ធនាគារ HH BANK បានកត់សម្គាល់ឃើញថា ថ្មីៗនេះមាន គេហទំព័របន្លំមួយដែលបានប្រើឈ្មោះ HH Bank Cambodia បោកបញ្ឆោត បានបន្លំជាគ្រឹះស្ថានធនាគារ ហេងហ៊ី (ខេមបូឌា) ខមមើសល ប៊ែង ម.ក បានធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គម អូសទាញប្រជាពលរដ្ឋឱ្យប្រើ សេវាកម្ចី អនឡាញ តាមរយៈទំព័រហ្វេសប៊ុក ។
លោកនាយក នាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃធនាគារ HH BANK បានអោយដឹងថា ជនឆបោកបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយប្រើឈ្មោះ HH Bank Cambodia និងក្លែងបន្លំជាបុគ្គលិកធនាគារ ដោយចម្លងយករូបថតបុគ្គលិក ដើម្បីទាក់ទងទៅជនរងគ្រោះតាមរយៈតេឡេក្រាម (Telegram) ក្នុងការផ្តល់សេវាកម្ចីអនឡាញ និងបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្ញើប្រាក់ទៅពួកគេតាមរយៈ ខេអេច ឃ្យូអរ (KHQR) ។ ជនឆបោកបានបង្កើតគេហទំព័របន្លំដែលមានឈ្មោះថា Khmersp.com ដែលធ្វើឱ្យជនរងគ្រោះច្រឡំថាជាកម្មវិធីធនាគារលើទូរសព្ទដៃរបស់ធនាគារ HH BANK ដោយឆបោកឱ្យជនរងគ្រោះបញ្ចូលលេខទូរសព្ទ និងលេខសម្ងាត់នានា នៅពេលជនរងគ្រោះចុចលើតំណ ឬលីង នៃការផ្សព្វផ្សាយឆបោកក្នុងទំព័រហ្វេសប៊ុក។
លោកបានបន្ថែមថា «យើងទទួលបានការរាយការណ៍តាមបណ្តាញ Facebook ផ្លូវការរបស់យើង ដោយមានជនរងគ្រោះខ្លះត្រូវបានជនឆបោក បោកប្រាស់អស់រាប់ពាន់ដុល្លា និងមានជនរងគ្រោះមួយចំនួនបានមកដល់ទីស្នាក់ការផ្ទាល់របស់ធនាគារ ហើយយើងបានសម្របសម្រួលឱ្យជនរងគ្រោះធ្វើការដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ» ។
ធនាគារ HH BANK បានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបានក្រើនរំលឹកដល់សាធារណៈជន ឱ្យប្រុងប្រយ័ត្នការណែនាំ កុំអោយផ្ទេរប្រាក់ បង់ប្រាក់សម្រាប់សេវាណាមួយ តាមរយៈការស្កេន KHQR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា ដល់ជនឆបោកទាំងនោះ។
សមាគមធនាគារនៅកម្ពុជា ក៏បានចេញ សេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះដើម្បីឱ្យសាធារណៈជនប្រុងប្រយ័ត្នខ្ពស់ និងបញ្ជាក់ច្បាស់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុស្របច្បាប់និងផ្លូវការ មិនមានគោលការណ៍សុំឲ្យអតិថិជនរបស់ខ្លួនផ្តល់លេខសម្ងាត់ធនាគារ ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួនណាមួយឡើយ ។
គួរបញ្ជាក់ផងដែរថា ទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ HH BANK គឺមានឈ្មោះថា HH BANK (https://www.facebook.com/hhbank.com.kh) ឬ ធនាគារ HH BANK (https://www.facebook.com/hhbank.careers)និងគេហទំព័រ(វែបសាយ)គឺ hhbank.com.kh រីឯលេខទូរសព្ទ ទំនាក់ទំនងគឺមានតែ មួយខ្សែតែប៉ុណ្ណោះគឺ 023 99 7777 ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]