ក្រសួងសុខាភិបាល សូមជម្រាបជូនថា បច្ចុប្បន្នក្រសួងសង្កេត ឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណមួយ ចំនួនដូចជា ផលិតផល បាណាបា ផលិតផល Gymnova ផលិតផល Hypoly និងផលិតផលផ្សេងៗទៀត តាមបណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, Tik Tok… ដែលនិយាយបំផ្លើសថាអាចព្យាបាលជំងឺទឹកនោម ផ្អែមជាសះស្បើយដោយមិនចាំបាច់ប្រើប្រាស់ឱសថសម័យ ជាការមិនពិតឡើយ។ ក្រសួងសុខាភិបាល សូមបញ្ជាក់ថាការផ្សព្វផ្សាយផលិតផលទាំងនេះគឺជាការភូតកុហក ដោយពុំមានហេតុផលវេជ្ជសាស្ត្រត្រឹមត្រូវ ម្យ៉ាងទៀតផលិតផលទាំងនោះពុំមានចុះបញ្ជីកានៅក្រសួងសុខាភិបាលឡើយ។

ក្រសួងសុខាភិបាល សូមបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផល បំប៉នសុខភាព និងឱសថបុរាណដូចជា ផលិតផល Gymnova ផលិតផល បាណាបា ផលិតផល Hypoly និង ផលិតផលផ្សេងទៀត ដែលបានអះអាងថាអាចព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ចាក់អាំងស៊ុយលីន និងប្រើឱសថសម័យ គឺជាការផ្សព្វផ្សាយបំផ្លើស ភូតកុហក បោកប្រាស់ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ ច្រឡំ រហូតដល់ការទិញផលិតផលទាំងនោះមកប្រើប្រាស់ សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមដែលអាច មានផលប៉ះពាល់ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់សុខភាព ដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

• មិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ដែលនាំឱ្យជាតិស្ករក្នុងឈាមមិនប្រក្រតី ហើយអាចបណ្តាលឱ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ និងមានផលវិបាកដល់អាយុជីវិតចំពោះមុខ និងរយៈពេលវែង។

• ការយឺតយ៉ាវក្នុងការទទួលបានការព្យាបាលបានត្រឹមត្រូវ ដោយការពឹងផ្អែកលើការព្យាបាលដែល គ្មានប្រសិទ្ធភាព អាចបង្កើនហានិភ័យ និងផលវិបាកជាច្រើនដូចជា នាំឱ្យមានជំងឺសរសៃប្រសាទ ជំងឺសរសៃបាតភ្នែក ជំងឺសរសៃឈាមបេះដូង និងងាយទទួលការឆ្លងមេរោគ ជាដើម។

• ការខូចខាតសរីរាង្គបណ្តាលមកពីការប្រើប្រាស់ឱសថ ឬផលិតផលបំប៉នសុខភាព ឬឱសថបុរាណគ្មានចុះបញ្ជីកា ដែលអាចមានសារធាតុប៉ះពាល់ដល់សរីរាង្គដូចជា ថ្លើម និងតម្រងនោម ជាពិសេសប្រសិនបើលេបរយៈពេលយូរ ឬក្នុងកម្រិតខ្ពស់។

• កង្វះអាហារូបត្ថម្ភ ដោយការព្យាបាលមិនសមស្របមួយចំនួនអាចពាក់ព័ន្ធនឹងការរឹតបន្តឹងរបបអាហារ ដែលអាចនាំឱ្យមានកង្វះអាហារូបត្ថម្ភធ្វើឱ្យការគ្រប់គ្រងជំងឺទឹកនោមផ្អែមកាន់តែមានភាពស្មុគស្មាញ។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលសូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកជំងឺ ទឹកនោមផ្អែមទាំងអស់ត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងធ្វើការព្យាបាលឱ្យបាន ត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រនៅតាមមន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត។

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]