ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១២ខែកក្កដាកន្លងទៅនេះ កម្មវិធីប្រកួតបវរកញ្ញាឯកដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា Miss Grand Cambodia បានរកឃើញម្ចាស់មកុដហើយ ដែលបានទៅលើកញ្ញា ប៊ី សុធារី (Bee Sotheary)។
កញ្ញា សុធារី ជាអ្នកតំណាងឲ្យខេត្តកំពង់ឆ្នាំង ដែលមានទាំងចំណេះដឹងនិងទេពកោសល្យ ហើយក្រៅពីនោះ កញ្ញាក៏ធ្លាប់មានបទពិសោធក្រាស់ក្រែលក្នុងការប្រកួតបវរកញ្ញាផងដែរ ដោយកញ្ញាធ្លាប់ជា បវរកញ្ញាចក្រវាឡកម្ពុជា (Miss Universe Cambodia)ឆ្នាំ២០១៧ ដំបូងគេដែលតំណាងឲ្យកម្ពុជា ទៅប្រកួត Miss Universe នៅលើឆាកអន្តរជាតិ។
ក្រៅពី សុធារីជាម្ចាស់មកុដ បវរកញ្ញាដែលបានជាប់ Top ទាំង៤នាក់ផ្សេងទៀត ដែលត្រូវបានជ្រើសរើសដោយគណៈកម្មការនោះគឺ លំដាប់រងទី១ Miss Grand ស្វាយរៀង, លំដាប់រងទី២ Miss Grand សៀមរាប, លំដាប់រងទី៣ Miss Grand រតនគិរី និងលំដាប់រងទី៤ Miss Grand បាត់ដំបង។
ដោយឡែក បើនិយាយពីកញ្ញា រី លីណា ជាបេក្ខភាព Miss Grand ស្វាយរៀង វិញគឺកាលពីយប់មិញនេះ កញ្ញាពិតជាធ្វើបានល្អ និងបានបង្ហាញចំណេះដឹងព្រមទាំងភាពជឿជាក់ រហូតបានកាន់ដៃកញ្ញា ប៊ី សុធារី ទៀតផង។ យ៉ាងណាមិញ ទោះជាមិនបានមកុដធំរបស់ Miss Grand Cambodia ក្ដីតែកញ្ញាទទួលបានលំដាប់រងទី១ នាំឲ្យមានការសាទរក៏ដូចជាកោតសរសើរពីសំណាក់មហាជន។
មិនអស់ត្រឹមនេះនោះទេ ក្រោយពីបញ្ចប់ការប្រកួតដល់វគ្គថតរូបនោះ កញ្ញា រី លីណា បានបង្ហាញទង្វើដ៏កក់ក្ដៅមួយទៅកាន់ម្ចាស់មកុដ ដោយបានកាន់ទូរស័ព្ទជួយថតឲ្យកញ្ញា ប៊ី សុធារី ជាមួយនឹង លោក Nawat និងថ្នាក់ដឹកនាំ Miss Grand ដែលស្ដែងឲ្យដឹងថា ទោះនាងមកប្រកួតប្រជែងជាមួយសុធារីក្ដី តែការប្រកួតប្រជែងនេះមានតែនៅលើឆាកប៉ុណ្ណោះ។ នៅខាងក្រោយឆាក ពួកគេគឺជាមិត្តដ៏ល្អ និងមានទឹកចិត្តជួយជ្រោមជ្រែងគ្នាទៅវិញទៅមក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]