រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រគំតន្ត្រី នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ១៦:០០នាទី លុះដល់វេលាម៉ោង ១៩:០០នាទី មានការអុជកាំជ្រួចលើកទី១ និង លើកទី២នៅវេលាម៉ោង ២១:០៩នាទី នៅទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ តកូនចៅជំនាន់ក្រោយ និងប្រទេសកម្ពុជាទាំងមូលរាប់ពាន់ឆ្នាំតទៅមុខ និងបន្តអនុវត្តគម្រោងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃ។

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងពិធីអបអរសាទរ ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ស្នើបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ជុំវិញទីតាំងប្រគំតន្ត្រី ខាងលើ មេត្តាយោគយល់ អធ្យាស្រ័យ ព្រោះទីតាំងនេះនឹងមានចរាចរមមាញឹកខ្លាំង ដោយសារមធ្យោបាយ ធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមទស្សនាការប្រគំតន្ត្រីយ៉ាងច្រើនកុះករនេះ។ ដោយឡែក ចំពោះសាឡង់ដឹកខ្សាច់ ទូក កប៉ាល់គ្រប់ប្រភេទ និងកាណូតដឹកភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលធ្វើនាវាចរ ឆ្លងកាត់ទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង ត្រូវធ្វើនាវាចរដោយរក្សាគម្លាតយ៉ាងតិចចម្ងាយ ២០០ម៉ែត្រ ពី សាឡង់អុជកាំជ្រួច នៅក្នុងអំឡុងពេលម៉ោងអុជកាំជ្រួចដូចបានជម្រាបជូនខាងលើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]