ក្រសួងវប្បធម៌ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា វត្ថុបុរាណ ខ្មែរចំនួន១៤រូប ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET) នៅសហរដ្ឋអាមេរិក មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការ ប្រគល់ជូនមកកម្ពុជាវិញ កាលពីខែធ្នូ ឆ្នាំ២០២៣។

ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំ រវាងក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុង ញូវយ៉ក (SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) និងតំណាងសារមន្ទីរ MET។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វត្ថុបុរាណខ្មែរទាំងនេះមានដូចជា ទេពស្រី(នាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០គ.ស. ដែលជារូបចម្លាក់ដ៏ល្អ ឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ នៅឆ្នាំ២០២១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរកឃើញប្រអប់ជើងនៃ បដិមានេះនៅរមណីយដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួចបញ្ជាក់ថា បដិមា នេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុត រូបចម្លាក់នាងឧមាអាចផ្តុំជាមួយគ្នាឡើងវិញជារូបបដិមាតែមួយ ពេញលេញ និងល្អវិចិត្រ។

ចម្លាក់ដ៏កម្រ និងជាស្នាដៃឯកមួយទៀតគឺ បដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ចុងសតវត្សរ៍ទី១០ ដើម១១គ.ស ដែលសារមន្ទីរ MET បានទិញបដិមានេះពីលោក Douglas Latchford នៅក្នុងឆ្នាំ១៩៩២។ វត្ថុបុរាណដ៏សំខាន់មួយទៀត នោះ គឺព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី១០គ.ស. ដែលកម្ពុជាតែងព្យាយាមស្វែងរក ដើម្បីយកមកផ្តុំឡើង វិញជាមួយនឹងដងខ្លួន បច្ចុប្បន្នកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។ ព្រះកេសនេះប្រហែលត្រូវបានគេលួចនៅក្នុង ទសវត្សរ៍១៩៩០ រីឯដងខ្លួនត្រូវបានគេរកឃើញនៅក្នុងស្ទឹងមួយក្នុងទសវត្សរ៍១៩៣០ ក្នុងខេត្តបាត់ដំបង៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]