ដើម្បីកែលម្អ ក៏ដូចជាបន្ថែមសោភ័ណភាពក្នុងក្រុង ពិសេសបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនបន្ថែមទៀតនោះ អាជ្ញាធរខេត្តបាននិងកំពុងរៀបចំសាងសង់នាឡិកាកម្ពស់ប្រមាណ ៣៥ម៉េត្រ មុខនាឡិការមានទំហំមុខកាត់អង្កត់ផ្ចិតប្រមាណ ៩,៧ម៉ែត្រ ហើយរចនាបទនៃការសាងសង់គឺយករចនាបទខ្មែរសុទ្ធសាធ។ ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តកំពតក៏បានត្រៀមរៀបចំស្ថាបនាឆ្នេរខ្សាច់សមុទ្រមួយបន្ថែមទៀតផងដែរនាពេលខាងមុខនេះ។

 ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកបញ្ជាក់ថា ខេត្តកំពតគឺជាខេត្តប៉ូលទេសចរណ៍ដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ហើយក៏ជាខេត្តមួយក្នុងចំណោមខេត្តទាំងបួនដែលជាប់នឹងឆ្នេរសមុទ្រកម្ពុជា ដូច្នេះអាជ្ញាធរខេត្តនឹងជ្រើសយកការអភិវឌ្ឍន៍វិស័យទេសចរណ៍ជាចំបង។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោយពីទទួលបានការគាំទ្រ និងមានការកើនឡើងចំនួនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្ត បន្ទាប់ពីមានការស្ថាបនាឱ្យមានឆ្នេរខ្សាច់កម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ហើយដើម្បីកែលម្អ ក៏ដូចជាបន្ថែមសោភ័ណភាពក្នុងក្រុងកំពត ពិសេសបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនបន្ថែមទៀតនោះ អាជ្ញាធរខេត្តបាននិងកំពុងរៀបចំបុកគ្រឹះសាងសង់នាឡិកាកម្ពស់ប្រមាណ ៣៥ម៉េត្រ មុខនាឡិការមានទំហំមុខកាត់អង្កត់ផ្ចិតប្រមាណ ៩,៧ម៉ែត្រ ហើយនាឡិការនេះត្រូវបានសាងសង់តាមរចនាបទខ្មែរសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅតាមដងព្រែកកំពង់បាយ មុខសាលាខេតឈៀងខាងត្បូង ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត។

រូបភាព

ទន្ទឹមនឹងនោះដែរ ស្របពេលជាមួយនឹងការសាងសង់នាឡិកានេះដែរ អាជ្ញាធរខេត្តកំពតក៏បាននឹងកំពុងរៀបចំស្ថាបនាឆ្នេរខ្សាច់សមុទ្រមួយបន្ថែមទៀត ដែលមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីកំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងស្រុកទឹកឈូ ដើម្បីឱ្យខេត្តមួយនេះមានឆ្នេរសមុទ្រឱ្យភ្ញៀវទេសចរមកលេងកម្សាន្តដូចខេត្តបីផ្សេងទៀត។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតរំពឹងថា ក្រោយពីសាងសង់នាឡិកា និងស្ថាបនាឆ្នេរខ្សាច់កម្សាន្តក្នុងខេត្តរួចហើយ កំណើនសេដ្ឋកិច្ចក្នុងខេត្ត ពិសេសចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើងតាមរយៈវិស័យទេសចរណ៍។

រូបភាព

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា ក្រោយពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានណែនាំឱ្យមានការកែលម្អសោភ័ណភាពនៅតាមកន្លែងកម្សាន្តទាំងអស់ក្នុងខេត្ត ការកែច្នៃតំបន់សក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ និងបានស្ថាបនាឆ្នេរខ្សាច់កម្សាន្តជាច្រើនកន្លែង ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក បានធ្វើឱ្យកំណើនភ្ញៀវទេសចរណ៍មកសម្រាកកម្សាន្តក្នុងខេត្តមានការកើនឡើងគួរឱ្យកត់សម្គាល់។ លោកប្រធានមន្ទីរបានឱ្យដឹងបន្ថែមថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តបាននិងកំពុងបុកគ្រឹះសាងសង់នាឡិកាកម្ពស់ ៣៥ម៉ែត្រ ក្នុងន័យបង្កើនសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរបន្ថែម ហើយលោករំពឹងថា ក្រោយនាឡិកានេះសាងសង់រួចរាល់ ភ្ញៀវទេសចរនឹងមានកំណើនច្រើនជាងមុន។ សូមរំលឹកថា ក្រោយពីមានសមិទ្ធផលទេសចរណ៍ដែលបង្កើតឡើងដោយរដ្ឋបាលខេត្ត ក្នុងមួយសប្តាហ៍ៗមានភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តកំពតចន្លោះពី ៤ម៉ឺននាក់ ទៅ ៥ម៉ឺននាក់ ដែលបានធ្វើឱ្យចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង និងមានភាពធូធារជាងមុនតាមរយៈការទទួលផលពីវិស័យទេសចរណ៍៕

ប្រភព៖​ មន្ទីរព័ត៌មានខេត្តកំពត

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]