ហាងឆេងមាសនាពេលបច្ចុប្បន្នមានតម្លៃ២,៣៦៥ ដុល្លាអាមេរិកក្នុងមួយអោននៅក្នុងទីផ្សារអន្តរជាតិ ឬស្មើរនិង ២,៨៥៣ ដុល្លាក្នុងមួយតម្លឹងសម្រាប់ទីផ្សារជួញដូរក្នុងប្រទេសកម្ពុជា។ នេះជាតម្លៃដែលបានហក់ឡើង បើធៀបនឹងតម្លៃកាលដើមឆ្នាំនេះ។
ប៉ុន្តែលោក ឡុង សំណាង ជាប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link securities បានប្រាប់ក្រុមការងារផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអិនធើណេតក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ១១ កក្តដានេះថា តម្លៃមាសនឹងបន្តហក់ឡើងថ្លៃនាពេលអនាគតដោយសារកត្តានយោបាយនៅលើសកលលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនេះទៀតលោក ឡុង សំណាងបានរំលឹកឡើងវិញថា តម្លៃមាសធ្លាប់មានប្រវត្តិខ្ពស់ជាងនេះទៀត ពោល តម្លៃហាងឆេងមាស ធ្លាប់ឡើងដល់ ២,៤៤៩ ដុល្លាក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬ ស្មើរនិង ២,៩៥០ដុល្លាក្នុង មួយតម្លឹងនៅប្រទេសកម្ពុជា ខណៈនោះប្រទេសជិតខាងបានលក់ចេញបានរហូតដល់ ៣,០០០ដុល្លា កាលពីខែ មិថុនា ឆ្នាំ ២០២៤ ថ្មីៗកន្លងទៅនេះ ។
ជាមួយគ្នានោះ លោក ឡុង សំណាង បានបន្តថាមានកត្តាជាច្រើនដែលបណ្តាលអោយតម្លៃមាសមានការប្រែប្រួលក្នុងនោះមានកត្តាភូមិសាស្រ្តនយោបាយ ដែលពាក់ពន្ធ័ជាមួយនឹង សង្រ្គាមរវាង រុស្ស៊ី និង អ៊ុយក្រែន ដែលរាំរៃអស់រយៈពេលជាយូរ ក៏ដូចជាសង្រ្គាម រវាងប៉ាឡេស្ទិននិង អ៉ីស្រាអែល ហើយក៏នៅមានប្រទេសមួយចំនួនទៀតដែលកំពុងតែមានភាពតានតឹងលើភូមិសាស្រ្តនយោបាយ ។
ម៉្យាងវិញទៀត លោកក៏បានបង្ហាញអោយឃើញថាអ្វីដែលសំខាន់ជាងនេះទៅទៀតដែលធ្វើអោយតម្លៃមាសហក់ឡើងគឺ ការជះឥទ្ធពលពីកត្តាកំណត់អត្រាការប្រាក់ លុយដុល្លាសហរដ្ឋអាមេរិក។ លោកបញ្ជាក់ថាបច្ចុប្បន្នការប្រាក់លុយដុល្លាសហរដ្ឋអាមេរិកមានអត្រា ៥.៥ ភាគរយ គឺជាអត្រាការប្រាក់មួយដ៏ខ្ពស់ ។
បើទោះបីជាគេរំពឹងថា អត្រាការប្រាក់នេះនឹងមានការធ្លាក់ចុះក្នុងឆ្នាំនេះ ប៉ុន្តែរហូតមកដល់ពេលនេះធនាគារកណ្តាល សហរដ្ឋអាមេរិក នៅមិនទាន់មានការកាត់បន្ថយអត្រាការប្រាក់នេះនៅឡើយទេ ដោយសាតែអត្រា អតិផរណារបស់ធនាគាកណ្តាលមួយនេះមិនទាន់ធ្លាក់ចុះដល់ការរំពឹងទុកជាង២ភាគរយនៅឡើយ ។
យ៉ាងណាក៏ដោយ លោកបានបន្តថា នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះធនាគារកណ្តាលបានបង្ហាញការតាំងចិត្តថា នឹងធ្វើការកាត់បន្ថយអត្រាការប្រាក់ ពី ៥,៥០ ភាគរយមកនៅត្រឹម ៥,២៥ ឬ ៥,០០ ភាគរយតែម្តង ។
លោកប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link securities បានគូសបញ្ជាក់ថា ប្រសិនបើធនាគារកណ្តាលអាមេរិក មានការកាត់បន្ថយអត្រា ការប្រាក់នេះមែន. នោះវានឹងធ្វើអោយប្រាក់ដុល្លាអាមេរិកធ្លាក់ថ្លៃ គឺនៅពេលនោះហើយមាសដែលទិញដូរគិតជាប្រាក់ដុល្លាអាមេរិកនឹងមានតម្លៃហក់ឡើងថ្លៃខ្ពស់បន្ថែមទៀត យ៉ាងពិតប្រាកដ៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]