ភ្នំពេញ៖ កាលពីថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ក្របខណ្ឌរដ្ឋទៅដល់ លោក គង់ បុរាណ ដែលជាកូនប្រុសរបស់ លោកគ្រូ ព្រឹទ្ធាចារ្យ គង់ ណៃ ទៅតាមសំណូមពរ ដែលលោកជាកូនប្រុសតែម្នាក់គត់ ក្នុងចំណោមបងប្អូន១០នាក់ ដែលមានជំនាញចាប៉ីបន្ដវេនពីលោកឪពុក។

នៅក្នុងនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា៖
" ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន។

ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ។
ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ។
សូមជូនពរប្អូនប្រុស ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ។"

ដោយយោងតាមការប្រកាសនេះដែរ លោក គង់ បុរាណ នឹងទទួលបានក្របខណ្ឌរដ្ឋ ដើម្បីបន្ដវេនក្នុងវិស័យចាប៉ីដងវែង បន្ដពីលោកឪពុក ដែលជាចាស់ព្រឹទ្ធាចារ្យ ចាប៉ីដងវែង ដែលលោកទើបនឹងបានចែកឋាន កាលពីខែមិថុនា កន្លងទៅនេះ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]