គំនិតផ្តួចផ្តើមបង្កើតគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានលើកឡើងដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ បានអនុម័តហើយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរ ការអនុវត្តគម្រោងនេះឡើង។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅទីបំផុតនៅថ្ងៃទី៥ សីហា ២០២៤នេះ បានសម្រេចសម្ពោធបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្រ្ត។

ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុន

វិនិយោគ ១,៧០០លានដុល្លារ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ ពោលគឺបញ្ចប់នៅឆ្នាំ២០២៨ខាងមុខនេះ។

រយៈពេលនេះការដ្ឋានត្រូវសង់ផ្លូវទឹកប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើម ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល តាកែវ កំពត និងកែប។

សំណង់ព្រែកជីកហ្វូណនតេជោ នេះចែកចេញជាពីរផ្នែកគឺ ផ្នែកទី១ ជាកំណាត់ផ្លូវទឹក «ព្រែកតាកែវ-ព្រែកពោធិ៍» មានចម្ងាយ ២១គីឡូម៉ែត្រ និងផ្នែកទី២ ជាកំណាត់ផ្លូវទឹក «ទន្លេបាសាក់ត្រង់ចំណុចព្រែកពោធិ៍-សមុទ្រខេត្តកែប» មានចម្ងាយ ១៥៩គីឡូម៉ែត្រ។

ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រវែង ៨០ម៉ែត្រ និងជម្រៅទឹក ៥,៤ម៉ែត្រ (នាវា មានជម្រៅទឹក ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) ចែកជា ២គន្លង សម្រាប់នាវាចូលនិងចេញ ចៀសគ្នាបានដោយសុវត្ថិភាព។ សាងសង់ផ្លូវអមសងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមាន បំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។

ទន្ទឹមនេះ ត្រូវសង់សន្ទះផ្លូវទឹក ចំនួន៣កន្លែង ដែលមួយកន្លែងស្ថិតនៅខេត្តកណ្តាល មួយកន្លែង ស្ថិតនៅខេត្តតាកែវ និងមួយកន្លែងទៀតស្ថិតនៅភូមិសាស្ត្រខេត្តកែប ដើម្បីធានាទប់ស្កាត់ការ ជ្រៀត ចូលនៃទឹកប្រៃជាយថាហេតុ ទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ។

រូបភាព

ជាមួយគ្នានេះ ត្រួវសង់ស្ពានចំនួន១១កន្លែងឆ្លងកាត់ពីលើព្រែក ដើម្បីសម្រួលផ្លូវគមនាគមន៍។

យោងតាមផែនការមេសម្រាប់ការអភិវឌ្ឍពហុវិស័យនៃគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវសាងសង់សំណង់មួយចំនួនទៀតរួមមាន៖ កំពង់ផែយុទ្ធសាស្ត្រ ១កន្លែង, កំពង់ផែរណប ៥កន្លែង, កំពង់ផែទេសចរណ៍ ១៥កន្លែង, តំបន់សេដ្ឋកិច្ចពិសេស ៦កន្លែង, មជ្ឈមណ្ឌល ភស្តុភារកម្ម ៣កន្លែង,

តំបន់សម្រាប់ការ អភិវឌ្ឍនគរូបនីយកម្មទីក្រុង បុរីទំនើប និងអគារពាណិជ្ជកម្មចម្រុះ, យានដ្ឋាននាវា ៣កន្លែង, ការវិនិយោគលើការតភ្ជាប់ ខ្សែដឹកជញ្ជូនទេសចរណ៍ក្នុងតំបន់ខេត្តកណ្តាល តាកែវ កំពត និងកែប។

នៅពេលគម្រោងនេះបញ្ចប់នៅឆ្នាំ២០២៨ ព្រែកជីកជាប្រវត្តិសាស្ត្រនេះនឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដ៏ធំមហិមាសម្រាប់សង្គមកម្ពុជា៕  

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]