រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ មានកម្ពស់ ១៣,៥១ម៉ែត្រ ដែលសង្កេតឃើញថាមានការកើនឡើងជាបន្ដបន្ទាប់ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ននូវកម្ពស់ ១៣,៥០ម៉ែត្រ។
ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងអស់ និងបងប្អូនដែលរស់នៅតាមបណ្ដោយដងស្ទឹងសែន ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗដែលចាំបាច់ឱ្យបានត្រឹមត្រូវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំផែនការអន្ដរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព ក្នុងអំឡុងពេលដែលមានគ្រោះមហន្ដរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀត ត្រូវធ្វើការផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្ដាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ដើម្បីឆ្លើយតបករណីមានគ្រោះមហន្ដរាយកើតឡើង ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]