មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ខេត្តកែបប្រមូលផលនេសាទបានប្រមាណ ២.៧០០តោន ក្នុងនោះផលនេសាទទឹកសាបចំនួន ៦០តោន ហើយទិន្នផលនៅតែកើនតែ ក្នុងចំនួនតិច។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រជានេសាទខេត្តកែប បានបង្ហាញក្តីកង្វល់លើបញ្ហាប្រឈមចំនួន ៣ពាក់ព័ន្ធការ នេសាទនេះ ទី១. នេសាទមិនសូវបាន, ទី២. ទីផ្សារឡើងចុះតាមមាត់ឈ្មួញ និងទី៣. ការប្រើអួនឆក់ និងអួនអូសរនាស់របស់អ្នកនេសាទវៀតណាមលួចឆ្មក់ ចូលមកនេសាទក្នុង ដែនទឹករបស់ខ្មែរ។ តែយ៉ាងណា មន្ត្រីជំនាញបានបញ្ជាក់ថា បញ្ហារបស់ប្រជានេសាទត្រូវបាន អាជ្ញាធរខេត្ត និងជំនាញយកចិត្តទុកដាក់ ហើយបាន និងកំពុងដោះស្រាយឱ្យកាន់តែ ប្រសើរហើយដែរ។

រូបភាព

លោក​ ខេង​ ជា ប្រជានេសាទរស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានបង្ហាញបញ្ហាប្រឈមរបស់ខ្លួនថា ពួកគាត់ប្រកបរបរនេសាទច្រើនឆ្នាំមកហើយ ពីមួយឆ្នាំ ទៅមួយឆ្នាំធនធានសមុទ្រកាន់តែថយចុះ ហើយការនេសាទថ្ងៃខ្លះបាន ថ្ងៃខ្លះអត់ ប៉ុន្តែរដូវ វស្សាការនេសាទបានច្រើនជាងរដូវប្រាំងបន្តិច។ ពួកគាត់បញ្ជាក់ថា ការថមថយផល នេសាទនេះ ដោយសារកត្តាអភិវឌ្ឍន៍តំបន់ឆ្នេរ និងការប្រើឧបករណ៍ខុសច្បាប់ដូចជាអួនឆក់ និងអួនអូសរនាស់របស់ប្រជានេសាទវៀតណាម ដែលលួចចូលមកក្នុងដែនទឹករបស់ខ្មែរ បំផ្លាញដល់រុក្ខជាតិ និងសត្វនៅបាតសមុទ្រទាំងធំ ទាំងតូចឱ្យផុតពូជ។ ដោយឡែក ចំពោះបញ្ហាទីផ្សារគ្រឿងសមុទ្រក៏មិនសូវល្អដែរ។

រូបភាព

លោក ភឺន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកែប បានប្រាប់ឱ្យដឹងថា ខេត្តកែបមានសហគមន៍នេសាទចំនួន៥ និងមានទូកនេសាទចំនួន ៥៩៤ទូក ផលនេសាទ ខេត្តកែបមានការកើនឡើងបន្តិចបន្តួច ជាងរាល់ឆ្នាំ។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ផលនេសាទមានចំនួន ២.៧០០តោន ក្នុងនោះផលនេសាទទឹកសាបចំនួន ៦០តោន។ ចំពោះបញ្ហាដែលប្រជានេសាទដែលបានលើកឡើងនោះ មន្ត្រីជំនាញជលផលបាន យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងបំណងដើម្បីរក្សានិរន្តរភាព នៃផលនេសាទរបស់ខេត្តកែប។

មន្ត្រីជំនាញបញ្ជាក់ថា វិស័យកសិកម្ម ក្នុងនោះការងារនេសាទ គឺជាវិស័យស្នូល សំខាន់ទី២របស់ខេត្តកែប បន្ទាប់ពីវិស័យទេសចរណ៍ ហើយរដ្ឋបាលខេត្តកែប ក៏ដូចជា មន្ទីរជំនាញ បាន និងកំពុងយកចិត្តទុកដាក់ និងលើកទឹកចិត្តឱ្យពលរដ្ឋ ក៏ដូចប្រជានេសាទ ទាំងអស់ឱ្យងាកមកធ្វើវារីវប្បកម្មឱ្យបានច្រើន ព្រោះតម្រូវការគ្រឿងសមុទ្រកាន់តែកើនឡើង បើពឹងតែលើធនធានធម្មជាតិ មិនអាចផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់នោះទេ ពិសេសត្រូវរៀន កែច្នៃគ្រឿងសមុទ្រផងដែរ ដើម្បីលក់បានតម្លៃខ្ពស់ជាងមុន៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]