ គេតម្រូវឱ្យអ្នកជំងឺនោះទៅទទួលការព្យាបាលជំងឺស្របតាមធាតុនៃទិសទាំង ៤៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]