ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤--ក្រុមជម្រើសជាតិទូកនាគកម្ពុជាចំណុះ១២នាក់ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿងជូនជាតិលើវិញ្ញាសាប្រណាំងចម្ងាយ២០០ម៉ែត្រ នៅក្នុងការប្រកួតកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival នៅប្រទសរុស្ស៊ី នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។

នេះបើយោងតាមការបញ្ជាក់ប្រាប់ពីលោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិទូកនាគកម្ពុជា តាមប្រព័ន្ធតេឡេក្រាម នារសៀលថ្ងៃទី២៩ ខែមិថុនានេះ។ ក្នុងវិញ្ញាសាប្រណាំងចម្ងាយ២០០ម៉ែត្រនេះ ចំណុះ១២នាក់នេះ គឺក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដណ្តើមបានចំណាត់ថ្នាក់លេខ១ មេដាយមាស, ឥណ្ឌូណេស៊ីដណ្តើមចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងកម្ពុជាដណ្តើមបានចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ ខណៈកម្ពុជា នៅសល់២វិញ្ញាសាទៀត គឺវិញ្ញាសា ៥០០ម៉ែត្រ និង ២០០០ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តម ចាយ ស៊ីជឿន អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលបន្ទុកប្រធានប្រតិភូរបស់កម្ពុជាបានគូសបញ្ជាក់មកថា ជម្រើសជាតិទូកនាគកម្ពុជា ព្រឹត្តិការណ៍អន្តរជាតិ នៅប្រទេសរុស្ស៊ី នេះមាន៩ប្រទេសចូលរួម ក្នុងនោះ ម្ចាស់ផ្ទះ រុស្ស៊ី កម្ពុជា ឥណ្ឌូណេស៊ី ម៉ាយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌា អ៊ូសបេគីស្ថាន វៀតណាម និង ម៉ាឡេស៊ី ខណៈដែលប្រទេសរុស្ស៊ីម្ចាស់ផ្ទះមានច្រើនទូកចូលរួម។

ឯកឧត្តម ចាយ ស៊ីជឿន បន្ថែមទៀតថា ក្នុងចំណោមប្រទេសចូលរួមទាំង៩នេះ គឺមានប្រទេសខ្លាំងចំនួន២ គឺប្រទេសឥណ្តូនេស៊ី និងប្រទេសមីយ៉ាន់ម៉ា សុទ្ធសឹងជាប្រទេសដែលធ្លាប់ដណ្តើមបានមេដាយពីការប្រកួតកីឡាអាស៊ី និងស៊ីហ្គេម។

គួរបញ្ជាក់ថា ការប្រកួតកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) នៅប្រទេសរុស្ស៊ីដំណើរការប្រកួតពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងនោះកម្ពុជាចូលរួមលើ៣វិញ្ញាសាទូកនាគបុរសចំណុះ១២នាក់ វិញ្ញាសា ២០០ម៉ែត្រ ៥០០ម៉ែត្រ និង២០០០ម៉ែត្រ៕

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]